ភ្នំពេញៈ ក្រសួង​យុត្តិធម៌​បាន​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត ខណៈ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កំពុង​ចាត់ការ​សរុប​មាន​ចំនួន​ជិត ៤ ​ម៉ឺន​សំណុំរឿង​ក្នុង​នោះ​មាន​សំណុំរឿង​គ្រឿងញៀន ៦ ២៦០ ករណី​ដែល​នឹង​ត្រូវ​ដោះស្រាយ​ក្នុង​យុទ្ធនាការ​នេះ​។ ក្រសួង​យុត្ដិធម៌​រំពឹងថា យុទ្ធនាការ​នេះ​អាច​នឹង​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​បាន​ប្រមាណ​ពី ៥០ ​ទៅ​ ៧០ ភាគរយ​ក្នុង​ការអនុវត្ដ​យុទ្ធនាការ​រយៈពេល ៦ ​ខែ​។

លោក កើត រិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

លោក​ថ្លែង​ថា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​មក​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​នានា ជាពិសេស​គឺ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ និង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ធនធានធម្មជាតិ​ និង​បទល្មើស​ព្រៃឈើ​។ ការអនុវត្ដ​យុទ្ធនាការ​នេះ​បាន​ទទួល​លទ្ធផល​ជោគជ័យ​ជា​បន្តបន្ទាប់​ និង​មាន​ការសាទរ​ពី​គ្រប់​មជ្ឈដ្ឋាន​។

លោក​ថ្លែងថា​៖ «​ទន្ទឹមនឹង​ជោគជ័យ​នៃ​យុទ្ធនាការ​នេះ សំណុំ​រឿង​ព្រហ្មទណ្ឌ​មាន​ការកើនឡើង​ជាច្រើន​នៅ​តាម​សាលាដំបូង​រាជធានី ខេត្ដ ហើយ​ចំនួន​អ្នក​ជាប់ឃុំ​នៅ​តាម​ពន្ធនាគារ​ក៏មាន​ការកើនឡើង​ជាច្រើន​ដែល​បង្ក​ឲ្យ​មាន​ភាពចង្អៀតណែន​ផងដែរ​ជាពិសេស​ការកើនឡើង​ជាច្រើន​នៃ​សំណុំ​រឿង​ និង​អ្នក​ជាប់​ឃុំ​នៅក្នុង​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​»​។

ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ចាប់ពី​ចុងឆ្នាំ ២០១៦ រហូត​ដល់​ថ្ងៃទី​ ៣០ ខែ មេសា ឆ្នាំ​ ២០២០ ​ឃើញ​ថា សំណុំរឿង​គ្រឿងញៀន​មាន​ជិត​ ៣ ​ម៉ឺន​សំណុំរឿង​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​គ្រឿងញៀន​នេះ​ជិត ៦ ​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​នោះ​មាន​មួយ​ចំនួន​គឺជា​អ្នកប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ និង​មួយចំនួន​ទៀត​គឺជា​ជនល្មើស​គ្រឿងញៀន​ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​រឹបអូស​គ្រឿងញៀន​សរុប​បាន​ ១ ៦៥៩ ​គីឡូក្រាម​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា​៖ «​តាមរយៈ​យុទ្ធនាការ​នេះ និង​យុទ្ធនាការ​ផ្សេងៗ​ទៀត​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​គឺ​យើង​ឃើញ​មាន​ការកើនឡើង​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ដ​។ បើ​យើង​ផ្ទៀងផ្ទាត់​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ត សំណុំរឿង​ដែល​កំពុង​ចាត់ការ​ដែល​មិនមែន​ជា​សំណុំរឿង​ដែល​ចាត់ការ​រួច​មាន​សាលក្រម មាន​សាល​ដីកា​ស្ថាពរ និង​មិន​រាប់បញ្ចូល​សំណុំ​រឿង​ដែល​បាន​កាត់សេចក្ដី​រួចហើយ​បញ្ជូន​ទៅ​តុលាការ​ជាន់ខ្ពស់​មាន​ជិត​ ៤ ​ម៉ឺន​សំណុំរឿង​ (៣៩ ១៥២ សំណុំរឿង​) និង​មាន​អ្នក​ជាប់ឃុំ​សរុប​ ១២ ៦៥១ នាក់​ (​អ្នក​ជាប់ឃុំ​នៅក្នុង​សំណុំ​រឿង​គ្រឿងញៀន មាន​ ៦ ៩០០ នាក់​)»​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា គ្រាន់តែ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សំណុំរឿង​ដែល​នៅសល់​មិនទាន់​ចាត់ការ​រួច​ពី​ឆ្នាំ ២០១៩ មាន​រហូតដល់​ ១២ ០០០ ​សំណុំរឿង​ហើយ​សំណុំរឿង​ដែល​ចូល​ថ្មី​មាន​ជា​មធ្យម​ប្រមាណ​ពី ៧០០ ​រឿង​ទៅ​ ៩០០ ​រឿង​ក្នុង​ ១ ​ខែ​ដែល​ធ្វើឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​មិនអាច​ឆ្លើយតប​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​បាន​ដោយ​ខ្លួនឯង​នោះទេ​។ លោក​ថា សាលា​ដំបូង​មួយចំនួន​ទៀត​នៅ​តាម​បណ្ដា​ខេត្ដ​ក៏​ជួប​នូវ​បញ្ហា​ប្រឈម​ដូច​គ្នា​នេះដែរ ជាពិសេស​ខេត្ដ​ដែល​មាន​បទល្មើស​គ្រឿងញៀន​ច្រើន​។

