ភ្នំពេញៈ ក្រោយ​ជំនួប​ពិភា​ក្សា ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ អង្គការ​សង្គម​ស៊ីវិល និង​អ្នកជំនាញ​ផ្នែ​ក​​ច្បាប់ជាច្រើន​លើក​លើ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​ស​ម្រា​​ប់​ជួយ​ពលរដ្ឋ​ងាយ​រង គ្រោះ ក្រសួ​​ង​យុ​ត្ដិធម៌​​បន្ដ​ជួប​អ្នក​ពាក់​ព័ន្ធ​​ ដើម្បី​បង្កើន​ការ​យល់​ដឹង​ពីគ្នា​ទៅវិញ​ទៅ​មក ខណៈ​​អ្នក​ដែល​​ធ្វើ​ការ​ក្នុង​​ផ្នែក​នេះ​បាន​លើក​ឡើង​ថា ​បញ្ហា​កង្វះ​ថវិកា​គឺ​ជា​បញ្ហា​ប្រឈម​ធំមួយ។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្ដិធម៌ បាន​ថ្លែង​​ក្នុង​សិក្ខា​សាលា​ស្ដី​ពី​ជំនួយ​​ផ្នែ​ក​ច្បាប់ក្រោម​ប្រធាន​បទ «កា​រអភិវឌ្ឍ និង​បញ្ហា​ប្រឈ​ម» កាល​ពីថ្ងៃ​ម្សិល​មិញថា ជំនួប​លើ​ក​នេះមាន​គោល​បំណង​ បង្កើន​ការ​យល់​ដឹង​ពីគ្នា​ទៅវិញ​ទៅមករវាង​អ្នក​ផ្ដល់​សេវា​ជំនួយ​​ផ្នែក​ច្បាប់​ ណែនាំ​ពី​ស្ថាន​ភាព​នៃ​ការ​អភិវឌ្ឍ​ជំនួយ​ផ្នែក​ច្បាប់​ក៏ដូច​ជា​បញ្ហា​ប្រឈម​ដែល​អ្នក​ផ្ដល់​សេវា​ផ្នែក​ច្បាប់​កំពុង​ជួប​ប្រទះ​ដើម្បី​ស្វែង​យល់​​ពី​តម្រូវ​ការ​នៃ​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​។​

លោក​​ប​ន្ដថា​ ជំនួប​នេះក៏​សម្រា​ប់​ការ​អភិវឌ្ឍ​សមត្ថភាព​ទទួល​បាន​ព័ត៌មានសម្រាប់​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​សេវា​ជំនួយ​ផ្នែក​ច្បាប់​កាន់​តែ​ប្រសើរ​ ស្វែង​រក​ដំណោះ​ស្រាយ និង​បញ្ហា​ប្រឈម​នានាដើម្បី​បង្កើ​ន​បរិមាណ និង​លើក​កម្ពស់​គុណភាព​នៃ​ការ​ផ្ដល់​សេវា​ជំនួយ​ផ្នែក​ច្បាប់​ផងដែរ។

លោកថ្លែង​ថា៖ «ថ្ងៃ​នេះ​យើង​ប្រមូល​គ្រប់​តួ​អង្គ និង​ភាគី​ពាក់​ព័ន្ធដើម្បី​ពិភាក្សា​គ្នា​ថា តើ​ការ​អនុវត្ដ​កម្មវិធី​ជំនួយ​ផ្នែក​ច្បាប់​របស់​យើង​កន្លង​​មក​ជួប​ប្រទះ​នូវ​បញ្ហា​​ប្រឈម​អ្វីខ្លះ និង​ត្រូវ​ដោះ​ស្រាយ​វា​យ៉ាង​ដូច​ម្ដេច? ហើយ​ទៅ​ថ្ងៃ​មុខ​ត្រូវ​រៀប​ចំ​យន្ដ​ការ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​ការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព»។

