ភ្នំពេញ៖ ថ្ងៃនេះក្រសួងសុខាភិបាល​​ប្រកាស​ពី​ករណី​ឆ្លង​ជំងឺកូវីដ ១៩ ​មានចំនួន​ ២៩​ នាក់បន្ថែម​ទៀត​ ក្នុង​នោះ​អ្នក​ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​មាន​ចំនួន​ ២៧ នាក់ ចំណែក​អ្នក​ដែល​បាន​ព្យាបាល​ជាសះ​ស្បើយ ​មាន​រហូត​ដល់​ ៣៤ ​នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០ កុម្ភៈ កើត​មាន​នៅ​ទីក្រុង​ភ្នំពេញ​ ចំនួន​ ២២​ នាក់ ​ខេត្តកោះ​កុង​ ៣ ​នាក់ ខេត្ត​ត្បូង ឃ្មុំ​ម្នាក់ និង​ខេត្ត​កណ្តាល​ម្នាក់។

ចំណែកអ្នក​ជំងឺ ២ នាក់​ ដែល​មិន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​នេះ​ ជាអ្នក​​ដំណើរ​ជន​ជាតិឥណ្ឌូនេស៊ី និង​ជន​ជាតិ​ហ្វីលីពីន ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី បន្ត​ជើង​ហោះ​ហើរ​ នៅ​ប្រទេស​សិង្ហបុរី មក​ដល់​ប្រទេសកម្ពុជា​កាល​ពី​ថ្ងៃ​ទី​ ២២ ខែ មីនា ឆ្នាំ​ ២០២១។

ជាមួយ​គ្នានេះដែរ ក្រសួង​ក៏​បានព្យាបាល​អ្នកជំងឺកូវីដ ១៩​ ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​នេះ ​រហូត​ជាសះស្បើយ​ចំនួន​ ៣៣ នាក់ និង​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​ផងដែរ បន្ទាប់​ពី​តេស្ត​មាន​លទ្ធផល​អវិជ្ជមាន​ចំនួន ​២ ដង។

គិតត្រឹម​ព្រឹក​ថ្ងៃទី​ ២៤​ ខែ មីនា ឆ្នាំ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ ​១៩​ សរុប ១ ៨១៧ នាក់ ក្នុង​នោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហគ​មន៍ ​២០ ​កុម្ភៈ មាន​ចំនួន​ ១ ២៩៣​ នាក់ អ្នក​ដែល​បាន​ជាសះ​ស្បើយ​ ចំនួន​ ១ ០៣៣ ​នាក់ អ្នក​ជំងឺ​កំពុងសម្រាក​​ព្យាបាល ចំនួន​ ៧៧៧ នាក់ និង​មាន​អ្នកស្លាប់​ចំនួន ០៥ នាក់៕