ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ចំនួន ៣៦ នាក់​ ត្រូវ​បាន​រក​ឃើញ​បន្ថែម​ទៀត​ ដែល​ក្នុង​នោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន ៣៥ នាក់ ដែល​ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​កើន​ឡើង​ជាង ១ ០០០ នាក់។

នៅ​ថ្ងៃ​នេះ​ដែរ ក្រសួង​ក៏​បាន​ប្រកាស​ពី​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ ជា​សះស្បើយ​រហូត​ដល់ ៥៨ នាក់ ដែល​ក្នុង​នោះ ៥៤ នាក់​ជា​អ្នក​ជំងឺ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី៣ នេះ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​បាន​បន្ត​ថា អ្នក​ដែល​ឆ្លង​ថ្មី​នេះ កើត​មាន​នៅ​ក្នុង​ខេត្ត​កណ្តាល​ចំនួន ២១ នាក់ និង​រាជធានីភ្នំពេញ​ចំនួន ១៤ នាក់។ ចំណែក​អ្នក​វិជ្ជមាន​កូវីដ ១៩ ម្នាក់​ទៀត ជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​ហ្វីលីពីន មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ៣ ខែ​ មីនា ឆ្នាំ ២០២១។

គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​មាន​វិជ្ជមាន​វីរុស​កូវីដ ១៩ សរុប​ចំនួន ១ ៥៤១ នាក់ ក្នុង​នោះ​អ្នក​ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​មាន​រហូត​ដល់ ១ ០២៥ នាក់ ឯ​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ៨៩៨ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៦៤០ នាក់ និង​ស្លាប់​ម្នាក់៕