លោក​​លើក​ឡើង​​ថា កម្មវិធី​​ជំនួយ​ផ្នែក​ច្បាប់​នេះ មាន​សារៈ​សំខាន់ដើម្បី​ធានាថា គ្រប់​ភាគីពាក់ព័ន្ធទទួល​បាន​នូវ​យុត្ដិធម៌ពិត​ប្រាកដនៅ​ក្នុង​សង្គម។ «ពេល​ខ្លះ​ពលរដ្ឋ​របស់​​យើងមិន​ទទួល​បាន​នូវ​យុត្ដិ​ធ​ម៌ រង​នូវ​ភាព​អយុត្ដិធម៌ ដោយ​សារ​តែ​គាត់​ខ្វះ​នូវ​ជំនួយ​ផ្នែក​ច្បាប់។ អ៊ីចឹង ជំនួយ​ផ្នែក​ច្បាប់ ​រួម​មាន​ទាំង​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ច្បាប់ដែល​ទាម​ទារ​ឲ្យ​ប្រជាពល​រដ្ឋ​យល់​ដឹង​ផ្នែកច្បាប់ ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋនៅ​ពេល​ពួកគាត់​មាន​កង្វល់ មាន​បញ្ហា​ទំនាស់​ទៅ​នឹង​ផ្លូវ​​ច្បាប់ ឬមាន​បញ្ហា​វិវាទ​ដែល​មិន​ដឹង​ដោះ​ស្រាយ​បែបណា ដែល​គាត់​អាច​មក​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញជំនួយ​ផ្នែក​ច្បាប់»។

បើ​តាម​លោក ​ម៉ាលីន គម្រោង​ជំនួយ​ផ្នែក​ច្បាប់​នេះ ក្រសួង​យុត្ដិធម៌​ បាន​ផ្ដល់​ការិយា​ល័យ​ប្រតិ​ភូមេ​ធាវីគ្រប់​រាជធានី-ខេត្ដ រួមជាមួយ​ថវិកា​​​ផងដែរ ដែល​អាច​ឲ្យមេធាវី​ប្រចាំ​​ការ​។ «មក​ដល់ពេលនេះ នៅ​តាម​ការិយា​ល័យ សាលា​ដំបូង​រាជធានី-ខេត្ដ ការិយាល័យ​មួយក៏មាន​មេធាវី​ប្រហែល​ ៥ នាក់​ដែរ​នៅ​ប្រចាំ​ការនៅ​ទីនោះ ទោះបី​ជា​ខេត្ដ​ដាច់​​ស្រយាល​យ៉ាង​ម៉េច​ក៏ដោយ»​។

លោក ម៉ាលី​ន​ឲ្យ​ដឹង​ថា​​ ក្រសួង​យុត្តិធម៌​បាន​ដំឡើង​ថវិកា​ប្រមាណ​ ១ ២០០ លាន​រៀល ​ក្នុង​ឆ្នាំ ​២០១៩ សម្រាប់​គោល​នយោបាយ​ថ្នាក់ជាតិ​ស្ដីពី​ «​ជំនួយ​ផ្នែក​ច្បាប់​» ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​ការផ្ដ​ល់​​សេវា​ផ្លូវ​ច្បាប់​ទៅ​ដល់​ទីជនបទ ខណៈកាល​ពី​ឆ្នាំ ២០១៨ មាន​ថវិកា​ត្រឹម​តែ ៩០០ លាន​រៀល​ប៉ុណ្ណោះ។

យ៉ាង​ណា​ក្តី​​លោក ម៉ាលីន​ថា ចំនួន​​នេះ​នៅ​តែ​តិច​តួច​នៅឡើយ​សម្រាប់​ការ​អនុវ​ត្ដ​​​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​នេះ​ខណៈក្នុង​ចំណោម​មេធាវី​កម្ពុជា​​​ប្រមាណ ១៥០០ នាក់ មាន​មេធាវី​ប្រមាណ​ ៥០០ នាក់ ​បាន​ស្ម័គ្រចិត្ដ​ចូល​​រួម​ជាមួយ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​នេះ។

លោក ឃ្លោក ដារ៉ា ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរ​ជាតិ និង​ដៃគូអភិវឌ្ឍន៍ នៃ​ក្រសួ​ង​យុត្ដិធម៌ថ្លែង​ថា ជំនួប​ក្នុង​សិក្ខាសាលា​នេះក៏មាន​បំណង​ផ្លាស់​ប្ដូរ​យោបល់ និង​ព័ត៌មាន​លើ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​​ដែរ។

