ភ្នំពេញៈ ក្រសួង​យុត្តិធម៌​កំពុង​រៀបចំ​ឱ្យមាន​ «​ក្រុម​គ្រូឧទ្ទេស​សន្ធានកម្ម-អ្នក​សម្រុះសម្រួល​វិវាទ​» ​ដោយ​មាន​សមាសភាព​ពី​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល ក្រសួង​យុត្ដិធម៌ និង​អង្គការ​សង្គម​ស៊ីវិលជាតិ និង​អន្តរជាតិ​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​សម្រុះសម្រួល​វិវាទ​នៅ​ថ្នាក់មូលដ្ឋាន​ដល់​មន្ត្រី​ជំនាញ និង​គ្រូបង្គោល​សម្រាប់​ត្រៀម​ខ្លួន​អនុវត្ដ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។

លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែង​ម្សិលមិញ​ថា ការរៀបចំ​ឱ្យមាន «​ក្រុម​គ្រូឧទ្ទេស​សន្ធានកម្ម-អ្នក​សម្រុះសម្រួល​វិវាទ​» ​កើតឡើង បន្ទាប់ពី​កិច្ចពិភាក្សា​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើក​ទី​ ៤ អំពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ២ មេសា តាម​ប្រព័ន្ធ​អនឡាញ​ (Zoom) ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាង​ ៤០ ​ស្ថាប័ន​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​ទទួលបាន​អ្នក​ស្ម័គ្រចិត្ដ​ខ្លះ​ហើយ​។ តាម​ផែនការ​យើង​គ្រោង​ជ្រើសរើស​គ្រូឧទ្ទេស​នេះ​ពី ៨ ​នាក់ ទៅ ១០ ​នាក់​។ ក្រុម​គ្រូឧទ្ទេស​សន្ធានកម្ម​អ្នក​សម្រុះសម្រួល​វិវាទ​មាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល ក្រសួង​យុត្ដិធម៌ និង​អ្នក​ដែលមាន​ជំនាញ​សន្ធានកម្ម​ដែល​មាន​បទពិសោធ​ និង​ការទទួល​ស្គាល់​ទាំង​ក្នុងស្រុក​ និង​ក្រៅ ស្រុក​មកពី​ខាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​»​។

បើតាម​លោក​ ជិន ម៉ាលីន ក្រុម​គ្រូឧទ្ទេស​នឹងត្រូវ​បំពេញ​បេសកកម្ម​សំខាន់​ ២ គឺ​ ១ ​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​សន្ធានកម្ម​ដល់​មន្ត្រី​ជំនាញ​ និង​គ្រូ​បង្គោល​របស់​ក្រសួង​អំពី​ការសម្រុះសម្រួល​វិវាទ​នៅ​ថ្នាក់មូលដ្ឋាន​។ ២ រៀបចំ ឯកសារ​មេរៀន វិធីសាស្ត្រ​បង្រៀន វិធាន​ប្រតិបត្តិ និង​ឯកសារ​សំខាន់​ដទៃទៀត សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​សន្ធានកម្ម និង​សម្រុះសម្រួល​វិវាទ​នៅ​ថ្នាក់មូលដ្ឋាន ក្រោយ​ក្របខ័ណ្ឌ​ច្បាប់​ និង​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ចេញ​ជា​ផ្លូវការ​។

លោក​ឱ្យដឹងថា​៖ «​ក្រុម​នេះ​នឹង​ធ្វើការ​សិក្សា​រៀបចំ​នូវ​ឯកសារ​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ដ​ច្បាប់ និង​គោលនយោបាយ​ស្ដីពី​ការសម្របសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។ គោល​នយោបាយ​គឺ​កំណត់​អំពី​វិធាន​ទូទៅ ដូច្នេះ​បន្ទាប់ពី​គោលនយោបាយ​នេះ​ចេញ គឺ​ត្រូវ​មាន​បទដ្ឋាន វិធាន​ប្រតិបត្ដិ​ និង​ឯកសារ​ជាក់លាក់​មួយ​ចំនួន​ទៀត​សម្រាប់​អនុវត្ត​»​។

លោក​ អំ សំអាត នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ថ្លែង​ថា ត្រឹម​ថ្ងៃ​ម្សិលមិញ​លោក​មិនទាន់​បានដឹងថា​មាន​អ្នកជំនាញ​មកពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ណាខ្លះ​បាន​ចូលរួម​សិក្ខាសាលា​ជាមួយ​ក្រសួង​យុត្តិធម៌​ក្នុង​ការរៀបចំ​ឱ្យមាន​ក្រុម​គ្រូឧទ្ទេស​នេះ​ទេ​។

