
លោក ជិន ម៉ាលីន ថ្លែងក្នុងសិក្ខាសាលា (កណ្ដាល) ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងយុត្តិធម៌គ្រោងដំឡើងថវិកាចំនួន ១២០០ លានរៀលនៅក្នុងឆ្នាំ ២០១៩ សម្រាប់គោលនយោបាយថ្នាក់ជាតិស្ដីពី «ជំនួយផ្លូវច្បាប់» ដល់ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះក្នុងការផ្ដល់សេវាផ្លូវច្បាប់ទៅដល់ទីជនបទ។ នេះបើយោងតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ថ្លែងនៅក្នុងកិច្ចពិភាក្សាបញ្ចប់គម្រោងគោលនយោបាយថ្នាក់ជាតិស្ដីពីជំនួយផ្លូវច្បាប់ជាមួយសហភាពអឺរ៉ុបនៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីថ្ងៃសុក្រ។
លោក ម៉ាលីន បានថ្លែងថាក្រសួងបានធ្វើការសហការជាមួយនឹងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការផ្ដល់មេធាវីការពារក្ដីទៅដល់ជនក្រីក្រ។
លោក ម៉ាលីន ថ្លែងថា៖ «នៅឆ្នាំ ២០១៩ ខាងមុខគ្រោងដំឡើងដល់ ១២០០ លានរៀលថែមទៀត អ៊ីចឹងគណៈមេធាវីជាអ្នកចាត់តាំងមេធាវីទៅការពារក្ដីដល់ជនក្រីក្រ ចំណែកក្រសួងយុត្ដិធម៌ជាអ្នកបង់លុយឲ្យ ប៉ុន្ដែការបង់លុយនេះមិនមែនបង់លុយទៅលើតម្លៃសេវាដែលមេធាវីគាត់គិតនោះទេ វាជាការបង់ដើម្បីដោះស្រាយសោហ៊ុយ បាយទឹក និងការធ្វើដំណើរប៉ុណ្ណោះ»។
លោក ម៉ាលីន បានថ្លែងទៀតថា៖ «អ្វីដែលមេធាវីធ្វើគឺធ្វើដោយការស្ម័គ្រចិត្ដ។ អ៊ីចឹងក្នុងចំណោមមេធាវីមានជាង ១០០០ នាក់ពេញសិទិ្ធកំពុងប្រកបរបរនាពេលបច្ចុប្បន្ន។ យើងឃើញថាមានមេធាវីជិត ៥០០ នាក់ហើយដែលគាត់បានស្ម័គ្រចិត្ដចូលរួមជាមួយការងារនេះ ហើយការងារនេះជាការងារសង្គម អ៊ីចឹងក្រសួងផ្ដល់ប្រាក់ជាការលើកទឹកចិត្ដដល់ពួកគាត់»។
ទោះជាយ៉ាងណាក៏ដោយលោក ម៉ាលីន បានថ្លែងដោយមានក្ដីបារម្ភថា គោលនយោបាយនេះអាចនឹងមិនមាននិរន្ដរភាពនោះទេ។
លោក ម៉ាលីន បានថ្លែងថា៖ «ព្រោះលុយក៏តិចមេធាវីដែលស្ម័គ្រចិត្ដក៏តិចដែរ ហើយការស្ម័គ្រចិត្ដនេះក៏មានពេលកំណត់ដែរ ព្រោះមនុស្សមិនមែនចេះតែស្ម័គ្រចិត្ដរហូតនោះទេ អាចពេលណាមួយមេធាវីប្រឈមនឹងវិបត្ដិសេដ្ឋកិច្ច គាត់អាចនឹងឈប់ទៅវិញដែរ។ អ៊ីចឹងយើងមើលទៅវាដូចជាអត់មាននិរន្ដរភាពនោះទេ ក៏ប៉ុន្ដែដើម្បីឲ្យធានាបាននូវនិរន្ដរភាពនេះ ទើបយើងរៀបចំគោលនយោបាយជំនួយផ្លូវច្បាប់ថ្នាក់ជាតិនេះឡើង»។
លោក ជិន ម៉ាលីន បានថ្លែងថាគោលនយោបាយនេះគឺរៀបចំឡើងដើម្បីជួយប្រឹក្សាផ្នែកច្បាប់ និងផ្ដល់សេវាផ្នែកច្បាប់មានដូចជា មេធាវីការពារក្ដីជាដើម ទៅដល់ប្រជាពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដូចជា ជនពិការ ស្ដ្រី កុមារ និងជនជាតិដើមភាគតិចនៅតាមទីជនបទជាដើម។