លោក​​បន្ដថា​៖ «យើង​ចង់​បាន​នូវ​ធាតុ​ចូលពី​គ្រប់​ភាគី​​ពាក់ព័ន្ធ​ទាំង​អស់ដែល​កំពុង​តែ​ធ្វើ​ការដោយ​ផ្ទាល់ក្នុង​គម្រោ​ង​ជំនួយ​ផ្នែក​ច្បាប់​នេះ»​។

លោក​ថ្លែង​ថា​៖ «បញ្ហា​ដែល​យើង​កំពុង​តែ​មាន​លើ​សេវា​ជំនួយ​ផ្នែក​ច្បាប់​នេះ បញ្ហា​ចម្បងគឺ​ទាក់​ទង​ទៅ​នឹង​បញ្ហា​ថវិកា ព្រោះ​អ្នក​ដែល​យើង​ត្រូវ​ជួយ​នោះ ភាគច្រើន​សុទ្ធតែ​ជា​ជន​ក្រីក្រ»។

លោក កៀង សុន្ទរោ ព្រះរាជអាជ្ញា​រង ខេត្ដព្រះសីហនុ ដែល​បាន​ចូលរួម​​ក្នុង​សិក្ខា​សាលា​​​​​នេះ​​ដែរ​បាន​ឲ្យ​ដឹងថា​៖ «ការលំបាក​បំផុត​របស់​មេធាវី​ ដែល​គាត់​ចុះ​​បេសកកម្ម​គឺ​ថវិកា គាត់​នៅ​ឆ្ងាយៗ ហើយ​ពួកគាត់​ត្រូវ​ចុះ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បំពេញ​ការងារ ពិសេស​នៅ​ខេត្ដ​ព្រះសីហនុ​នេះ គឺ​ត្រូវ​ការ​ចាយ​លុយ​ច្រើន»។

លោក​​បន្ដថា ជុំវិញ​នីតិវិធី​ផ្នែក​ច្បាប់​សម្រាប់​ក្រុម​មេធាវី​ គឺ​មិនមាន​ការ​លំបាក​ទេ ប៉ុន្ដែ​អ្វីដែល​លំបាក គឺ​ថវិកា​ឧបត្ថម្ភ​​សម្រាប់​បេសកកម្ម​គឺនៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ។

លោក សោ បេងថារុណ ប្រតិភូមេធាវី​លើ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​នៅ​ខេត្ដ​ព្រៃ​វែង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​ខាង​មេធាវី​របស់​លោក ​បា​ន​ទទួល​រឿង​ក្ដី​មួយ​ចំនួន​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ និង​ជន​រងគ្រោះ​ក្នុង​បទឧក្រិដ្ឋ។ «យើង​មិន​ទាម​ទារ​សេវា​អ្វី​ពី​ប្រជាពលរដ្ឋ​ទេ ហើយ​មេធាវី​យើង​​ដែល​ធ្វើ​ការងារ​ជួយ​ប្រជាពលរដ្ឋ​នេះ គឺសុទ្ធតែ​មេធាវី​ដែល​ស្ម័គ្រ​ចិត្ដ​ដោយ​មិន​គិត​កម្រៃ»។

លោក​ថា​៖ «​ផល​លំបាក​របស់​យើង​ពាក់​​​ព័ន្ធ​នឹង​រឿង​យុត្ដិធម៌​អនីតិ​ជ​ន ដែល​តម្រូវ​ឲ្យ​មាន​មេធាវី​តាំងពី​ដើម តាំង​ពីនៅ​ប៉ុស្ដិ៍​ប៉ូលិស ដែល​ពេលខ្លះ​ យើង​មិន​អាច​ធ្វើ​បាន​ទេ​ ព្រោះ​គេ​តម្រូវ​ឲ្យ​​មាន​​មេធាវី​ភ្លាម​ៗ​ ហើយ​នៅ​ខេត្ដ​​មិន​សូវ​មាន​មេធាវី​ច្រើន»។

