ភ្នំពេញ៖ ក្រសួង​សុខាភិបាល​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន ៧៥ នាក់​បន្ថែម​ទៀត ខណៈ​មាន​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ២២ នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ចេញ​នៅ​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១ នេះ។

របាយការណ៍​បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​នេះ​មាន​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៥០ នាក់ ខេត្ត​កណ្តាល ២២ នាក់ ខេត្ត​ព្រៃវែង​ចំនួន ២ នាក់ និង​ខេត្ត​តាកែវ​ម្នាក់។ ចំនួន​ឆ្លង​ថ្មី​នេះ ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​កើន​ឡើង​រហូត​ដល់ ៩៩០ នាក់។

ក្រសួង​បន្ត​ថា នៅ​ថ្ងៃ​នេះ​ដែរ អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ២២ នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន ២១ នាក់។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី៣ នេះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ៣៤០ នាក់​ហើយ។

គិត​ត្រឹម​ថ្ងៃទី ១៧ ខែ​មីនា​នេះ កម្ពុជា​មាន​អ្នក​វិជ្ជមាន​វីរុស​កូវីដ ១៩ សរុប​ចំនួន ១ ៥០៥ នាក់ ក្នុង​នោះ​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ៨៤០ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៦៦២ នាក់ និង​អ្នក​ស្លាប់​ម្នាក់៕