
សកម្មភាពទូទៅការពាក់ម៉ាស់របស់កម្មកររោងចក្រ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងយុត្តិធម៌បានបង្កើត Telegram Group ដែលមានមន្ត្រីជំនាញច្បាប់ ១០ នាក់រង់ចាំឆ្លើយតប និងពន្យល់បន្ថែមទៅលើយន្តការដែលមានស្រាប់ដល់ប្រជាពលរដ្ឋដែលមានចម្ងល់ពាក់ព័ន្ធទិដ្ឋភាពច្បាប់ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសអំពីទណ្ឌកម្ម និងកាតព្វកិច្ចក្នុងការពាក់ម៉ាស់ការពារ។
មន្ត្រីបានឱ្យដឹងថា មានប្រជាពលរដ្ឋជាង ១ ម៉ឺននាក់ បានចូលមកក្នុងក្រុមនេះ (ឬអ្នក subscribe) ក្នុងរយៈពេល ២ ថ្ងៃក្រោយពីការបង្កើត។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងឱ្យដឹងថា៖ «គោលបំណងរបស់ក្រសួងក្នុងការបង្កើតឡើង Telegram Group ដែលមានឈ្មោះថា «ពន្យល់ច្បាប់ Covid-19» (ក្រសួងយុត្តិធម៌) គឺជាយន្តការមួយដើម្បីផ្តល់ការពន្យល់ណែនាំទិដ្ឋភាពច្បាប់ឱ្យបានទៅដល់គ្រប់ស្រទាប់ប្រជាពលរដ្ឋបន្ថែមទៅលើយន្តការផ្សេងៗទៀតដែលក្រសួងយុត្តិធម៌កំពុងធ្វើ»។
លោកថា៖ «អ៊ីចឹងបើសិនជាបងប្អូនមានចម្ងល់ទាក់ទងការអនុវត្តច្បាប់កូវីដ១៩ និងលិខិតបទដ្ឋាន បញ្ហាកូវីដ ទាក់ទងទណ្ឌកម្ម អ្វីទៅជាកាតព្វកិច្ច អ្វីទៅដែលត្រូវហាមឃាត់ សូមឱ្យមានសំណួរភ្លាមក្នុងគ្រុប ពន្យល់ច្បាប់កូវីដរបស់ក្រសួងយុត្តិធម៌ ហើយយើងមានក្រុមការងារសម្រាប់ឆ្លើយតបបន្ទាន់ភ្លាមៗក្នុងករណីមានសំណួរទាក់ទងទិដ្ឋភាពច្បាប់»។
លោក គឹម សន្តិភាព បានអះអាងថា ពលរដ្ឋដែលចូលជាសមាជិកក្នុងគ្រុបតេឡេក្រាម ភាគច្រើនមានចម្ងល់ពាក់ព័ន្ធទិដ្ឋភាពច្បាប់ទាំងមូល និងសួរទាក់ទងទៅនឹងការពាក់ម៉ាស់ និងរក្សាគម្លាត ដែលចំណុចនេះក្រសួងយុត្តិធម៌បានឆ្លើយតបដល់ប្រជាពលរដ្ឋត្រូវរង់ចាំឱ្យមានប្រកាសរបស់ក្រសួងសុខាភិបាលសិន ទើបអាចពិន័យជាប្រាក់ និងដាក់ទណ្ឌកម្មបាន។
លោក គឹម សន្តិភាព កាលពីថ្ងៃទី ២១ មីនា បានដឹកនាំ ក្រុមការងារបច្ចេកទេស ប្រជុំពិភាក្សាជាមួយនឹងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងប្រកាសរបស់ក្រសួងសុខាភិបាលដែលកំណត់អំពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
លោក គឹម សន្តិភាព បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា បើទោះបីជាមានអនុក្រឹត្យស្តីពីវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ ១៩ ក្តី ប៉ុន្តែក្រសួងនឹងបង្កើតសេចក្តីព្រាងដាច់ដោយឡែកមួយទៀត ដើម្បីកំណត់ពីកាតព្វកិច្ចបុគ្គល និងទីតាំងណាដែលតម្រូវឱ្យពាក់ម៉ាស់។ ដូច្នេះក្រោយមានអនុក្រឹត្យ ក្រសួងសុខាភិបាលត្រូវមានវិធានការមួយត្រូវកំណត់ថា តើមុខសញ្ញាណា ទីតាំងណា បុគ្គលណា ដែលត្រូវមានកាតព្វកិច្ចក្នុងការពាក់ម៉ាស់ និងរក្សាគម្លាតនេះ។
លោកថ្លែងថា៖ «យើងបានពិនិត្យទៅលើសេចក្តីព្រាង ដែលក្រុមការងារទាំង ២ បានព្រាង ហើយបានជជែកគ្នា និងបានសម្រេចធ្វើសេចក្តីព្រាងដើម្បីបញ្ជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលដើម្បីពិនិត្យ និងសម្រេចចុងក្រោយ»។
ទោះជាយ៉ាងណាក៏ដោយលោក សន្តិភាព បានថ្លែងឱ្យដឹងដោយពុំទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទនៃការអនុវត្តសេចក្តីព្រាងប្រកាសនេះនៅឡើយទេ ខណៈពេលដែលមន្ត្រីជំនាញក្រសួងសុខាភិបាល កំពុងរៀបចំដាក់ជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ្នកសម្រេច។
លោកបានឱ្យដឹងថា ក្នុងការប្រកាសនេះចែង ២ ប្រភេទ ទី១ ចែងអំពី ថាតើមុខសញ្ញាកាតព្វកិច្ចមាននរណាគេខ្លះ ទន្ទឹមនឹងនេះក៏មានចែងករណីលើកលែងដែរ ឧបមាថា តើករណីដែលលើកលែងមិនឱ្យពាក់ម៉ាស់ចំពោះបុគ្គលប្រភេទណាខ្លះ ហើយការពាក់ម៉ាស់នេះត្រូវបានលើកលែងចំពោះទីតាំង ឬទីកន្លែង ឬមួយកាលៈទេសៈ ពេលវេលាណាខ្លះ ទាំងបុគ្គល ទីតាំង ពេលវេលា សកម្មភាពដែលតម្រូវឱ្យមានជាកាតព្វកិច្ចឱ្យពាក់ម៉ាស់ និងរក្សាគម្លាត។
តាមមាត្រា ១៩ នៃអនុក្រឹត្យថ្មីស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតដែលមាន ៩ ជំពូក និង ៣៩ មាត្រា នេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២ សែនរៀល ទៅ ១ លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី១។ លោក សន្តិភាព ថ្លែងថា ការពិន័យ និងដាក់ទោសបុគ្គលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាត ពុំមែនធ្វើឡើងដោយភ្លាមៗនោះទេ ពោលគឺប្រើវិធានការព្រមាន និងណែនាំជាមុនសិន៕