ភ្នំពេញៈ ក្រសួងយុត្តិធម៌​បាន​ផ្សព្វផ្សាយ​សាលក្រម​រដ្ឋប្បវេណី​គំរូ​ចំនួន​ ៤៤ នៅលើ​គេហទំព័រ​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​ ៣១ ធ្នូ ឆ្នាំ​ ២០២០ ដើម្បីឱ្យ​សាធារណជន​អាច​សិក្សា​ស្រាវជ្រាវ និង​យក​ជា​គំរូ​។ ការផ្សព្វផ្សាយ​សាលក្រម​គំរូ​នេះ​ធ្វើ​ឡើង​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ហៅ​កាត់​ថា JICA​។ នេះ​បើតាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួងយុត្តិធម៌​។

បើតាម​គេហទំព័រ​របស់​ក្រសួង​យុត្តិធម៌​សាលក្រម​រដ្ឋប្បវេណី​ទាំង​ ៤៤ នេះ ភាគច្រើន​ជា​សំណុំរឿង​កិច្ចសន្យា​ខ្ចីប្រាក់ និង​កិច្ចសន្យា​ទិញ​លក់​អចលនទ្រព្យ​។ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែងថា សាលក្រម​ទាំងអស់​នេះ​ជា​សាលក្រម​ដែល​តុលាការ​បានចេញ​ហើយ​អាច​យក​ជា​គំរូ​បាន ហើយ​មិន​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស ឬ​ការសម្ងាត់​នៃ​ភាគី​ពាក់ព័ន្ធ​ឡើយ​។

និស្សិត​អាច​យក​សាលក្រម​នេះ​ជា​មូលដ្ឋាន​ក្នុង​ការសិក្សា​ស្រាវជ្រាវ​របស់​ពួកគេ ហើយ​ក៏​ជា​គំរូ​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​ផងដែរ​។ លោក​ពន្យល់ថា ជា​គោលការណ៍​ច្បាប់ សាលក្រម​ត្រូវ​ប្រកាស​ជា​សាធារណៈ​ដោយ​មិន​ប៉ះពាល់​ដល់​ភាគី​ពាក់ព័ន្ធ​ទេ ប៉ុន្តែ​មាន​គោលការណ៍​លើកលែង​ខ្លះ ដូចជា​សំណុំរឿង​នោះ​ប៉ះពាល់​ដល់​ជីវិត​ឯកជន ការសម្ងាត់​មួយចំនួន​ដែល​សាលក្រម​មិនអាច​ផ្សព្វផ្សាយ​បាន​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ចំណុច​នៃ​ការចាប់ផ្ដើម​ដោយ​ការផ្សព្វផ្សាយ​សំណុំរឿង​រដ្ឋប្បវេណី​ចំនួន ៤៤ ហើយ​យើង​នឹង​ផ្សព្វផ្សាយ​បន្តទៀត ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​រដ្ឋប្បវេណី​ផ្សេងទៀត និង​សំណុំរឿង​ព្រហ្មទណ្ឌ និង​សំណុំរឿង​ផ្សេងទៀត​សម្រាប់​ជា​ចំណេះដឹង​ដល់​និស្សិត​ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​អនុវត្ត​ច្បាប់​។ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​យូរ​បន្តិច ព្រោះ​ក្រុមការងារ​ត្រូវការ​ពិនិត្យមើល​ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​វិជ្ជាជីវៈ និង​ការសម្ងាត់​កេរ្តិ៍ឈ្មោះ កិត្តិយស​បុគ្គល និង​ភាគី​ពាក់ព័ន្ធ​»​។

អ្នកជំនាញ​ផ្នែក​ច្បាប់​លោក សុក សំអឿន បាន​សាទរ​ចំពោះ​ការផ្សព្វផ្សាយ​សាលក្រម​គំរូ​នេះ​។ លោក​ថា នេះ​ជា​អ្វីដែល​មេធាវី​បានទាមទារ​ឱ្យមាន​ជា​យូរ​មកហើយ​ដោយសារ​សាលក្រម​គំរូ​ជាពិសេស​សាលក្រម​របស់​តុលាការ​កំពូល អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​ឯកសារយោង សម្រាប់​សំណុំរឿង​ប្រហាក់ប្រហែល​គ្នា​។

លោក​បញ្ជាក់ថា​៖ «​យើង​អត់​ចង់ឱ្យ​ថា​រឿងក្ដី​នេះ​កាត់​ផ្សេង​ដល់​រឿងក្ដី​ប្រហាក់ប្រហែល​គ្នា​ដែរ​ស្រាប់តែ​កាត់ផ្សឹង យើង​អត់​ចង់​ឱ្យ​តុលាការ​ធ្វើ​អ៊ីចឹង​។ យើង​ចង់ឱ្យ​ថា បើ​យើង​បកស្រាយ​ថា រឿង​នោះ​វា​ឆ្វេង ឱ្យ​វា​ឆ្វេង​ដូច​គ្នា​។ កុំឱ្យ​រឿង​ដូចគ្នា អង្គហេតុ​ដូចគ្នា ស្រាប់តែ​ចៅក្រម​ ១ ​ក្រុម​បកស្រាយ​ឆ្វេង ចៅក្រម​ ១ ​ក្រុម​បកស្រាយ​ស្ដាំ​ទៅ វា​អត់​ត្រូវ​។ យើង​ចង់ឱ្យ​វា​ឯកភាព​គ្នា​តែមួយ មាន​ន័យថា ឱ្យ​យុត្តិធម៌ បើ​អ្នក​នោះគេ​កាត់​យ៉ាងម៉េច អ្នក​ដែល​មានរឿង​ដូចគ្នា​ត្រូវ​កាត់ទោស​ដូចគ្នា​»​។ លោក​ថា សាលក្រម​គំរូ​បែប​នេះ​មាន​សារៈសំខាន់ ជាពិសេស​សម្រាប់​ចៅក្រម ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​ដែល​ចៅក្រម​អាច​យោង​បាន​៕

វីដេអូ៖