លោក​ថា​ កន្លង​មកកម្ពុជា​ក៏​ធ្លាប់​មាន​មណ្ឌល​យុត្តិធម៌​នៅ​តាម​ស្រុក ខណ្ឌ​ និង​ក្រុង​មួយចំនួន​ក្នុង​ការសម្រុះសម្រួល​វិវាទ​ក្រៅ​តុលាការ​មួយចំនួន​ដែរ​។ ប៉ុន្តែ​ហាក់​ដូចជា មិនបាន​ចូលរួម​ជួយ​កាត់បន្ថយ​សំណុំរឿង​នៅ​តុលាការ​នៅឡើយ​។ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ទាមទារ​ឱ្យ​អ្នក​សម្រុះសម្រួល​មាន​ជំនាញ និង​ចំណេះដឹង​ពី​យន្តការ វិធីសាស្ត្រ​នីតិវិធី ផ្លូវច្បាប់​មួយចំនួន និង​ទំនៀមទម្លាប់​ប្រពៃណី​នៃ​បរិបទ​ក្នុង​តំបន់​នីមួយៗ​ក្នុង​មូលដ្ឋាន​។

លោក​ថា​៖ «​ថ្មីៗ​នេះ​ក្រសួង​យុត្តិធម៌​បាន​បង្កើត​នូវ​យន្តការ​ថ្មី​សម្រាប់ សម្រុះសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។ ប៉ុន្តែ​ចំពោះ​លទ្ធផល​ និង​ប្រសិទ្ធភាព​នៃ​យន្តការ​នេះ យើង​រង់ចាំ​ការតាមដាន​។ ព្រោះ​យន្តការ​នេះ​ទើបតែ​រៀបចំ​ចាប់ផ្តើម ហើយ​អ្វីដែល​សំខាន់​អ្នកដែល​ចូលរួម​សម្រុះសម្រួល​ត្រូវតែ​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ និង​ការយល់ដឹង​ពី​បរិបទ​មួយចំនួន​ជាមុន​ដោយ​ឈរលើ​ជំហរ ឯករាជ្យ ឥត​លម្អៀង និង​ជំនាញ​ក្នុង​ការសម្រុះសម្រួល​»​។

លោក​លើកឡើង​ថា ប្រសិនបើ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​មាន​ប្រសិទ្ធភាព គឺ​អាចជួយ​កាត់បន្ថយ​សំណុំរឿង​នៅតាម​តុលាការ ហើយ​ធ្វើឱ្យ​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​អាច​រស់នៅ​ដោយ​ភាពសុខដុមរមនា តាមរយៈ​ការកាត់បន្ថយ​វិវាទ គំនុំគុំកួន ការចង់​ឈ្នះ​ចង់​ចាញ់​ដោយសារ​វិវាទ​អាច​សម្រុះសម្រួល​បាន​។

លោកស្រី​ ភាណ សោភ័ណ ប្រធាន​កម្មវិធី​អង្គការ​អុកស្វាម​ថ្លែង​ថា អង្គការ​អុកស្វាម​គាំទ្រ​ដំណើរការ​នៃ​ការរៀបចំ​ឱ្យមាន​ការសិក្សា​ស្រាវជ្រាវ​អំពី​ទ្រឹស្តី ការអនុវត្ត​ និង​ទម្រង់​នៃ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ពិនិត្យមើល​ទៅលើ​បទពិសោធ​ជាតិ និអន្តរជាតិ​ដែលជា​បច្ច័យ​ក្នុង​ការចងក្រង​ឯកសារ​ទស្សនទាន​ដែល​មាន​ការពិគ្រោះយោបល់​យ៉ាង​ទូលំទូលាយ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ឈានទៅ​រក​ការរៀបចំ​បទដ្ឋាន​គតិយុត្ត​មួយ​សមស្រប​ទៅនឹង​បរិបទ​របស់​កម្ពុជា និង​អាច​អនុវត្តបាន​។

លោកស្រី​ថា​៖ «​ក្រុម​គ្រូឧទេ្ទស​ដែល​នឹង​បង្កើតឡើង​ដោយ​ក្រសួង​យុត្តិធម៌ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ពង្រឹង​ចំណេះដឹង គុណភាព​ និង​ការអនុវត្ត​ការងារ​របស់​សន្ធានករ​នៅពេល​ខាងមុខ ក៏ដូចជា​កំណត់​លក្ខខណ្ឌ ជំនាញ​វិជ្ជាជីវៈ​ផ្នែក​សម្របសម្រួល វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ប្រកប​ដោយ​សុក្រឹតភាព ការជឿជាក់​ពី​សំណាក់ ប្រជាពលរដ្ឋ និង​ប្រកបដោយ​ជោគជ័យ​នាពេលខាងមុខ​»​។

បើតាម​លោកស្រី​ សោភ័ណ អង្គការ​អុកស្វាម​កំពុង​ពិនិត្យ​លទ្ធភាព​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​សាកល្បង​នូវ​យន្តការ​ដោះស្រាយ​វិវាទ​រដ្ឋប្បវេណី​ទាក់ទង​នឹង​ដីធ្លី និង ធនធានធម្មជាតិ វិវាទ​អំពើហិង្សា​ក្នុង គ្រួសារ​ដើម្បី​ស្វែងយល់​និង​ដក​បទពិសោធ ដើម្បី​រួមចំណែក​ក្នុង​ការរៀបចំ​ជា​បទដ្ឋាន​គតិយុត្ត​ និង​វិធាន​ពាក់ព័ន្ធ​នានា​ដើម្បី​ទ្រទ្រង់​ការអនុវត្ត​យន្តការ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​៕