ភ្នំពេញៈ ក្រសួង​យុត្ដិធម៌​ជឿជាក់​ថា នឹង​អាច​បិទ​បញ្ចប់​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំ​រឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ត​នៅមុន​ដំណាច់​ឆ្នាំនេះ​ក្រោយ​លទ្ធផល​ ១០០ ​ថ្ងៃ​ នៃ​ការអនុវត្ដ​យុទ្ធនាការ​នេះ សម្រេច​បាន ៨ ១១៣ ​សំណុំរឿង​ដែល​បាន​កកស្ទះ​កន្លងមក​។ នេះ​បើតាម​លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​។

លោក ជិន ម៉ាលីន បាន​ថ្លែងថា​៖ «​នៅក្នុង​រយៈពេល​នៃ​ការអនុវត្ដ​យុទ្ធនាការ​ ១០០ ​ថ្ងៃ​នេះ​ក្រុម​ការងារ​យើង​មិនមាន​ការជួប​ប្រទះ​បញ្ហា​ប្រឈម​​អ្វី​ទេ ព្រោះ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​យល់ច្បាស់​ពី​គោលបំណង និង​វិធានការ​ដែល​ត្រូវ​អនុវត្ដ​នៅក្នុង​យុទ្ធនាការ​នេះ​»​។

លោក​បន្តថា ក្រុមការងារ​បាន​អនុវត្ដ​ត្រឹមត្រូវ​ទៅ​តាម​យន្តការ និង​វិធានការ​ទៅតាម​យុទ្ធនាការ​ដែល​បាន​ដាក់​ចេញ​ក្នុង​នោះ​មាន​ការចូលរួម​សហការ​ល្អ ដោយ​មាន​ការលះបង់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ ផ្អែក​តាម​លទ្ធផល​នៃ​ការអនុវត្ដ​យុទ្ធនាការ​រយៈពេល ១០០ ​ថ្ងៃ​នេះ​រួម​នឹង​ការចូលរួម​សហការ​បាន​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​លោក​ ម៉ាលីន ​ជឿជាក់​ថា សំណុំ​រឿង​ទាំងអស់​ដែល​នៅ​កកស្ទះ​តាម​សាលាដំបូង​រាជធានី-ខេត្ដ​ នឹង​ត្រូវ​បញ្ចប់​ជា​អតិបរមា​ ឬ​ ១០០ ​ភាគរយ​នៅមុន​ដំណាច់​ឆ្នាំនេះ​។

ក្នុង​នាម​ប្រធាន​ក្រុមការងារ​ទី​ ៤ ​នៃ​ការអនុវត្ដ​ការងារ​នេះ​លោក ម៉ាលីន ក៏បាន​អរគុណ​ដល់​សមាជិក​ក្រុមការងារ​ទាំងអស់​ព្រម​ទាំង​សាលាដំបូង​ទាំង​ ៥ ​នៃ​ខេត្ត​ប៉ែក​និរតី​ប្រទេស​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​សហការគ្នា​បាន​យ៉ាង​ល្អ សម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​នាំមុខគេ ទូទាំង​ប្រទេស​ក្នុង​រយៈពេល ១០០ ​ថ្ងៃ​ នៃ​ការអនុវត្ដ​យុទ្ធនាការ​នេះ​។

លោក​ កើត រិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌​បាន​ប្រកាស​បើក​យុទ្ធនាការ​នេះ កាលពី​ថ្ងៃទី ​១៨ ខែឧសភា ​កន្លងទៅ ក្រោយពី​រកឃើញ​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​សាលាដំបូង​រាជធានី-ខេត្ដ​កំពុង​ចាត់ការ​សរុប​ចំនួន ៣៩ ១៥២ សំណុំ​រឿង​។ ក្នុងពេល​បើក​យុទ្ធនាការ​នេះ លោក​រដ្ឋមន្ដ្រី​រំពឹង​ថា នឹង​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា​ដំបូង រាជធានី-ខេត្ដ​បាន​ប្រមាណ​ពី ៥០ ​ទៅ ៧០ ​ភាគរយ​ក្នុង​រយៈពេល ៦ ​ខែ​។

លោក​ ម៉ាលីន បញ្ជាក់ថា​៖ «​ដូច្នេះ​អ្វី​ដែល​ត្រូវធ្វើ​បន្ត​លើ​ការងារ​នេះ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​អនុវត្ដ​ទៅ​តាម​ស្មារតី​នៃ​យុទ្ធនាការ​នេះ និង​អនុវត្ដ​ទៅ​តាម​យន្តការ និង​វិធានការ​ដែល​យុទ្ធនាការ​នេះ​បាន​ដាក់ចេញ​បន្តទៀត​។ យើង​សង្ឃឹមថា បញ្ចប់​អស់​នៅមុន​ដំណាច់​ឆ្នាំនេះ​»​។

លោក​ ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក សាទរ​ចំពោះ​លទ្ធផល​ដែល​សម្រេចបាន​របស់​ក្រុមការងារ​ក្រសួង​យុត្ដិធម៌​នេះ​។ លោក​ថា​ក្នុង​នាម​សង្គម​ស៊ីវិល មិន​ចង់ឃើញ​ត្រឹមតែ​នីតិវិធី​ចំពោះ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ចង់​ឱ្យ​មាន​ការធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្ដិធម៌​ថែមទៀត​។

លោក​ថ្លែងថា​៖ «​កំណែទម្រង់​ផ្នែក​ធនធាន​មនុស្ស និង​ឯករាជភាព​ក្នុង​ប្រព័ន្ធតុលាការ​ជាដើម​គឺជា​អ្វីដែល​អង្គការ​សង្គម​ស៊ីវិល​យើង​ចង់ឃើញ​។ មានន័យថា កំណែទម្រង់​បែបនេះ គឺ​ដើម្បី​ឱ្យ​មាន​ទំនុក​ចិត្ដ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​សាធារណជន​ដែល​រស់នៅក្នុង​សង្គម​កម្ពុជា​»​។

តាមរយៈ​ការអនុវត្ដ​យុទ្ធនាការ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​សាលាដំបូង​រាជធានី ខេត្ដ​នេះ​លោក កើត រិទ្ធ បានដាក់​ចេញ​នូវ​អភិក្រម​ចំនួន​ ៤ ​ដើម្បី​ឱ្យ​ក្រុមការងារ​ទាំងអស់​អនុវត្ដ និង​ប្រកាន់ខ្ជាប់​គឺ​ «​លឿន ត្រឹមត្រូវ យុត្ដិធម៌ និង​មិន​ពុករលួយ​»៕