
គ្រូពេទ្យកំពុងយកសំណាក ដើម្បីពិនិត្យជំងឺកូវីដ១៦ កាលពីថ្ងៃទី១៦ខែមីនា។ រូបថត TYDA
ភ្នំពេញ៖ ថ្ងៃនេះមនុស្សចំនួន៤៨នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ក្នុងនោះអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានរហូតដល់៤៧នាក់ ខណៈអ្នកដែលបានព្យាបាលជាសះស្បើយ មានចំនួន១៥នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ។
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានរយៈពេល១ខែ និង០១ថ្ងៃមកហើយ ដែលមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍នេះមានរហូតទៅដល់១១៦២នាក់ ក្នុងនោះអ្នកត្រូវបានព្យាបាលជាសះស្បើយ មានចំនួ៤៤៦នាក់ ប៉ុន្តែបានបណ្ដាលឲ្យមនុស្សស្លាប់រហូតដល់៣នាក់។
អ្នកជំងឺចំនួន១៥នាក់ ដែលជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានព្យាបាលជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគាត់មានតេស្តអវិជ្ជមានកូវីដ១៩ចំនួន២ដង។
គិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន១៦៨០ នាក់អ្នកជាសះស្បើយចំនួន ៩៥០ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៧២៥ នាក់ និងមានអ្នកស្លាប់ចំនួន ០៣ នាក់៕