ភ្នំពេញៈ ​ក្រសួង​យុត្តិ​ធម៌​បាន​បញ្ចេញ​ប្រ​តិកម្ម​ចំ​ពោះ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាប់​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អាមេ​រិក​នៅ​ភ្នំ​ពេញ​ដែល​មាន​ចរិត​ជា​ការ​បំ​ភ្លៃ​និង​បំ​ភាន់ការ​យល់​​ដឹង​ដល់​សាធារ​ណៈ​ចំ​ពោះ​ករ​ណី​សំ​ណុំ​រឿង​ព្រហ្ម​ទណ្ឌ​ដែល​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ ​កឹម សុខា​ ហើយ​ទទូច​ឲ្យ​បញ្ឈប់​ការ​បក​ស្រាយ​ដោយ​​បំ​ភាន់ និង​លាប​ពណ៌​នយោ​បាយ​ទៅ​លើ​ការ​អនុ​វត្ត​ច្បាប់​ដែល​ជា​រដ្ឋ​អធិប​តេយ្យ​របស់​កម្ពុជា។​

​​យោង​តាមសេច​ក្ដី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​បាន​ឲ្យ​ដឹង​ថា​៖​ «​ការ​ណ៍​ដែល​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេរិក​នៅ​ភ្នំ​ពេញ​លើក​ឡើង​ថា ​លោក ​កឹម ​សុខា​ បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត​ ១៨ ​ខែ​មក​ហើយ​ ​គឺ​ជា​ការ​អះ​អាង​ដោយ​កុហក​ និង​បំ​ភ័ន្ត​សា​ធារ​ណជន​ និង​ខ្វះ​ភាព​យល់​ដឹង​លើ​ទិដ្ឋ​ភាព​ច្បាប់​ និង​នី​តិ​វិ​ធី​របស់​តុលា​កា​រ​កម្ពុ​ជា​ ដោយ​ហេតុ​ថា​ តាម​ផ្លូវ​ច្បាប់​ជន​ត្រូវ​ចោទ​ឈ្មោះ​ កឹម ​សុខា ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​រប​ប​នៃ​ការដាក់​ឲ្យ​ស្ថិ​ត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ​ និង​មិន​ស្ថិត​​ក្រោម​របប​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នោះ​ឡើយ»។

ប្រ​តិ​កម្ម​នេះ​បាន​កើត​ឡើង​ក្រោយ​ថ្ងៃ​ទី​ ១៥ ​ខែ​កុម្ភៈ ​ឆ្នាំ ​២០១៩ បន្ទាប់​ពី​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេ​រិក​បាន​ផ្សព្វ​ផ្សាយ​នូវ​ការ​អត្ថា​ធិប្បាយ​មួយ​តាម​​ទំ​ព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ដែល​មាន​អត្ថ​ន័យ ​«​តើ​អ្នក​មាន​ដឹង​ទេ​ថា​លោក​ កឹម​ សុខា​ បាន​ជាប់​ក្នុង​ការ​ឃុំ​ឃាំង​ជិត​ ១៨ ​ខែ​មក​ហើយ​?វា​មាន​រយៈ​ពេល​ ៥៣០​ ថ្ងៃ​នៃ​ការ​ជាប់​ឃុំ។ ​គាត់​ជា​មនុស្ស​ស្អាត​ស្អំ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អយុត្តិ​ធម៌​ ក្រោម​ការ​ចោទ​ប្រកាន់​មិន​ពិត។​ ​មិន​មាន​ភ័ស្តុ​តាង​ណា​មួយ​ប្រ​ឆាំង​នឹង​គាត់​ឡើយ ​ហើយ​ក៏មិន​ទាន់​​មាន​ការ​កំណត់​បើក​សវនា​ការ​កាត់​ទោស​គាត់​ដែរ​។​ ​គ្មាន​ភ័ស្តុ​​តាង​ គ្មាន​សវនា​ការ​កាត់​ទោស​ គ្មាន​យុត្តិ​ធម៌​។​ ​តើ​អ្នក​កំ​ពុង​មើល​ឃើញ​រូបភាព​រួម»។

