ភ្នំពេញៈ ក្រសួង​យុត្ដិធម៌​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ជូនដំណឹង​ស្ដីពី​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​គេហទំព័រ​ (Website) ​ផ្លូវការ​របស់​ក្រសួង​ដែលជា​ការបូក​បន្ថែម​លើ​គេហទំព័រ​ហ្វេសប៊ុក និង​តេឡេក្រាម​ដែលមាន​ស្រាប់​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​វិស័យ​យុត្ដិធម៌​ឱ្យ​បាន​ទូលំទូលាយ ពិសេស​សមិទ្ធផល​ការងារ​កំណែទម្រង់​ច្បាប់​ប្រព័ន្ធ​យុត្ដិធម៌​ទៅដល់​សាធារណជន​។

លោក​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គោលដៅ​នៃ​ការដាក់​ដំណើរការ​វេបសាយ​នេះ​គឺជា​ការគួបផ្សំ​បន្ថែម​ទៅ​លើ​គេហទំព័រ​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​ផ្សេងៗ​ដែល​ក្រសួង​យុត្ដិធម៌​មាន​នាពេល​បច្ចុប្បន្ន​។ វេបសាយ​នេះ​បង្កើតឡើង​ក៏​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​យុត្ដិធម៌ ជាពិសេស​ពាក់ព័ន្ធ​ទៅ​ដល់​សមិទ្ធផល​ការងារ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​របស់​ក្រសួង​យុត្ដិធម៌​។

លោក​បញ្ជាក់ថា​៖ «​វេបសាយ​នេះ​ក៏​ចូលរួម​ក្នុង​ការអប់រំ និង​ផ្សព្វផ្សាយ​ច្បាប់​ទៅដល់​សាធារណជន​ឱ្យបាន​ជ្រាប​ផងដែរ​។ វេបសាយ​នេះ​ទៅ​ថ្ងៃមុខ​នឹងមាន​ការផ្សព្វផ្សាយ​ទៅលើ​សាលក្រម សាលដីកា គំរូ​របស់​តុលាការ ដើម្បី​ឱ្យ​សាធារណជន​បាន​ជ្រាប​បាន​យល់ ហើយ​ក្រុមនិស្សិត​បញ្ញវន្ត​ក៏​អាចមាន​មូលដ្ឋាន​ក្នុង​ការស្រាវជ្រាវ​»​។

សេចក្តី​ជូនដំណឹង​ស្តីពី​ការដាក់​ឱ្យ​ដំណើរការ​សាកល្បង គេហទំព័រ​របស់​ក្រសួងយុត្តិធម៌​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ក្រុមការងារ​អភិវឌ្ឍ​គេហទំព័រ​ក្រសួងយុត្តិធម៌​បានដាក់​ឱ្យ​ដំណើរការ​សាកល្បង​នូវ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​តាមរយៈ​តំណភ្ជាប់ www.moj.gov.kh​។ សេចក្ដីជូនដំណឹង​បញ្ជាក់ថា​៖ «​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណជន​មេត្តា​ជ្រាប ហើយ​ក្រុមការងារ​យើងខ្ញុំ​រីករាយ​រង់ចាំ​ទទួល​យោបល់​កែលម្អ​នានា​ពី​បងប្អូន​»​។

លោក​ ម៉ាលីន ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព​ និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួងយុត្តិធម៌​» ​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ២៥ ខែ មីនា ឆ្នាំ​ ២០២០ បាន​ថ្លែងថា ក្រសួង​យុត្ដិធម៌​គឺជា​ស្ថាប័ន​នៃ​អំណាច​នីតិប្រតិបត្ដិ​ដែល​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​។ ក្រសួង​នេះ​ជា​ស្ថាប័ន​មាន​ភារកិច្ច​សំខាន់​រៀបចំ​តាក់តែង​ច្បាប់ រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សម្រាប់​តុលាការ​អនុវត្ដ និង​តាមដាន​ការអនុវត្ដ​ច្បាប់​ និង​ការអនុវត្ដ​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​ទៅ​នោះ​។

