ភ្នំពេញៈ ​ក្រសួង​យុត្តិធម៌​បានធ្វើ​កំណែទម្រង់ ៣+១ ដែល​ជា​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ,កំណែទម្រង់​រដ្ឋបាល​សាធារណៈ​រួមគ្នា​ជាមួយ​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធយុត្តិធម៌​ ដើម្បី​ឈាន​ទៅ​រក​យុទ្ធសាស្ត្រ​រួម​សម្រាប់​អនុវត្តតាម​កំណែទម្រង់​កម្មវិធី​ទាំង ៤ របស់​រដ្ឋាភិបាល។

កាលពី​រសៀល​ថ្ងៃទី ៤ ឧសភា លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ដឹកនាំ​ក្រុម​ការងារ​លេខាធិកាដ្ឋាន​កែទម្រង់​ច្បាប់​ និង​ប្រព័ន្ធយុត្តិធម៌​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​កែទម្រង់ ៣+១ នេះ តាមរយៈ Video Conference។ កិច្ចប្រជុំ​នេះ​ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ស្តីពី​ការកែសម្រួល​យន្ត​ការកែ​ទម្រង់ ៣+១ និង​ការរៀបចំ​ទស្សនាទាន​ស្តីពី​ចក្ខុវិស័យ​ និង​យុទ្ធសាស្ត្រ​រួម​នៃ​កម្មវិធី​កែទម្រង់ ៣+១។

លោក ជិន ម៉ាលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃនេះ​ថា កន្លងទៅ​រាជរដ្ឋាភិបាល​មាន​កម្មវិធី​កែទម្រង់​ចំនួន ៤ ​ធំៗ​ទៅលើ​វិស័យ​ទាំង ៤ នេះ​ដោយ​វា​បាន​ដើរទៅ​មុខ​រៀងៗ​ខ្លួន​ដាច់ពីគ្នា។ ដូច្នេះ កំណែទម្រង់​ទាំង ៤ នេះ​គឺអាច​មាន​ការជាប់​ពាក់ព័ន្ធ​ ឬ​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ដែលជា​ហេតុ​នាំឲ្យ​ក្រសួង​យុត្តិធម៌​ត្រូវ​ពិចារណា​ពិនិត្យ​លើ​លទ្ធភាព​នៃ​ការកែសម្រួល​យន្ត​ការកែ​ទម្រង់ ៣+១ នេះ។

លោក​បញ្ជាក់ថា៖ «ដើម្បី​ឲ្យ​អាច​មាន​ភាពស៊ីគ្នា​អាច​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​បាន គំនិត​ផ្តួចផ្តើម​នេះ​ក៏មាន​យន្តការ​សម្រប​សម្រួល​ការងារ​កំណែទម្រង់​ទាំង ៤ នេះ​ដោយ​ប្រើពាក្យ ៣+១ ដោយសារ​តែ​កំណែទម្រង់​ចំនួន ៣ គឺ​មាន​ភាពស៊ី​គ្នា​ច្រើន​ពាក់ព័ន្ធ​នឹង​សេវាសាធារណៈ។ ក៏ប៉ុន្តែ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ គឺ​ខុសគេ ដែល​ពិបាក​នឹង​បន្ស៊ី​គ្នា ព្រោះ​ទាក់ទង​នឹង​សេវា​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ ដែល​ខុសប្លែក​ពី​គេ​បន្តិច»។

យ៉ាងណា លោក ជិន ម៉ាលីន បាន​អះអាង​ថា បើ​ទោះ​វិស័យ​​ទាំង ៣ មាន​ភាព​ខុសគ្នា​ខ្លះ​ជាមួយ​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌។ ប៉ុន្តែ​ក៏មាន​ផ្នែក​ខ្លះ​អាច​សហការ​គ្នា​បាន​ដោយ​លោក​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​នឹង​រៀបចំ​យន្តការ​ ដើម្បី​សហការ​គ្នា​រវាង​កំណែទម្រង់​ទាំង ៤ ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធ ក៏ដូចជា​ឯកសារ​ក្នុង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ឈាន​ទៅ​រក​យុទ្ធសាស្ត្រ​រួម​សម្រាប់​អនុវត្ត​នាពេល​ឆាប់ៗ​ខាងមុខ​នេះ។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​សាទរ​ចំពោះ​កំណែទម្រង់ ៣+១ របស់​ក្រសួងយុត្តិធម៌​ដែលជា​ដំណើរការ​មួយ​ទៅមុខ​ល្អ ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកែទម្រង់​អភិបាលកិច្ច​ល្អ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​បន្តថា តាមរយៈ​យុទ្ធសាស្ត្រ​លម្អិត​របស់​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ក្នុង​ពេល​កន្លង​មក​នេះ​គឺ​បាន​ដំណើរការ​ទៅមុខ​បាន​យ៉ាង​ល្អប្រសើរ។ ប៉ុន្តែ​ក៏​នៅមាន​ចំណុច​មួយចំនួន ដែល​ទាមទារ​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់​បន្ថែម​ ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់​ជាង​មុន ដូចជា​ជំរុញ​ឲ្យ​មាន​ការត្រួតពិនិត្យ តាមដាន ការគ្រប់គ្រង​ថវិកាជាតិ និង​ស្ថាប័ន​ឯករាជ្យ​នានា ដែល​មាន​តួនាទី​ក្នុង​ការតាមដាន​សកម្មភាព​ទាំងអស់​នៃ​កំណែទម្រង់​របស់​រដ្ឋាភិបាល​នេះ។

លោក ប៉ិច ពិសី បាន​បញ្ជាក់ថា៖ «ចំណុច​ស្នូល​ដែលជា​យុទ្ធសាស្ត្រ​កំណែទម្រង់​គ្រប់​វិស័យនេះ គឺ​ការរៀបចំ​យុទ្ធសាស្ត្រ និង​ការងារ​ជាក់លាក់​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ ការស៊ីសំណូក​សូកប៉ាន់​នៅតាម​វិស័យ​ទាំងអស់​នេះ»។

លោក​បាន​បន្ថែមថា៖ «វា​គឺជា​បញ្ហា​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ ដើម្បី​អាច​សន្សំ​ថវិកាជាតិ​ផង និង​ប្រើប្រាស់​ថវិកាជាតិ​ឲ្យ​ចំ​គោលដៅ ព្រោះ​ថវិកាជាតិ​មាន​តិច​ស្រាប់ ហើយ​អាច​បង្កើន​សេវា​សាធារណៈ​ឲ្យ​ប្រសើរ​ដល់​ប្រជាពលរដ្ឋ និង​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​បាន​លឿន»៕