​សេច​ក្ដី​ថ្លែង​ការណ៍​ដដែល​នេះ​ក៏បាន​ឲ្យ​ដឹង​ពី​ចំណាត់​ការ​បន្ត​របស់​តុលា​ការ​​ដោយ​យោង​តាម​ក្រម​នីតិ​វិ​ធី​ព្រហ្ម​ទណ្ឌ​ជា​ធរមាន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ចៅ​ក្រម​ស៊ើប​សួរ​ត្រូវ​បាន​ផ្ដល់​ពេល​វេលា​ចាំ​បាច់​នា​នា​ សម្រាប់​ការ​ស៊ើប​សួរ​ និង​ការ​ស្រាវ​ជ្រាវ​ប្រ​មូល​ភ័ស្ដុ​តាង​ឲ្យ​បាន​គ្រប់​គ្រាន់​​មុន​នឹង​សម្រេច​ដោយ​ឆន្ទា​​នុ​សិទ្ធិ​ និង​ដោយ​ឯក​រាជ្យក្នុង​ការ​បិទ​បញ្ចប់​​ការ​ស៊ើប​សួរ​របស់​ខ្លួន​ ដែល​អាច​ជា​ការ​សម្រេច​លើក​​លែង​ការ​ចោទ​ប្រ​កាន់​ ​ឬ​ការសម្រេច​បញ្ជូន​រឿង​ទៅ​ជំ​នុំ​ជម្រះ​នៅ​ក្នុង​ដំ​ណាក់​កាល​​នីតិ​វិធី​បន្ទាប់។

សេច​ក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ថា​៖ ​«​ដូច្នេះ​តាម​ច្បាប់​របស់​ក​ម្ពុ​ជា ស្ថា​ប័ន​ដែល​មាន​សមត្ថ​កិច្ច​ក្នុង​ការ​សម្រេច​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ ​កឹម សុខា​ ​ជា​មនុស្ស​ស្អាត​ស្អំ ​ឬ​ពិត​ជា​មាន​កំហុស​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​ឃុប​ឃិត​​គ្នា​ជា​មួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​នៅ​កម្ពុ​ជា​ គឺ​មាន​តែ​ស្ថាប័ន​តុលា​ការ​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប៉ុណ្ណោះ​។​ ​តុ​លាការ​ត្រូវ​ធ្វើ​ការ​សម្រេច​ដោយ​ឯក​រាជ្យ​ដោយ​ផ្អែក​លើ​អង្គ​ច្បាប់​ ​ព្រម​ទាំង​អង្គ​ហេតុ​​ និង​ភ័ស្តុ​តាង​ដែល​តុលា​ការ​ប្រមូល​បាន​ ​ហើយ​ពុំ​មែន​ផ្អែក​លើ​ការ​អត្ថា​ធិប្បា​យ​ណា​មួយ​របស់​ស្ថា​ន​ទូត​សហ​រដ្ឋ​អា​មេរិក​នោះ​ឡើយ»។​

​សេច​ក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​​ថា​អា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​បាន​រក​ឃើញ​ភ័ស្តុ​តាង​ដ៏​រឹង​មាំ​ជា​ច្រើន​ និង​គ្រប់​គ្រាន់​ដែល​បង្ហាញ​ថា​ឈ្មោះ កឹម​ សុខា ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ផែន​ការ​សម្ងាត់​ ដោយ​ឃុប​ឃិត​គ្នា​ជា​មួយ​បរទេស​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋ​អំ​ណា​ច​ស្របច្បាប់​នៅ​កម្ពុ​ជា​តាម​បែប​បដិវត្ត​ន៍​ពណ៌ ​ហើយ​ឈ្មោះ​ កឹម​ សុខា​ បាន​និយាយ​ដោយ​ផ្ទាល់​មាត់​ដោយ​ខ្លួន​ឯង​អំ​ពី​ផែន​ការ​នេះ​ តាម​រយៈ​វី​ដេ​អូឃ្លីប​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ CBN ​(Cambodian Broadcasting Network)​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រ​ទេស​អូស្ត្រា​លី​។​​ ​

