
សិស្សជាប់ជយលាភីពេលទទួលរង្វាន់កាលពីថ្ងៃអាទិត្យ។ សហការី
សៀមរាបៈ ក្រសួងអប់រំយុវជន និងកីឡា បានរកឃើញសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាចំនួន ៦០ នាក់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំនេះ បន្ទាប់ពីប្រឡងនៅក្រុងសៀមរាបកាលពីសប្ដាហ៍មុនដោយមានបេក្ខជនប្រកួត ៤៨០ នាក់ ប៉ុន្តែលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងនេះបានរំឭកអ្នកធ្លាក់កុំឲ្យបាក់ទឹកចិត្ដ និងត្រូវខំរៀនបន្ថែមដើម្បីប្រឡងលើកក្រោយ។
ថ្លែងនៅក្នុងពិធីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស និងចែករង្វាន់ជយលាភីកាលពីថ្ងៃទី ២៨ មេសា នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងខេត្តសៀមរាប ទីដែលយកធ្វើជាមណ្ឌលប្រឡង លោក ហង់ ជួនណារ៉ុន បានលើកឡើងថា៖ «បើក្មួយៗបន្តខំរៀនបន្ថែមទៀត ទោះមិនជាប់ជយលាភីសិស្សពូកែ ក៏ក្មួយៗប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានដែរ និងអាចទទួលបាននិទ្ទេសល្អផងក៏មាន។ កត្តាសំខាន់នោះ គឺរៀនជាប់ជានិច្ច ទាំងអ្នកជាប់ និងអ្នកមិនជាប់ជយលាភីគឺមិនត្រូវបោះបង់ការសិក្សាឡើយ»។
ដោយបានលើកឡើងពីលទ្ធផលនៃ ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែនាពេលកន្លងមក លោករដ្ឋមន្ដ្រី ក្រសួងអប់រំបានថ្លែងថា អតីតជយលាភីសិស្សពូកែបានផ្តល់មោទនភាពជាតិ ដោយបានចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិជាបន្តបន្ទាប់ និងបាននាំមេដាយ និងពានរង្វាន់នានាមកជូនជាតិមាតុភូមិផងដែរ។
លោកបានថ្លែងថា៖ «ក្មួយៗ ដែលទទួលបានជយលាភីសិស្សពូកែ និង ជាសិស្សពូកែទាំងអស់ត្រូវបន្តខិតខំកសាងខ្លួនឱ្យក្លាយជាយុវជនជឿនលឿន ជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ និងស្វែងរកកិត្តិយសថ្មីៗទៀតជូនជាតិមាតុភូមិ»។
ក្រៅពីនោះ លោករដ្ឋមន្ដ្រីក៏បានជំរុញដល់គ្រប់មន្ទីរអប់រំទាំងអស់ឲ្យយកចិត្តទុកដាក់ពិនិត្យតាមដានលើការជ្រើសរើសជយលាភីសិស្សពូកែថ្នាក់រាជធានី-ខេត្ត ឲ្យកាន់តែល្អប្រសើរថែមទៀតផងដែរ ពោលគឺឲ្យចំសិស្សពូកែថ្នាក់ខេត្តពិតប្រាកដមុននឹងបញ្ជូនមកចូលរួមប្រឡងប្រជែងនៅថ្នាក់ជាតិនៅឆ្នាំក្រោយៗទៀត។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការរៀបចំការប្រឡងបង្ហាញថា សិស្សកម្រិតថ្នាក់ទី ៩ ដែលជាប់ជយលាភីផ្នែកអក្សរសិល្ប៍ខ្មែរ មាន ១០ នាក់ ផ្នែករូបវិទ្យា ១០ នាក់ និង ផ្នែកគណិតវិទ្យា ១០ នាក់ និងសិស្សកម្រិតថ្នាក់ទី ១២ ដែលជាប់ជយលាភីផ្នែកអក្សរសិល្ប៍ខ្មែរមាន ១០ នាក់ ផ្នែករូបវិទ្យា ១០ នាក់ និងផ្នែកគណិតវិទ្យា ១០ នាក់។
គួរបញ្ជាក់ថា គិតមកទល់ឆ្នាំនេះគឺជាលើកទី ២៦ ហើយ ដែលក្រសួងអប់រំរៀបចំឲ្យមានការប្រឡងជ្រើសរើសដណ្តើមយកជយលាភីសិស្សពូកែទូទាំងប្រទេស ដោយខេត្តសៀមរាបបានធ្វើម្ចាស់ផ្ទះ ៦ លើកមកហើយគិតទាំងលើកនេះផង។
