ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃ អង្គារ ទី ១៦ ខែ មីនា ឆ្នាំ ២០២១ នេះថា មនុស្សចំនួន ១០៥ នាក់ ត្រូវបានរកឃើញឆ្លងវីរុសកូវីដ ១៩ ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់ ខណៈអ្នកជាសះស្បើយមានចំនួន ៨៨ នាក់។
យោងតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា អ្នកដែលឆ្លងទាំងនេះមានក្នុងរាជធានីភ្នំពេញចំនួន ២៩ នាក់ ខេត្តកណ្តាល ៦៤ នាក់ ខេត្តព្រះសីហនុ ៨ នាក់ ខេត្តកោះកុង ៣ នាក់ និងខេត្តព្រៃវែងម្នាក់។
ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺដែលមានវិជ្ជមានកូវីដ ១៩ ទាំង ១០៥ នាក់នោះមានជនជាតិខ្មែរចំនួន ៣៥ នាក់ ជនជាតិចិនចំនួន ៥០ នាក់ ជនជាតិវៀតណាមចំនួន ១១ នាក់ ជនជាតិថៃចំនួន ៨ នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។
គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ១៦ ខែមីនានេះ កម្ពុជាមានអ្នកមានវិជ្ជមានកូវីដ ១៩ សរុបចំនួន ១ ៤៣០ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៨១៨ នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៦០៩ នាក់ និងមានអ្នកស្លាប់ម្នាក់៕