លោក​ពន្យល់​ថា​៖ «​បានន័យថា រៀបចំ​ច្បាប់​ហើយ​ដាក់ឱ្យ​អនុវត្ដ ហើយ​តាមដាន​មើល​ថា តើ​ការអនុវត្ដ​នោះ​បាន​គ្រប់​ជ្រុងជ្រោយ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​អត់​? បើ​មិនបាន​គ្រប់​ជ្រុងជ្រោយ​មិន​មាន​ប្រសិទ្ធភាព​ទេ​ដោយសារ​មូលហេតុ​អ្វី​? ដោយសារ​ច្បាប់​នោះ​មិនល្អ ដោយសារ​នៅ​ខ្វះខាត​ច្បាប់ អ៊ីចឹង ត្រូវធ្វើ​ច្បាប់​ថ្មី​ ឬ​មួយ​ក៏ត្រូវ​កែសម្រួល​ច្បាប់​ចាស់​ ឬ​មួយ​ក៏​លុប​ច្បាប់​ចាស់​ចោល​ជាដើម​ទាំងនេះ​គឺជា​ការងារ​របស់​ក្រសួង​យុត្ដិធម៌​មិនមែន​ទៅ​សម្រេច​ក្ដី​ឱ្យ​អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​ ឬ​ក៏​បង្គាប់​តុលាការ​ឱ្យ​សម្រេច​បែបនេះ​បែប​នោះទេ​»​។

លោក ម៉ាលីន បាន​បញ្ជាក់ថា​ក្នុង​រយៈពេល​ប្រមាណ ៤ ​ខែ​កន្លង​ទៅ​នេះ​ពាក់ព័ន្ធ​ទៅនឹង​សេវា​យុត្តិធម៌​ដែល​ផ្ដល់​ដោយ​តួអង្គ​តុលាការ​ដែល​ក្រសួង​យុត្ដិធម៌​បាន​ធ្វើ​កំពុង​ធ្វើ និង​បន្តធ្វើ​ទៅមុខទៀត​នោះ​រួមមាន ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ដូចជា​ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធី​ព្រហ្មទណ្ឌ ក្រម​រដ្ឋប្បវេណី និង​ក្រមនីតិវិធី​រដ្ឋប្បវេណី​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​ចាត់តាំង​តុលាការ ច្បាប់​ស្ដីពី លក្ខន្តិកៈ ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​សម្រាប់​រៀបចំ​ និង​ការប្រព្រឹត្ដ​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជាដើម​ដែល​ទាំងនេះ​គឺជា​ច្បាប់​គោល​។

លោក​បាន​ឲ្យ​ដឹងថា ក្រៅពីនេះ​ក្រសួង​មាន​ភារកិច្ច​ត្រូវ​រៀបចំ​ច្បាប់​មួយចំនួន​ទៀត​ដើម្បី​អាចឱ្យ​តុលាការ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ ហើយ​មាន​ប្រសិទ្ធភាព​។

លោក​ ម៉ាលីន បញ្ជាក់ថា​៖ «​បច្ចុប្បន្ននេះ​ក្រសួង​កំពុង​រៀបចំ​ច្បាប់ លក្ខន្តិកៈ ចំនួន​ ៣ គឺ លក្ខន្តិកៈ ក្រឡាបញ្ជី លក្ខន្តិកៈ សាការី និង​លក្ខន្តិកៈ អាជ្ញាសាលា​។ ក្រសួង​ក៏​កំពុង​ពិនិត្យមើល​ច្បាប់ និង​លក្ខន្តិកៈ​ពាក់ព័ន្ធ​នឹង​មេធាវី​ផងដែរ ដែល​ច្បាប់​នេះ​មាន​ហើយ ប៉ុន្ដែ​ជា​ច្បាប់​ចាស់​ត្រូវ​ការធ្វើ​បច្ចុប្បន្នភាព និង​ទំនើបកម្ម​ឱ្យ​ស្រប​ទៅ​តាម​បរិបទ​នាពេល​បច្ចុប្បន្ននេះ​។ ជា​ទិសដៅ​ទៅមុខ​ទៀត ក្រសួង​នឹង​សម្រេច​នូវ​ច្បាប់ លក្ខន្តិកៈ​ទាំងនេះ​ឱ្យបាន​នៅក្នុង​អាណត្ដិ​នេះ​»៕