ជន​ត្រូវ​ចោទ​ កឹម​ សុខា​ ត្រូ​វ​បាន​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ កាល​ពី​ថ្ងៃ​ទី​ ៥ ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧ ​ប៉ុន្តែ ​នៅ​ថ្ងៃ​ទី​ ៩ ​ខែ​ក​ញ្ញា ​ឆ្នាំ​ ២០១៨ ​ចៅ​ក្រ​ម​ស៊ើប​សួរ​ក៏​បាន​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​រូប​នេះ ​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ ​ដោយ​ជំនួស​មក​វិញ​នូវ​វិធាន​ការ​នៃ​ការ​សម្រេច​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

​សេច​ក្តី​ថ្លែង​ការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​៖​ «​អ្នក​នាំ​ពាក្យ​ក្រ​សួង​យុត្តិ​ធម៌​សំ​ដែង​នូវ​ការ​សោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេ​រិកប្រ​ចាំ​កម្ពុ​ជា​​ ​ដែល​ផ្សាយ​ព័ត៌​មាន​​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាប់ ​មានចរិ​តបំ​ភ្លៃ ​និង​បំភ័ន្ត​ការ​យល់​ដឹង​របស់​សាធារ​ណ​មតិ​លើក​រ​ណី​សំ​ណុំ​រឿង​ព្រហ្ម​ទណ្ឌ​លោក​ ​កឹម​ ​សុខា ​ហើយ​ទម្លាក់​កំ​ហុស​ដោយ​អសុទ្ធ​ចិត្ត​លើ​ស្ថា​ប័ន​ ​អនុ​​វត្ត​ច្បាប់​កម្ពុ​ជា​ដែល​បាន​អនុ​វត្ត​តួនា​ទី​ សមត្ថ​កិច្ច​របស់​​ខ្លួន​ដោយ​ឯក​រាជ្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​ និង​នី​តិវិ​ធី​ជា​ធរ​មានរបស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​»​។​ ​

«​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​សូម​អំពាវនាវ​ដ៏ទទូច​ដល់​ស្ថាន​ទូត​សហរដ្ឋ​អា​មេរិក​នៅ​ភ្នំ​ពេញ ​សូម​បញ្ឈប់​ការ​បក​ស្រាយ​ដោយ​បំ​ភ័ន្ត​ ​និង​លាប​ពណ៌​នយោ​បាយ ទៅ​លើ​ការ​អនុ​វត្ត​ច្បាប់​របស់​ស្ថាប័​ន​មាន​សមត្ថ​កិច្ច​ និង​តុលាការ»។

លោ​ក​ ​គិ​ន ​ភា​ ប្រធាន​វិទ្យា​​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុ​ជា​បាន​ថ្លែង​ថា ​ការ​ធ្វើ​អត្ថា​ធិ​ប្បាយ​របស់​ស្ថាន​ទូត​​អាមេរិក​ប្រ​ចាំ​កម្ពុជា​បាន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុ​ជា ​រំលោភ​ទៅ​លើ​ការ​អនុ​វត្ត​ច្បាប់​របស់​អាជ្ញា​ធរ​កម្ពុ​ជា ​និង​បំ​ភ័ន្តអន្តរ​ជាតិ​ ​និង​ព្យា​យាម​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំ​នង​រវាង​ប្រទេស ​កម្ពុ​ជា ​និង​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា​៖ ​«​ការ​លើក​ឡើង​របស់​គា​ត់ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ខ្លះ​ពី​សា​ធារ​​ណៈ​មតិ​ ​មហា​ជន ​និង​មតិ​អន្តរជាតិ ​មួយ​ចំនួន​ ក៏​ប៉ុន្តែ​វា​មិន​អាច​បិទ​បាំង​ទោស​កំហុស​លោក​ កឹម​ សុខា​ និ​​ងធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​នីតិ​​វិធី​ របស់​តុលា​ការ​កម្ពុ​ជា​​បាន​ទេ​។​ ​មិន​អាច​ស្លឹក​ចេក​មួយ​ធាង​បិទបាំង​ដំរី​យ៉ាង​ធំ​នោះ​ទេ​។​ ​អា​មេ​​រិក​និយាយ​ដូច​នេះ​ដោយ​សារ​តែ​ករណី​លោក​ កឹម ​សុខា ​មាន​ជាប់​ពាក់​​ព័ន្ធ​នឹង​ខ្លួន»។

