ភ្នំពេញៈ មនុស្សចំនួន ៤៧៧ នាក់ត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុង នោះរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃសៅរ៍ទី ១០ ខែមេសា ឆ្នាំ ២០២១ នេះ។
ក្រសួងបានប្រកាសថា ចំនួនអ្នកឆ្លងទាំងនេះមាននៅរាជធានីភ្នំពេញចំនួន ៤៥៤ ខេត្តព្រះសីហនុចំនួន ៦ នាក់ ខេត្តកណ្តាល តាកែវ និងស្វាយរៀងចំនួន ៤ នាក់ដូចគ្នា ខេត្តព្រៃវែងមានចំនួន ៣ នាក់ ខណៈដែលខេត្តកំពង់ធំ និងសៀមរាបមានឆ្លងចំនួន ០១ នាក់ដូចគ្នា។
ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ បានធ្វើឱ្យចំនួននៃអ្នកឆ្លងសរុបមានចំនួនដល់ ៣៥៤៩ នាក់ ក្នុងនោះមានស្រីចំនួន ២០៩០ នាក់។ នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាសពីការព្យាបាលជាសះស្បើយនូវអ្នកជំងឺកូវីដដែលសុទ្ធតែនៅក្នុងព្រឹត្តិការណ៍សហគមន៍គឺមានចំនួន ៩៦ នាក់ផងដែរ។
ទន្ទឹមនឹងនេះដែរ ក្រសួងបានប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់ អាយុ ៥៩ ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ម្សិលមិញដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជាមានចំនួន ២៦ នាក់។
បើតាមរបាយការណ៍របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសរូបនេះរស់នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានស្លាប់បាត់បង់ជីវិតរួចហើយមុនពេលចូលដល់មន្ទីរពេទ្យនេះ ប៉ុន្តែដោយការសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាក ដើម្បីពិនិត្យមើល ហើយបានទទួលលទ្ធផលវិជ្ជមានកូវីដ១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសរូបនេះបានស្លាប់ដោយសារជំងឺកូវីដ១៩ (Mourant entrant avec Covid-19)។
គិតត្រឹមព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងបានរកអ្នកមានវីរុសវិជ្ជមានសរុបទូទាំងប្រទេសចំនួន ៤០៨១ នាក់ក្នុងនោះអ្នកជាសះស្បើយមានចំនួន ២០៨០ នាក់ អ្នកកំពុងព្យាបាល ១៩៧០ នាក់ និងអ្នកស្លាប់ចំនួន ២៦ នាក់៕