លោក Simone Pieri ប្រធានផ្នែកសហប្រតិបត្តិការសហភាពអឺរ៉ុបបានថ្លែងថា លោកចង់ឃើញនីតិរដ្ឋ ពិសេសរចនាសម្ព័ន្ធយុត្ដិធម៌ និងលទ្ធភាពទទួលបានយុត្ដិធម៌នៅតែបន្ដទៅមុខថែមទៀតដែលលទ្ធភាពទទួលបានយុត្ដិធម៌សម្រាប់ជនក្រីក្រ គឺមានភាពចាំបាច់ណាស់ ដើម្បីរក្សាបាននូវសន្ដិភាពសង្គម សង្គមមួយដែលមានយុត្ដិធម៌ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាពសម្រាប់ប្រទេស។
លោកបន្ដ៖ «យើងសង្ឃឹមថាសេចក្ដីព្រាងគោលនយោបាយនេះនឹងអាចបង្កើតបានជាប្រព័ន្ធមួយ ដើម្បីផ្ដល់នូវការគាំទ្រទៅដល់ប្រជាជនដែលជួបការលំបាកបំផុតនៅក្នុងប្រទេសកម្ពុជាឲ្យពួកគាត់មានលទ្ធភាពទទួលបានយុត្តិធម៌»។
លោក Simone Pieri បន្ដលើកឡើង៖ «ខ្ញុំយល់ថាលទ្ធផលនៃគម្រោងនេះមានលក្ខណៈជាវិជ្ជមានដែលឯកសារសំខាន់ៗ ៣ ត្រូវបានបង្កើតឡើងក្នុងនោះមានសេចក្ដីព្រាងគោលនយោបាយ ការវាយតម្លៃគ្រប់ជ្រុងជ្រោយ និងអនុសាសន៍សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសេចក្ដីព្រាងកំណែទម្រង់ផ្នែកច្បាប់សម្រាប់គណៈមេធាវីជាដើម»។
គម្រោងនេះបង្កើតសេចក្ដីព្រាងផ្លូវច្បាប់នេះបានចាប់ផ្ដើមសិក្សាដំបូងតាំងពីចុងឆ្នាំ ២០១៧ អំឡុងខែសីហារហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ នេះ ទើបបានបញ្ចប់ទាំងស្រុង។
លោក ជិន ម៉ាលីន បានឲ្យដឹងថា៖ «ពេលរដ្ឋាភិបាលថ្មី អាណត្ដិទី ៦ បង្កើតឡើងសេចក្ដីព្រាងច្បាប់នេះនឹងត្រូវដាក់ពិភាក្សាក្នុងក្របខ័ណ្ឌនយោបាយរួមតែម្ដង។ ពេលនេះយើងបានបញ្ចប់សេចក្ដីពិភាក្សា សេចក្ដីព្រាងកម្រិតបច្ចេកទេសត្រឹមថ្ងៃនេះតែម្ដង»។
គួរបញ្ជាក់ថាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានស្នើដល់គណៈមេធាវីកម្ពុជាឲ្យពង្រាយមេធាវីទៅតាមបណ្ដាខេត្ដ និងទីជនបទ ដើម្បីជួយការពារក្ដីដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រមិនមានលទ្ធភាពជួលមេធាវីការពារ ឬមិនសូវយល់ពីបញ្ហាផ្លូវច្បាប់នេះ។
លោកស្រី Claudia de la Fuente ប្រធានផ្នែកនីតិរដ្ឋនៃ OHCHR បានថ្លែងថា OHCHR បានតាមដានគោលការណ៍ច្បាប់នេះតាំងពីកកើតដំណាក់កាលដំបូងកាលពី ២០ ឆ្នាំមុនម្ល៉េះ ហើយយើងរីករាយដែលបានឃើញសេចក្ដីព្រាងគោលនយោបាយនេះកើតមានឡើងនៅកម្ពុជា។
លោកស្រីបន្ដ៖ «ខ្ញុំជឿជាក់ថា ដំណើការនៃការអនុវត្ដនៃគោលនយោបាយនេះ មានលក្ខណៈជាវិជ្ជមានដែលមានលក្ខណៈចូលរួមដែលមានការពិគ្រោះយោបល់យ៉ាងពិតប្រាកដ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួម និងមានសិទ្ធិអាចលើកឡើងនូវសំឡេងរបស់ខ្លួន មតិយោបល់ និងសំណើរបស់ខ្លួន»។
លោកស្រីជឿជាក់ថា មតិយោបល់ភាគច្រើនដែលបានផ្ដល់ជូនតាមរយៈភាគីពាក់ព័ន្ធនឹងត្រូវដាក់បញ្ចូលនៅក្នុងសេចក្ដីព្រាងគោលនយោបាយផ្លូវច្បាប់នេះ៕