លោក​​​ថា​​ ​រហូត​ដល់​ពេល​នេះ​សហ​រដ្ឋ​អា​មេរិក​នៅ​មិន​ទាន់​បាន​ឆ្លើយ​នឹង​សំ​ណួរ​របស់​លោក​នា​យក​រដ្ឋ​​មន្ត្រី​ថា​ ស​ហរដ្ឋ​អា​មេ​រិក​ពិត​ជា​បាន​នៅ​ពី​ក្រោយ​ខ្នង​លោក​ កឹម​ សុខា ​ដែរ​ឬ​ទេ?​ហើយ​ការ​លើកឡើង​របស់​លោក​ កឹ​ម​ សុខា​ ពិតមែន​ឬ​ក៏​ជា​ការ​ភូត​ភរ​ ហើយ​ថា​​ប្រសិន​បើ​សហ​រដ្ឋ​អា​មេរិក​ថា​ខ្លួន​ស្អាត​ស្អំ​ និង​មិន​ជាប់​ពាក់​ព័ន្ធ​លោក កឹម​ សុខា ​ពួក​គេ​គួ​រតែ​ធ្វើការ​បក​ស្រាយ​ឲ្យ​បាន​ច្បាស់។

លោក​ ​ឡៅ​ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោ​បាយ​បាន​អះ​អាង​ថា​៖​ «​ស្ថាន​ទូត​អា​មេរិក​និ​យាយ​ការពិត​ ខណៈ​ដែល​ក្រ​សួង​យុត្តិ​ធម៌​កម្ពុ​ជា​​បា​ន​ដក​​ស្រង់​ខ្លឹម​សារ​​ច្បាប់​ដែល​ក្នុង​ករណី​ឃុំ​ខ្លួន​លោក​ កឹម​ ​សុខា ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត»។

ចំណែកលោក​ មាស ​នី​ អ្នកវិភាគ​នយោ​បាយម្នាក់​ទៀត ក៏​បា​ន​​​​ថ្លែង​ដែរ​​ថា​ រហូត​មកទល់​​ពេល​នេះ​​តុលា​ការ​នៅមិន​ទាន់​បាន​រ​ក​ឃើញ​ថា​ តើ​ស្ថាប័ន​ឬ​ បុគ្គលណា​មួយ​ ដែល​បាន​ធ្វើ​ការ​ជាមួយ​​លោក​ ​កឹម​ សុខា ​ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា។

លោក​ថា​៖​ «​បើ​តុលា​ការ​ហ៊ាន​និយាយ​ថា​ អា​មេរិក​នៅ​ពី​ក្រោយ​ លុះ​ណា​តែ​តុលា​ការ​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ដើ​ម្បី​យក​មក​កាត់​ទោ​ស​លោក​ កឹម​ សុខា​។​ យើង​ចោទ​​ប្រកាន់​អាមេរិក​ អាមេរិក​​នឹង​ធ្វើ​កា​រ​ការ​ពារ​ខ្លួន​គេ​ហើយ»៕