ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ក្នុង​ព្រឹត្ដិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន ២៦២ នាក់​ទៀត ដែល​ភាគ​ច្រើន​បំផុត​ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ខណៈ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ៧៤ នាក់។ នេះ​បើ​តាម​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​មុន​នេះ​បន្តិច​បាន​បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង ២៦២ នាក់ គឺ​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន ២៣២ នាក់, ព្រះសីហនុ ១២ នាក់,កណ្តាល ៤ នាក់, ព្រៃវែង ២ នាក់, ពោធិ៍សាត់ ២ នាក់, សៀមរាប ២ នាក់, តាកែវ ២ នាក់, កំពង់ចាម ២ នាក់, ត្បូងឃ្មុំ ១ នាក់, កំពង់ស្ពឺ ១ នាក់, កំពង់ធំ ១ នាក់ និង​ស្វាយរៀង ១ នាក់។

សម្រាប់​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​ទាំង ៧៤ នាក់​វិញ ក្នុង​នោះ​មាន ២ នាក់ ជា​អ្នក​ដំណើរ​ចូល​មក​កម្ពុជា គឺ​បុរសជន​ជាតិ​ឥណ្ឌូនេស៊ី អាយុ ៣៦ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ជា​អ្នក​ដំណើរ​មក​ពី​ឥណ្ឌូនេស៊ី​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ និង​បុរស​ជនជាតិ​ឥណ្ឌា អាយុ ២៨ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២១។ ពួក​គេ​ទាំង ២ នាក់​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូវីដ ១៩ ចំនួន ២ លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរព្យាបាល។

ចំណែក​ករណី​ជា​សះស្បើយ​ចំនួន ៧២ នាក់​ទៀត គឺ​ជា​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្ដិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​ខេត្ដ​ព្រះសីហនុ កែប កោះកុង ស្វាយរៀង និង​រាជធានី​ភ្នំពេញ។

យោង​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៦ មេសា ២០២១ នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូវីដ​ ១៩ កើន​ដល់ ៣៨ នាក់​ហើយ ក្នុង​នោះ ស្រី ១៦ នាក់។

គិត​ត្រឹម​ថ្ងៃ​ដដែល​នេះ អ្នក​ឆ្លង​កូវីដ ១៩ សរុប​មាន​ចំនួន ៥ ៤៨០ នាក់ ក្នុង​នោះ​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន ៤ ៩៣៨ នាក់។ ចំណែក​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ២ ៣៩៣ នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៣ ០៤៤ នាក់៕