បើ​តាម​លោក​ បេងថារុណ គណៈមេធាវី​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភចំនួន ៤០ ម៉ឺនរៀល​ក្នុង​មួយ​រឿង​ក្ដី ដោយ​ថវិកានេះ បើ​គិត​ពីការ​ចំណាយ​នៅមិន​ទាន់​គ្រប់គ្រាន់​នៅឡើយទេ ព្រោះ​មេធាវី​​ត្រូវ​​ចុះទៅ​ស៊ើប​អង្កេត​រឿង​ក្ដីដល់​កន្លែង​កើត​ហេតុ ដែល​ត្រូវ​​ចំណាយ​ពេល​ច្រើន។

លោក ​ព្រាប កុល នាយកប្រតិបត្ដិអង្គការ​តម្លាភាព​កម្ពុ​ជា ដែល​បាន​ចូលរួម​ក្នុង​សិក្ខា​សា​លា​នេះ​ដែរ​ កាល​ពីម្សិល​មិញ បាន​មើល​ឃើញថា ការ​ជជែក​ពិភាក្សា​គ្នា​លើ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ជួយ​ប្រជា​ពលរដ្ឋ​ងាយ​រង​គ្រោះ​​នេះ គឺ​ជាគោល​នយោបាយ​មួយ​ដែល​ត្រឹមត្រូវ។

លោកបន្ដថា​៖ «នេះ​ជាគោល​នយោបាយ​មួយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​សេច​ក្ដី​ត្រូវ​ការ​ជាក់ស្ដែងដែល​កំពុង​ប្រ​ឈម​ចំពោះ​ប្រជាជន​ក្រីក្រ»។

លោក​ កុល ​ថ្លែង​ថា ទោះ​ជា​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​នេះ​ល្អ ប៉ុន្ដែ​ចំនួន​មេធាវី ​ដែល​កំពុ​ង​អនុវត្ត​លើ​គម្រោង​នេះ នៅ​​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើ​យ​ទេ​។ «យើង​ឃើញ​ថា រដ្ឋាភិបាល​ក៏មា​ន​គំនិ​ត​​ផ្គួច​ផ្ដើម​ចាប់​ផ្ដើម​បង្កើត​ក្រុម​មេធាវីជួយ​ស្ដ្រី​ ជួយ​ជន​រង​គ្រោះ​​ថែម​ទៀត​ដោយសារ​​តែក​ង្វះ​​​មេធាវី។ នៅ​ពេល​មាន​មេធាវី​ហើយ កត្ដាមួយ​ទៀត​ ដែល​ប្រឈមនោះ គឺ​ឥទ្ធិពល​នៃ​អំពើ​ពុក​រលួយ ដែល​ជារឿយ​ៗ ប្រជាពលរដ្ឋ​ដែល​ទន់​ខ្សោយ​ ដែល​ក្រី​ក្រ ពួកគាត់​អាច​នឹង​ចាញ់ក្ដី ទោះបី​ជាពួកគាត់​មិន​ខុស​អី​លើ​ផ្នែក​ច្បាប់​ក៏ដោយ​ ដោយ​គេ​ប្រើ​លុយ​ ប្រើ​អំណាច ឬឥទ្ធិពល​នៃ​ខ្នង​បង្អែក​ ដែល​នាំ​ឲ្យ​ការ​កាត់​ក្ដី​នោះ​ មាន​ការលម្អៀងនាំ​ឲ្យ​អ្នក​ទន់​ខ្សោយ​ក្លាយ​ទៅ​ជាជន​រងគ្រោះ​ដោយ​អយុត្ដិធម៌»។

លោក​​បន្ដ​ថា ដើម្បីដោះស្រាយ​បញ្ហានេះ ប្រទេស​កម្ពុជាត្រូវ​តែ​មាន​គោល​នយោបាយ​បង្កើន​នូវ​ចំនួន​មេធាវី និង​មាន​ការ​លើកទឹក​ចិត្ដ​ចំពោះ​មេធាវី​តាម​រយៈ​ប្រាក់​ឧបត្ថម្ភ​លើ​បេសកកម្ម​របស់​ពួកគាត់៕