ភ្នំពេញៈ ក្រសួង​មុខងារ​សាធារណៈ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) កាលពី​ថ្ងៃទី​ ២១ ខែកក្កដា បាន​បើក​ទំព័រ​ថ្មី​លើ​កិច្ចសហប្រតិបត្តិការ​គ្នា​ក្នុង​វិស័យ​ការងារ​ចំនួន​ ៤ ដើម្បី​ផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព បរិយាប័ន្ន និង​ឆាប់រហ័ស​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​ស្ដីពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ភាគី​ទាំង​ ២​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ការចុះហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​លោក Nick Beresford តំណាង​និវេសនដ្ឋាន UNDP ប្រចាំ​កម្ពុជា​ព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជាន់ខ្ពស់​របស់​ស្ថាប័ន​ទាំង ២ ​ចំនួន ៣០ រូប​ទៀត​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា​៖ «​ពិធី​ចុះ​អនុស្សរណៈ​នេះ គឺ​ដើម្បី​បើក​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង ២ ក្នុង​ការចូលរួម​កែទម្រង់​រដ្ឋបាល​សាធារណៈ និង​ពិសេស​ជំរុញ​នវានុវត្តន៍​ និង​បរិយាប័ន្ន​ក្នុង​វិស័យ​សាធារណៈ តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី​លើ​ផ្នែក​នវានុវត្តន៍ ការបង្កើត​យន្តការ​ស្ថាប័ន​សម្រាប់​មន្ត្រី​សាធារណៈ​ក្នុង​ការសាកល្បង​គំនិត​ច្នៃប្រឌិត ដើម្បី​កែលម្អ​សេវាកម្ម​សាធារណៈ និង​ការជំរុញ​ទំនើបកម្ម​នៃ​ការផ្តល់​សេវាសាធារណៈ​»​។

លោក ព្រុំ សុខា ថ្លែង​ក្នុងពេល​ចុះ​អនុស្សរណៈ​នេះ​ថា​៖ «​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ ២ ធ្វើ​ឡើង​ក្នុង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​រួម​គឺ​ការពង្រឹង​អភិបាលកិច្ច​ល្អ នីតិរដ្ឋ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ក៏​ដូច​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​កំពុង​រង​ផលប៉ះពាល់​បណ្តាល​មកពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩»​។

លោក Nick Beresford បាន​លើកឡើង​ថា​៖ «​នវានុវត្តន៍​ក្នុង​វិស័យ​សាធារណៈ​អាច​កើតឡើង​បាន មិនមែន​ពឹងផ្អែក​តែ​ទៅលើ​ឧបករណ៍ ឬ​វិធីសាស្ត្រ​ថ្មីៗ​នោះទេ​។ យើង​ចាំបាច់​ត្រូវ​យល់ច្បាស់​អំពី​សារៈសំខាន់​នៃ​ការបង្កើត​បរិយាកាស​សមស្រប​ក៏ដូចជា​សារៈសំខាន់​នៃ​ជំនាញ និង​ផ្នត់គំនិត​ដែល​ជំរុញ​ដល់​នវានុវត្តន៍​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា ភាគី​ទាំង​ ២ ​បាន​ព្រមព្រៀង​គ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ចំនួន ៤ គឺ​ទី ១- ​ការបង្កើត​ និង​ការអនុវត្ត​មូលនិធិនវានុវត្តន៍​ក្នុង​វិស័យ​សាធារណៈ​។ ទី​ ២- ​ការរៀបចំ​កម្មវិធីសិក្សា​ស្តីពី​នវានុវត្តន៍​ក្នុង​វិស័យ​សាធារណៈ​សម្រាប់​សាលា​ភូមិន្ទ​រដ្ឋបាល​។ ទី​ ៣- ​ការលើក​កម្ពស់​ការផ្តល់​សេវាសាធារណៈ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល និង​នវានុវត្តន៍​ប្រកប​ដោយ​បរិយាប័ន្ន​នៅក្នុង​រដ្ឋបាល​សាធារណៈ និង​ទី​ ៤- ​ការកែសម្រួល​នីតិវិធី​នៃ​ការផ្តល់​សេវាសាធារណៈ​អាទិភាព​មួយចំនួន​។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​លោក ព្រុំ សុខា និង លោក Nick Beresford បាន​ប្តេជ្ញា​ពូន​ជ្រំ​ទំនាក់ទំនង​ស្ថាប័ន​ទាំង​ ២ ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ព្រមទាំង​ផ្តល់​ការគាំទ្រ​ និង​លើក​ទឹកចិត្ត​ឱ្យ​ក្រុមការងារ​បច្ចេកទេស​នៃ​ស្ថាប័ន​ទាំង​ ២ បំពេញ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ដូច​មាន​កំណត់​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នេះ​ឱ្យបាន​សម្រេច​ជា​ផ្លែផ្កា​ជូន​ប្រជាជន​ និង​សង្គម​កម្ពុជា​។

សេចក្ដី​ប្រកាស​នេះ​បញ្ជាក់ថា UNDP ធ្លាប់​បាន​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការ​ពង្រឹង​​នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ តាំងពី​ការចាប់​ផ្តើម​រៀបចំ កម្មវិធី​ជាតិ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​ដំបូង​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ប៉ុន្តែ​ទំនាក់ទំនង​នោះ​ត្រូវ​បានបញ្ចប់​នៅ​ឆ្នាំ​ ២០០៦ តាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដែល​បាន​ចុះ​នាពេល​នោះ​៕