
អ្នកចូលរួមយុទ្ធនាការកាត់បន្ថយការប្រើថង់ប្លាស្ទិកនៅខេត្តបាត់ដំបងកាលពីថ្ងៃអង្គារ។ ហេង ជីវ័ន
បាត់ដំបងៈ ក្រសួងបរិស្ថាន បានយកខេត្ដបាត់ដំបង ដើម្បីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកលើកដំបូងរួចបន្ដទៅខេត្ដសៀមរាប និងព្រះសីហនុ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ខណៈ ដែលមន្ត្រីរបស់ក្រសួងនេះ អះអាងថា ការគ្រប់គ្រងសំរាមមានភាពល្អប្រសើរជាងមុន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា៖ «ក្រសួងបរិស្ថាន លើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក តាមរយៈគោលការណ៍ 3R គឺការកាត់បន្ថយ ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ។ ការប្រើប្រាស់ថង់បរិស្ថាន ឬថង់រួមសម្រាប់វេចខ្ចប់ទំនិញ»។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា៖ «ក្រសួងបរិស្ថានក៏លើកទឹកចិត្តឱ្យមានការកែច្នៃសំរាមឡើងវិញឱ្យបានច្រើន ដើម្បីកាត់បន្ថយអាត្រាសំរាមទៅចាក់ចោលនៅទីលាន ព្រោះសំរាមក៏បានផ្តល់ផលសេដ្ឋកិច្ចដែរ»។
លោកស្រី ងិន លីណា អគ្គនាយិកានៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ក្នុងពេលបើកយុទ្ធនាការ «ការកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិកនិងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាន» ខេត្តបាត់ដំបងកាលពីថ្ងៃអង្គារថា កាកសំណល់ថង់ប្លាស្ទិក គឺជាបញ្ហាមួយ ដែលពិបាកដោះស្រាយ និងវាថែមទាំងបានបង្កនូវផលប៉ះពាល់ដល់បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ អនាម័យ សោភណភាពទីក្រុង និងមុខមាត់របស់ប្រទេសកម្ពុជាទាំងមូលទៀតផង។
លោកស្រីថ្លែងថា៖ «នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ គ្រប់ទិសទីជាពិសេសប្រជាជនដែលរស់នៅទីប្រជុំជនក្រុងបាត់ដំបង បានយល់ដឹង និងចូលរួម ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងយល់ដឹងចំពោះផលប៉ះពាល់នៃសំណល់ប្លាស្ទិក បង្កើនប្រសិទ្ឋភាពកាត់បន្ថយការនាំចូល ការផលិតការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក គឺសំដៅធានាឲ្យបាននូវកិច្ចគាំពារសុខភាពសាធារណៈបរិស្ថាន និងសោភណ ភាពនៅតាមទីប្រជុំជន»។
លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង លើកឡើងក្នុងយុទ្ធនាការនោះថា យុទ្ធនាការថ្ងៃនេះ គឺជាការឆ្លើយតបក្នុងគោលបំណង ផ្តោតសំខាន់លើការផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា។
លោកបន្តថា៖ «តាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យ របស់រាជ រដ្ឋាភិបាល «ស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក» ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ ការផ្ដល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃជូនដល់អតិថិជន និងចូលរួមចំណែក លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន នៅតាមសហគមន៍ផលិតកន្ត្រក កញ្ឆេផងដែរ»។
បើតាមលោក នេត្រ ភក្ត្រា ការកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាននេះគ្រោងរៀបចំនៅក្នុងខេត្តចំនួន ៣ ដោយចាប់ផ្តើមនៅខេត្តបាត់ដំបង បន្ទាប់មកបន្ដទៅខេត្តសៀមរាប ខេត្តព្រះសីហនុ ជាបន្ដបន្ទាប់ទៀត។
លោកឱ្យដឹងថា តាមការប៉ាន់ប្រមាណនៅទូទាំងប្រទេសកម្ពុជា សំរាមសំណល់រឹងនៅតាមទីប្រជុំជន ដែលបានបង្កើត គឺមានប្រមាណជាង ១ ម៉ឺនតោនក្នុង ១ ថ្ងៃ ដែលនៅក្នុងនោះ នៅរាជធានីភ្នំពេញ មានប្រមាណជិត ៣ ពាន់ តោនក្នុង ១ ថ្ងៃ នៅក្រុងសៀមរាប សំរាមដែលត្រូវបានបង្កើតឡើងមានប្រមាណជិត ៣៥០ ទៅ ៤០០ តោននៅក្នុង ១ ថ្ងៃ និងនៅក្រុងព្រះសីហនុ មានប្រមាណពី ៦០០ ទៅ ៦៥០ តោនក្នុង ១ ថ្ងៃ។
លោកបន្តថា៖ «បច្ចុប្បន្ននេះការគ្រប់គ្រងសំរាមសំណល់រឹងនៅតាមទីប្រជុំជននៅទូទាំងប្រទេសមានភាពល្អប្រសើរជាងមុន ប៉ុន្តែមិនទាន់បានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបរិមាណសំណល់ដែលបានបង្កើតឡើងនិងមានកំណើនជារៀងរាល់ថ្ងៃនេះទេជាពិសេសការប្រមូល ដឹកជញ្ជូន និងការទុកដាក់ចុងក្រោយ»។
ដោយឡែកប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ ប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ ១០ ថង់ក្នុង ១ ថ្ងៃហើយមានថង់ប្លាស្ទិក ប្រមាណជា ១០ លានថង់បានប្រើប្រាស់ជារៀងរាល់ថ្ងៃ។ នេះបើតាមការបញ្ជាក់ពីក្រសួងបរិស្ថាន។
ទាក់ទងនឹងបញ្ហាសំរាមនេះ កាលពីថ្ងៃទី ២៩ ខែ មេសា នៅទីស្តីការក្រសួងបរិស្ថាន លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ការបង្កើតគំរូអាជីវកម្មសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាពសម្រាប់សំណល់ដែលអាចកែច្នៃឡើងវិញ នៅខេត្តបាត់ដំបងដោយផ្តោតសំខាន់លើសំណល់ប្លាស្ទិកនិងសរីរាង្គ» រវាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និង អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ជាកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសរវាងស្ថាប័នទាំង ២។
កិច្ចព្រមព្រៀងនេះ រួមបញ្ចូលគ្នារវាងគោលដៅគម្រោងរបស់វិទ្យាស្ថាន GGGI ដែលផ្តោតលើការកែលម្អម៉ូដែលអាជីវកម្មនៅក្នុងការកែច្នៃសំរាម និងគោលដៅគម្រោងរបស់អង្គការ UNIDO ដែលផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។
វិទ្យាស្ថាន GGGI ជាអ្នកធ្វើការសិក្សាស្រាវជ្រាវនិងអង្គការ UNIDO ជាអ្នកធ្វើការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងនៅក្នុងក្រុងបាត់ដំបង ហើយអង្គការ UNIDO នឹងអនុវត្តជាទ្រង់ទ្រាយធំនូវកម្មវិធីបង្កើតឡើងដោយ GGGI សម្រាប់ការញែកសំរាមដែលអាចកែច្នៃបាននៅតាមផ្ទះប្រជាពលរដ្ឋ៕