បើតាមសេចក្ដីប្រកាសគ្រប់បេក្ខជនដែលជាប់ជយលាភីទទួលបានវិញ្ញាបនបត្រសិស្សពូកែថ្នាក់ជាតិ ១ សន្លឹក មេដាយមាស ប្រាក់ និងសំរឹទ្ធ រីឯប្រាក់រង្វាន់ចាប់ពីលេខ ១ ដល់លេខ ១០ មានពី ៣,៥ លានរៀល មកត្រឹម ៨ សែនរៀល។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រសួងអប់រំបានកំណត់យកជយលាភីសិស្សពូកែនៅកម្រិតថ្នាក់ទី ៩ ចំនួន ៣០ នាក់ កម្រិតថ្នាក់ទី ១២ ចំនួន ៣០ នាក់ជារៀងរាល់ឆ្នាំ។
លោកបានបន្តថា៖ «ជាសរុបជាប្រចាំឆ្នាំ យើងត្រូវជ្រើសរើសជយលាភីសិស្សពូកែ ចំនួន ៦០ នាក់ ជារៀងរាល់ឆ្នាំ។ ចំណែកបេក្ខជនប្រឡងចំនួន ៤៨០ នាក់ ជារៀងរាល់ឆ្នាំនេះ ត្រូវបានចែកចេញជា ២ គឺ ២៤០ នាក់ សម្រាប់សិស្សពូកែកម្រិតថ្នាក់ទី៩ និង ២៤០ នាក់ទៀត សម្រាប់សិស្សពូកែកម្រិតថ្នាក់ទី ១២ នៅទូទាំងប្រទេស»។
យុវតី លី សុវណ្ណឡេង សិស្សថ្នាក់ទី ១២ មកពីវិទ្យាល័យអន្ដរជាតិយូអេសអេក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង និងជាសិស្សជាប់ជយលាភីលេខ ៥ ផ្នែករូបវិទ្យានៅឆ្នាំនេះបានឱ្យដឹងថា ទម្រាំបានប្រឡងជាប់ជយលាភីនេះ នាងបានចូលរួមការប្រឡងជាច្រើនលើកទាំងនៅវិទ្យាល័យដែលកំពុងរៀនផ្ទាល់រហូតដល់ថ្នាក់ខេត្ដទើបឈានដល់ការប្រឡងថ្នាក់ជាតិ។
យុវតីវ័យ ១៨ ឆ្នាំរូបនេះបានបន្តថា៖ «ខ្ញុំកំពុងតែរៀបគម្រោងរៀនបន្ថែមទៀតសម្រាប់ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខ ព្រោះនៅសល់ពេលតែជាង ១១០ ថ្ងៃទៀតទេ នឹងដល់ការប្រឡងហើយ អ៊ីចឹងត្រូវខិតខំរៀនមែនទែន ដើម្បីយកបាននិទ្ទេសល្អ»។
សុវណ្ណឡេង បានឱ្យដឹងថា ពេលរៀននៅសាលា នាងជាសិស្សម្នាក់ដែលតែងរៀនជាប់ចំណាត់ថ្នាក់ល្អក្នុងរង្វង់ពីលេខ ១ ដល់លេខ ៣ និងជាសិស្សពូកែផ្នែករូបវិទ្យានេះតាំងពីថ្នាក់ទី ៩ រហូតមកម្ល៉េះ។
លោក ឡេង សាវុធ នាយកវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ខេត្ដព្រៃវែង បានឱ្យដឹងថា សិស្សក្នុងវិទ្យាល័យលោកបានជាប់ជយលាភីផ្នែករូបវិទ្យាមានចំនួន ២ នាក់ ដោយម្នាក់ជាប់នៅកម្រិតថ្នាក់ទី ៩ និងម្នាក់ទៀតកម្រិតថ្នាក់ទី ១២។
លោកបានថ្លែងថា តាមរយៈកំណែទម្រង់វិស័យអប់រំរបស់ លោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ការរៀន និងការបង្រៀននៅវិទ្យាល័យរបស់លោកមានការរីកចម្រើនច្រើន ដោយមានសិស្សប្រឡងជាប់និទ្ទេស A និងសិស្សពូកែថ្នាក់ជាតិថែមទៀតផង។
លោកបន្តថា៖ «កិច្ចការងារនេះ ក៏កើតឡើងដោយកត្ដារួមផ្សំទាំងអស់គ្នាដែរ តាមរយៈលោកគ្រូអ្នកគ្រូខិតខំប្រឹងប្រែងបង្រៀន និងការខិតខំប្រឹងប្រែងរបស់សិស្សខ្លួនឯងទើបពួកគាត់ទទួលបានជោគជ័យបែបនេះ។
ក្រោយពីមានកំណែទម្រង់របស់ឯកឧត្ដមរដ្ឋមន្ដ្រីចំពោះការប្រឡង ២ ដងតាំងពីឆ្នាំ ២០១៤ មក សិស្សបានខិតខំប្រឹងប្រែងរៀនសូត្រខ្លាំងមែនទែន។ សិស្សបានដាក់ចិត្តរៀនសូត្រ រៀនទាំងនៅសាលារដ្ឋ និងរៀនគួរបន្ថែមផងដែរ»៕