លោក​បញ្ជាក់​៖ «​ខ្ញុំ​ជម្រាបជូន​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ធ្វើ​ការងារ ដោយ​យកចិត្ត​ទុកដាក់ និង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។ ទិន្នន័យ​ដែល​ទទួល​បាន​ចៅក្រម​ ១ ​រូប​ចាត់ការ​សំណុំរឿង​បាន​រហូត​ទៅ​ដល់ ១២៩ ​រឿង​ក្នុង​ ១ ​ឆ្នាំ​ជា​មធ្យម​។ នេះ​ជា​ទិន្នផល​មួយ​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​សាលាដំបូង​រាជធានី ខេត្ដ​ផ្សេងទៀត​។ ចៅក្រម​ ១ ​រូប​ចាត់ការ​រឿង​បាន​ខ្ទង់​ ១៣០ រឿង គឺ​ច្រើនណាស់ គាត់​ខិតខំ​ណាស់​ ប៉ុន្ដែ​ទោះបី​ខំប្រឹង​យ៉ាងណា​ក៏ដោយ​ដោយសារ​តែ​សំណុំរឿង​មាន​ការកើនឡើង​ច្រើន សមត្ថភាព​របស់​ចៅក្រម មិនអាច​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​សំណុំរឿង​នាពេល​បច្ចុប្បន្ន​នេះ​បាន​ទេ​ទាំង​ផ្នែក​ធនធាន​មនុស្ស មធ្យោបាយ និង​សម្ភារ​»​។

លោក​រដ្ឋមន្ដ្រី​ថ្លែង​ទៀតថា ផ្អែក​តាម​ផែនការ និង​ផ្អែក​តាម​ទិន្នន័យ​សំណុំរឿង​ដែល​ទទួល​បាន​ពី​សាលាជម្រះក្ដី និង​ដោយ​មាន​ការចូលរួម​គាំទ្រ​ដោយ​​សុឆន្ទៈ​ពី​គ្រប់​តួអង្គ និង​ស្ថាប័ន​អនុវត្ដ​ច្បាប់​ទាំងអស់​ដែល​មាន​ការពាក់ព័ន្ធ ក្រសួង​យុត្ដិធម៌​រំពឹង​ទុក​ថា យុទ្ធនាការ​នេះ​នឹង​អាច​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ដ​បាន​ប្រមាណ​ចាប់ពី ៥០-៧០ ​ភាគរយ​នៅក្នុង​រយៈពេល​ ៦ ​ខែ​នៃ​យុទ្ធនាការ​ដែល​នឹង​អាចជួយ​ឲ្យ​ស្ថាប័ន​តុលាការ​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន​ក្នុង​ការផ្ដល់​សេវា​យុត្ដិធម៌​ក៏ដូចជា​ការដោះស្រាយ​សំណុំរឿង​ឲ្យ​បាន​ឆាប់រហ័ស​ស្រប​តាម​ច្បាប់​ជា​ធរមាន​។

បើ​តាម​លោក​ កើត រិទ្ធ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​សំណុំរឿង ដែល​កកស្ទះ​នៅតាម​សាលាដំបូង​រាជធានី-ខេត្ដ ក្រសួង​យុត្ដិធម៌​បាន​ដាក់ចេញ​នូវ​សេចក្ដី​ណែនាំ​ផ្លូវច្បាប់ សម្រាប់​អនុវត្ដ​នូវ​គោលការណ៍​មួយចំនួន ក្នុងនោះ​មាន ១- ​គោលការណ៍​នៃ​ការចោទប្រកាន់​គឺ​ក្រសួង​យុត្ដិធម៌ លើក​ទឹក​ចិត្ដ​ឲ្យ​ព្រះរាជអាជ្ញា ប្រើ​វិធី​ចោទប្រកាន់​តាមរយៈ​ការបញ្ជូន​រឿង​ដោយផ្ទាល់​ទៅ​ចៅក្រម ដើម្បី​ជំនុំជម្រះ​សម្រាប់​បទមជ្ឈិម​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ចៀសវាង​ការអនុវត្ដ​ជាទូទៅ​សម្រាប់​បញ្ជូន​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចំពោះ​សំណុំរឿង​ដែល​ពុំ​ចាំបាច់​។

