ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌ លោក​ កើត រិទ្ធ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​ថ្ងៃទី​ ១៥ ឧសភា​ស្នើសុំ​សហការ​ក្នុង​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ត​ដែល​យុទ្ធនាការ​នឹងត្រូវ​ប្រកាស​បើក​នា​ព្រឹក​ថ្ងៃនេះ​។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​យុត្ដិធម៌​បញ្ជាក់​ថា លោក​ កើត រិទ្ធ និង​សហការី​បាន​ចូលជួប​ពិភាក្សា​ជាមួយ​លោក​ ឱម យ៉ិនទៀង អំពី​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលា​ដំបូង​រាជធានី-ខេត្ត​។

ក្រសួង​បញ្ជាក់​ថា​៖ «​យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ដែល​មាន​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ដ​ក៏ដូចជា ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​ការចង្អៀត​ណែន​នៃ​អ្នក​ជាប់ឃុំ​នៅតាម​ពន្ធនាគារ ព្រមទាំង​លើក​កម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ក្នុង​ការផ្ដល់​សេវា​យុត្ដិធម៌​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ​តាមរយៈ​ការពន្លឿន​ចំណាត់ការ​សំណុំរឿង​»​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​កិច្ចសហការ​ និង​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​បញ្ជាក់​លម្អិត​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ [​ព្រឹក​ថ្ងៃនេះ​] ថា តើ​សហការ​យ៉ាងម៉េច​គាំទ្រ​យ៉ាងម៉េច​ក្នុង​យុទ្ធនាការ​នេះ​»​។

លោក​ ឱម យ៉ិនទៀង ប្រាប់​ពី​ម្សិលមិញ​ថា លោក​វាយតម្លៃ​ខ្ពស់​រាល់​គ្រប់​ចំណុច​នៃ​ខ្លឹមសារ​ដែល​រដ្ឋមន្ត្រី​ថ្មី វ័យក្មេង ក្រសួង​យុត្តិធម៌ រ៉ាប់រង​ភារកិច្ច​ដ៏ធ្ងន់ធ្ងរ​នេះ​បាន​រៀបចំ​យ៉ាង​ឈ្លាសវៃ​ស្រប​តាម​គតិយុត្ត​ និង​បច្ចេកទេស ដើម្បី​គាំទ្រ និង​ជួយ​តុលាការ​រាជធានី-ខេត្ត​ក្នុង​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​។

លោក​ថា​៖ «​ការពិតទៅ​ពិត​មែន​តែ​នេះ​ជា​យុទ្ធសាស្ត្រ​ជួយ​ដល់​តុលាការ​ក្នុង​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង តែ​ខ្លឹមសារ​ជ្រាលជ្រៅ​ជាងនេះ​ទៅ​ទៀត​គឺជា​ការពង្រឹង​នូវ​គុណភាព​របស់​តុលាការ​។ មានន័យថា មិនមែន​ត្រូវតែ​ដោះស្រាយ​សំណុំ​រឿង​គិតតែ​ពី​លឿន ហើយ​មិន​គិត​អំពី​នីតិវិធី មិន​គិត​អំពី​យុត្តិធម៌ មិន​គិតពី​ភាព​ស្អាតស្អំ​នោះឡើយ​។ លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ គឺជា​ស្នូល​ជា​ខ្លឹម​នៃ​គំនិត​កែទម្រង់​របស់​ឯឧត្តមរដ្ឋមន្ត្រី​ (​ក្រសួង​យុត្ដិធម៌​)»​។

លោក​ថ្លែងថា​៖ «​ចង់​លឿន​តែ​មិន​ស្អាត​ ឬ​ចង់តែ​ស្អាត​តែ​មិន​ព្រម​លឿន គឺជា​ជំងឺ​ ២ ​យ៉ាង​ដែល​យុទ្ធនាការ​របស់​ឯកឧត្ដម កើត រិទ្ធ ចង់​ព្យាបាល​ឲ្យ​បាន​ជា​ស្រឡះ​ពី​វិស័យ យុត្តិធម៌​កម្ពុជា​ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន បាន​ត្រួសត្រាយ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​លោក​យ៉ាងច្បាស់​លាស់​»​។

លោក​ថា ACU នឹង​ចែករំលែក​ព័ត៌មាន​សម្ងាត់​ដល់​រដ្ឋមន្ត្រី​ជួយ​ក្រសួង​ស្រាវជាវ​ស៊ើបអង្កេត​៕