ភ្នំពេញៈ ក្រសួង​យុត្តិធ​ម៌នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃទី ៣១​ ខែមីនា​ ស្អែក​នេះ​ ដើម្បី​ពិនិត្យ​ និង​វាយត​ម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស និ​ង​លើក​លែង​ទោស​នា​ឱ​កាស​បុណ្យចូ​លឆ្នាំ​ប្រពៃណី​​ខ្មែរ​ខាង​មុខ​នេះ ខណៈ​ឈ្មោះ​ទាំ​ងនោះ​មាន​ចំនួន​ ៥៤២ នា​ក់។

រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះ​ថា នៅ​ព្រ​ហ​ស្ប​ត្តិ៍​ ទី ៣១​ មីនា វេលា​ម៉ោង ២ និង​ ៣០ នាទី រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិ​ទ្ធ​ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្មការ​ថ្នាក់​ជាតិ​នេះតាម​ប្រព័ន្ធ​អេ​ឡេ​ត្រូ​និ​ក (ZOOM) ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ត្រូវ​បាន​ស្នើសុំ​បន្ធូរ បន្ថយ​ទោស និង​លើក​លែង​ទោស​ក្នុងឱ​កាស​ពិធីបុ​ណ្យ​ចូលឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ឆ្នាំ​ ២០២១។

លោក​ឱ្យ​ដឹង​ថា កិ​ច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​តាម​សំណើ​សុំ​ពី​គណៈ​កម្មការ​រាជ​ធានី​ខេត្ត​ចំនួ​ន ២៣ (ពន្ធ​នាគារ​រាជធា​នី-ខេត្ត​ ចំនួន​ ២៣) និង​គណៈ​កម្មការ​ក្រសួង​មហា​ផ្ទៃ (មណ្ឌល​អប់រំ​កែប្រែ​ទាំង ៤) ដែល​សរុប​ទណ្ឌិត​មាន​ចំនួន​ ៥៤២​ នាក់ (ស្រី​ ៦៨​ នាក់) ក្នុងនោះ​ស្នើសុំ​លើក​លែ​ង​ទោស​ចំនួន ៧០ នាក់ (ស្រី​ ៩ នាក់) និង​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​ចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់)។

យោង​តាម​ព្រះរាជ​ក្រឹត្យ​ដែល​មាន ៦ ​ជំពូក និង ១៩ មាត្រា ឡា​យព្រះហ​ស្តលេ​ខា​ដោយ​ព្រះករុ​ណា​ព្រះបា​ទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហ​មុនី ពិធី​បុណ្យ​ដែល​អាច​ស្នើសុំ​ការប​ន្ធូ​របន្ថយ​ទោស​និង​លើក​លែងទោ​ស​ចំពោះ​ទណ្ឌិត​ត្រូវបាន​កំណត់ ​៥ ​ដង ​ក្នុង ១ ​ឆ្នាំ។ ក្នុងនោះ​មាន​ដូច​ជា ទិវា​ជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជ​សាសន៍​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជា​តិ ពិធី​បុណ្យ​វិសាខ​បូជា ពិធី​បុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​។

ព្រះរាជក្រឹត្យ​បញ្ជាក់ថា «ការបន្ធូរបន្ថយ​ទោសនិង​ការលើកលែងទោស​ចំពោះ​ទណ្ឌិត​ក្នុង​គោលបំណង​ ដើម្បី​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​នោះ​ឱ្យ​ចូលទៅ​រួមរស់​នៅក្នុងសង្គម​វិញ ឬ​ក្នុង​គោលបំណង​ផ្នែក​មនុស្សធម៌ហើយ​អាចអនុវត្ត​បានតែ​ចំពោះ​ទណ្ឌិត​ដែល​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ដោយ​សាលក្រមឬ​សាលដីកា​ស្ថាពរ​ប៉ុណ្ណោះ»៕