ភ្នំពេញ៖ ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៃ​ក្រសួង​យុត្ដិធម៌ កំពុង​ស្នើ​គោលការណ៍​រៀបចំ​សិក្ខាសាលា​លើក​ចុង​ក្រោយ​ជុំ​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​ពិនិត្យ ពិភាក្សា​ចុង​ក្រោយ លើ​ឯកសារ​ទស្សនាទាន​នៃ​ការ​រៀបចំ​បបង្កើត​គោល​នយោបាយ​នេះ។ នេះ​បើ​តាម​លោក ជិន ម៉ាលីន។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ កាល​ពី​ម្សិលមិញ​ដឹកនាំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ឯកសារ​ទស្សនាទាន ស្ដីពី​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​តាម​ប្រព័ន្ធ​អនឡាញ។

លោក ជិន ម៉ាលីន ថ្លែង​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ នៅ​ថ្ងៃ​នេះ​ថា៖ «យើង​នឹង​រៀបចំ​សិក្ខាសាលា​លើក​ទី៦ នាពេល​ខាង​មុខ ដែល​ជា​សិក្ខាសាលា​ចុង​ក្រោយ​បញ្ចប់ ដើម្បី​ពិភាក្សា​ទៅ​លើ​ឯកសារ​ទស្សនាទាន​នេះ។ កាលបរិច្ឆេទ​នៃ​ការ​រៀបចំ​សិក្ខាសាលា​លើក​ទី៦ ពេល​ណា​ជាក់លាក់ គឺ​យើង​មិន​ទាន់​កំណត់​ទេ។ ប៉ុន្ដែ គឺ​យើង​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ គឺ​ក្រោយ​ពី​បាន​ការ​ឯកភាព​គោលការណ៍​ណែនាំ​ពី​ឯកឧត្ដម​រដ្ឋមន្រ្ដី»។

លោក​បាន​បញ្ជាក់​ថា សិក្ខាសាលា​លើក​ទី៦ នាពេល​ខាង​មុខ​នេះ គឺ​នឹង​ប្រមូល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មក​ជុំគ្នា ដើម្បី​ពិនិត្យ ពិភាក្សា ចុង​ក្រោយ​ទៅ​លើ​ឯកសារ​ទស្សនាទាន​នៃ​ការ​រៀបចំ​បង្កើត​គោល​នយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ។

បើ​តាម​លោក ជិន ម៉ាលីន សិក្ខាសិលា​ពិគ្រោះ​យោបល់​ចុង​ក្រោយ​លើក​ទី៦ លើ​ឯកសារ​ទស្សនាទាន​ដែល​រៀបចំ​ឡើង​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ នឹង​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមមាន អន្តរ​ក្រសួង​ពាក់ព័ន្ធ ស្ថាប័ន​តុលាការ គណៈ​មេធាវី គ្រឹះស្ថាន​អប់រំ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មុន​នឹង​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង​យុត្តិធម៌​ពិនិត្យ និង​សម្រេច។

លោក​បាន​ឱ្យ​ដឹង​ថា សិក្ខាសាលា​ ៥ លើក​កន្លង​មក គឺ​ក្រុម​ការងារ​បច្ចេកទេស​បាន​ធ្វើ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​នោះ​រួមមាន សិក្ខាសាលា​មួយ​ជាមួយ​ក្រុម​អ្នក​ជំនាញ​នៃ​ក្រសួង​យុត្ដិធម៌ សិក្ខា​សាលា​ជាមួយ​ក្រុម​មេធាវី​វិជ្ជាជីវៈ សិក្ខាសាលា​ជាមួយ​អន្តរ​ក្រសួង ស្ថាប័ន​រដ្ឋ​ដែល​ពាក់ព័ន្ធ និង​សិក្ខាសាលា​មួយ​ជាមួយ​ដៃគូ​អភិវឌ្ឍ និង​សង្គម​ស៊ីវិល។

លោក​បាន​ថ្លែង​ថា ការ​រៀបចំ​បង្កើត​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ គឺ​ជា​ផ្នែក​មួយ​នៃ​យន្តការ​ដែល​មាន​ចរិត​លក្ខណៈ​ជា​យុទ្ធសាស្ដ្រ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដែល​នឹង​ត្រូវ​យក​មក​ប្រើ នៅ​ពេល​យុទ្ធនាការ​ដោះស្រាយ​បញ្ហា ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី-ខេត្ដ​ត្រូវ​បាន​បញ្ចប់។

បើ​តាម​លោក ជិន ម៉ាលីន រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌ លោក កើត រិទ្ធ ក្រោយ​ឡើង​កាន់​តំណែង​បាន​ផ្ដោត​សំខាន់ និង​ដាក់​កម្មវិធី​អាទិភាព​សម្រាប់​ក្រសួង​លើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្ដិធម៌ គឺ​ការ​រៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ។

លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កាល​ពី​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​នេះ ដោយ​បាន​តែងតាំង​លោក ជិន ម៉ាលីន ជា​ប្រធាន​ក្រុម​ការងារ។ ការ​បង្កើត​គោលនយោបាយ​នេះ គឺ​ជា​ការ​អនុវត្ត​នូវ​កម្មវិធី​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ដោយ​បង្ខិត​សេវា​យុត្តិធម៌​ឱ្យ​ទៅ​ជិត​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី-ខេត្ដ។

រាជរដ្ឋាភិបាល​កាល​ពី​ថ្ងៃទី ២៩ ខែ​មករា ឆ្នាំ​នេះ បាន​សម្រេច​លើក​កម្រិត គោល​នយោបាយ «ភូមិ-ឃុំ-សង្កាត់ មាន​សុវត្ថិភាព» ជា​គោល​នយោបាយ​ជាតិ ក្នុង​នោះ​ការ​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព៕