២- ​គោលការណ៍​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន ក្រសួង​លើក​ទឹកចិត្ដ​ឲ្យ​ចៅក្រម​ស៊ើបសួរ ប្រើប្រាស់​វិធានការ​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ជំនួស​ឲ្យ​ការឃុំខ្លួន​ជា​បណ្ដោះអាសន្ន ចំពោះ​បទមជ្ឈិម​មួយចំនួន ដែល​ការឃុំខ្លួន​ពុំមែន​ជា​ការចាំបាច់​។ ៣- ​គោលការណ៍​នៃ​ការព្យួរទោស លើក​ទឹក​ចិត្ដ​ឲ្យ​ចៅក្រម​ជំនុំជម្រះ​ប្រើប្រាស់​គោលការណ៍​នៃ​ការដាក់ទោស​ចំពោះ​បទមជ្ឈិម​មិន​ធ្ងន់ធ្ងរ ដោយ​មាន​ការព្យួរទោស​ជាពិសេស​ព្យួរទោស​សាកល្បង​ដោយ​មាន​ភ្ជាប់​នូវ​កាតព្វកិច្ច​មួយចំនួន​សម្រាប់​ទណ្ឌិត​អនុវត្ដ​។ ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ដ្រី​ក្រសួង​យុតិ្តធម៌​ថ្លែងថា លោក​ស្វាគមន៍​រាល់​អង្គការ​សង្គម​ស៊ីវិល​ដែល​ចង់​ចូលរួម​សហការ​ក្នុង​ផ្នែក​ណាមួយ​នៃ​ការអនុវត្ដ​យុទ្ធនាការ​នេះ​។

លោក​ ស៊ឹង សែនករុណា មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) បាន​សាទរ​ចំពោះ​ការបើកផ្លូវ​ឲ្យ​មាន​ការសហការ​ជាមួយ​អង្គការ​សង្គមស៊ីវិល​លើ​ការងារ​នេះ ហើយ​អង្គការ​លោក​នឹង​ត្រៀមលក្ខណៈ​សហការ​លើ​សំណុំរឿង​ណា​ដែល​ពាក់ព័ន្ធ​ក្នុង​យុទ្ធនាការ​នេះ​។

លោក​ថ្លែង​ថា​៖ «​ខាង​សង្គម​ស៊ីវិល យើង​ក៏មាន​សំណុំរឿង​មួយ​ចំនួន​កំពុង​ស្ថិតនៅ​តុលាការ​ដែល​មិនទាន់​បាន​ចាត់ការ​ដែរ​។ យើង​នឹងចូលរួម​ជាមួយ​ក្រសួង​យុត្ដិធម៌​ចំពោះ​ករណី​ណា​ដែល​សមាគម​អាដហុក​បានដាក់​មេធាវី​ការពារ​តាមផ្លូវ​ច្បាប់​នេះ បើ​មាន​បញ្ហា​អ្វីមួយ មិន​ប្រក្រតី យើង​នឹង​សរសេរ​របាយការណ៍ ឬ​ផ្ដល់ព័ត៌មាន​ដល់​ក្រសួង​ដើម្បី​មាន​វិធានការ​ទៅលើ​ដំណើរការ​នៃ​សំណុំរឿង​នោះ​ពិសេស​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ប្រព្រឹត្ដ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​»​។

ក្នុង​ការអនុវត្ដ​យុទ្ធនាការ​នេះ ក្រសួង​យុត្ដិធម៌​បានដាក់​ចេញ​នូវ​អភិក្រម​ចំនួន ២ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាពម៉ឺងម៉ាត់ សុចរិតភាព និង​ភាពត្រឹមត្រូវ​។ អភិក្រម​ទី​ ១ គឺ​យុទ្ធនាការ​នេះ​ត្រូវ​អនុវត្ដ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ ជាពិសេស​ចំណាត់ការ​ដោះស្រាយ​សំណុំរឿង​ត្រូវ​មាន​ភាពម៉ឺងម៉ាត់ និង​ត្រូវ​អនុវត្ដ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។

បន្ថែម​លើ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ក្រសួង​យុត្ដិធម៌​បាន​ដាក់​ចេញ​នូវ​សេចក្ដី​ណែនាំ​ផ្នែក​ផ្លូវច្បាប់​ដើម្បី​ធានា​ដល់​ការអនុវត្ដ​អភិក្រម​នេះ​ផងដែរ​។ អភិក្រម​ទី​ ២- ​យុទ្ធនាការ​នេះ​ត្រូវ​អនុវត្ដ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​យុត្ដិធម៌​សុចរិតភាព និង​ភាពត្រឹមត្រូវ​ដោយ​មិនត្រូវ​ឲ្យ​មាន​ជា​ដាច់ខាត​នូវ​ស្ថានភាព «​ត្រីងៀត​ឆ្លៀត​ពង​» ​នៅក្នុង​យុទ្ធនាការ​នេះ​៕

វីដេអូ៖