ភ្នំពេញៈ ក្រសួងយុត្តិធម៌បានសម្រេចដាក់ឲ្យដំណើរការសាលសវនាការថ្មីចំនួន ៤ បន្ថែមទៀតនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយក្នុងការពន្លឿនដោះស្រាយការកកស្ទះសំណុំរឿង ដោយហេតុនៅសាលាដំបូងនេះគ្រាន់តែសំណុំរឿងសល់មិនទាន់ដោះស្រាយកាលពីឆ្នាំ ២០១៩ មាន ១២ ០០០ សំណុំរឿង ហើយសំណុំរឿងថ្មីមានជាមធ្យម ៧ ៨០០ រឿង ក្នុង ១ ថ្ងៃ។
ក្រសួងយុត្ដិធម៌បញ្ជាក់ថា បញ្ហាកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញបែបនេះធ្វើឲ្យស្ថានភាពក្នុងពេលបច្ចុប្បន្ន សាលាដំបូងមិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបានដោយខ្លួនឯងនោះទេ ហើយសាលាដំបូងមួយចំនួនទៀតនៅតាមបណ្ដាខេត្ដក៏ជួបបញ្ហាប្រឈមដូចគ្នានេះដែរ។
លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា កាលពីមុនសាលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញមានចំនួន ៥ ឥឡូវ ក្រសួងយុត្តិធម៌បានសម្រេចដាក់ដំណើរការសាលសវនាការថ្មីចំនួន ៤ បន្ថែមសរុបមានចំនួន ៩ សាលសវនាការហើយ។
លោក គឹមឡុង បានថ្លែងឲ្យដឹងថា៖ «ការសម្រេចដាក់ដំណើរការសាលសវនាការថ្មីនេះគឺជាការរៀបចំឡើងដោយក្រសួងយុត្ដិធម៌។ កាលមុនយើងមានសាលសវនាការចំនួន ៥ ឥឡូវដាក់ដំណើរការថ្មីចំនួន ៤ ទៀត»។
លោក គឹម សន្តិភាព ប្រធានក្រុមការងារទី ១ នៃគណៈកម្មការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស) នៃក្រសួងយុត្ដិធម៌ទទួលបន្ទុកការអនុវត្ដយុទ្ធនាការនេះនៅសាលាដំបូងរាជធានីភ្នំពេញ ខេត្ដកណ្ដាល ព្រៃវែង និងខេត្ដស្វាយរៀង កាលពីថ្ងៃអង្គារទី ២៦ ខែឧសភា កន្លងមកនេះបានចុះពិនិត្យសាលសវនាការថ្មីទាំង ៤ នេះផងដែរ។ ក្រសួងយុត្ដិធម៌បញ្ជាក់ថា៖ «សាលសវនាការថ្មីចំនួន ៤ បន្ថែមដែលត្រូវបានដាក់ឲ្យដំណើរការជម្រះក្តីនៅសាលាដំបូងរាជធានីភ្នំពេញដែលនេះជាមធ្យោបាយមួយក្នុងការពន្លឿនសំណុំរឿងនៅក្នុងដំណាក់កាលជម្រះ»។
ដើម្បីដោះស្រាយបញ្ហាការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ដនេះលោក កើត រិទ្ធ រដ្ឋមន្ដ្រី ក្រសួងយុត្តិធម៌កាលពីថ្ងៃទី ១៨ ខែឧសភា បានប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តផងដែរ ខណៈសំណុំរឿងព្រហ្មទណ្ឌដែលកំពុងចាត់ការសរុបមានចំនួនជិត ៤ ម៉ឺនសំណុំរឿង។ តាមរយៈយុទ្ធនាការនេះ ក្រសួងយុត្តិធម៌រំពឹងថា អាចនឹងកាត់បន្ថយការកកស្ទះសំណុំរឿងបានប្រមាណពី ៥០ ទៅ ៧០ ភាគរយក្នុងការអនុវត្ដយុទ្ធនាការរយៈពេល ៦ ខែខាងមុខ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «តុលាការទូទាំងប្រទេសកំពុងអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះ។ ចំណែកឯលទ្ធផលនឹងធ្វើការបូកសរុបប្រកាសនៅពេលក្រោយ»។
ក្រសួងយុត្ដិធម៌បានបញ្ជាក់ថា ដើម្បីធានាដល់ការអនុវត្ដយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ដ ជាពិសេសដើម្បីជួយដល់សាលាដំបូងឲ្យអនុវត្ដយុទ្ធនាការបានជោគជ័យ និងត្រឹមត្រូវ ក្រសួងយុត្ដិធម៌បានសម្រេចបង្កើតយន្តការមួយហៅថា «គណៈកម្មការដឹកនាំយុទ្ធនារការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត»។ គណៈកម្មការនេះមានក្រុមការងារចំនួន ៤ ជាសេនាធិការដឹកនាំអនុវត្ដយុទ្ធនាការនៅតាមតំបន់ទទួលខុសត្រូវនីមួយៗនៅតាមសាលាដំបូងរាជធានី-ខេត្ដ៕