ភ្នំពេញៈ ​ក្រសួង​បរិស្ថាន ​កំពុង​ពិចារ​ណា​រក​ទី​តាំង​សុវត្ថិភាព ​ដើម្បី​រក្សា​ទុក​ភ្លុក​ដំរី​ និង​សំណាក​សត្វ​កម្រ​ឱ្យ​សាធា​រណជន​ទស្ស​នា ​និង​សិក្សា​ស្រាវ​ជ្រាវ​វិញ​ ខណៈ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ធ្លាប់​ស្នើ​រដ្ឋាភិបាល​ដុត​កម្ទេច​ចោល។

​លោក ​នេត្រ​ ភក្ត្រា ​រដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា ​បច្ចុ​ប្បន្ន​ ភ្លុក​ដំរី​ ដែល​អាជ្ញា​ធរ​កម្ពុជា​ចាប់​បាន ​ខ្លះ​កំពុង​ជាប់​សំណុំ​រឿង​នៅ​តុលា​ការ​ ហើយ​ភ្លុក​ដំរី​ដែល​ចាប់​បាន​ត្រូវ​បាន​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព។​

​លោក​បាន​បន្ដ​ថា ​ក្រោយ​ពី​មាន​ការ​សម្រេច​ពី​តុលា​ការ ​អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​ពិនិត្យ​លទ្ធ​ភាព​បន្ថែម​ទៀត​។​ គោលដៅ​របស់​រដ្ឋា​ភិបាល ​គឺ​រក្សា​ទុក​ភ្លុក​ដំរី​ កុយ​រមាស​ឬ​សំណាក​សត្វ​កម្រ​ផ្សេង​ទៀត​ ដើម្បី​ដាក់​តាំង​ពិព័រណ៍ឱ្យ​សាធា​រណ​ជន​ទស្ស​នា​ ក៏​ដូច​ជា ​សម្រាប់​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រភេទ​សត្វ​ទាំងនោះ។​

​លោក​ ភក្រ្តា ​បាន​បញ្ជាក់​ថា​៖​​ «​យើង​នឹង​គិត​គូរ​ពិចារ​ណា​ថា​ តើ​ត្រូវ​រៀប​ចំ​កន្លែង​ទុក​ដាក់​ រ​បៀប​ណា​ដែល​មាន​សុវត្ថិ​ភាព​​ផង​ និង​អាច​អនុញ្ញាត​ឱ្យ​សាធា​រណ​ជន​ ឬ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ អាច​ចូល​មើល​ និង​សិក្សា​ផង»។​

​លោក​ បាន​ឱ្យ​ដឹង​ថា ​សំណាក​សត្វ​កម្រ​ដែល​ត្រូវ​រក្សា​ទុក​នោះ​រួម​មាន​ ភ្លុក​ដំរី ​កុយ​រមាស ​ស្រកាពង្រូល​ជា​ដើម។​ ប៉ុន្ដែ​ចំពោះ​ផែន​ការ​រក្សា​ទុក​ភ្លុក​ដំរី​នេះ ​ក្រសួង​បរិ​ស្ថាន​នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ថា​ អាច​នឹង​បញ្ចប់​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។​

កាល​ពី​ខែកុម្ភៈ ឆ្នាំ​ ២០១៧​ លោកនាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន ​សែន ​ធ្លាប់​បាន​ជំទាស់​នឹង​សំណើ​របស់​អង្គ​ការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ​និង​ទូ​ត​ប​រទេស​​មួយ​ ​ដែល​បាន​ស្នើ​ឱ្យ​​បំផ្លាញ​ភ្លុក​ដំរី​ជាង​ ១ ​តោន​ ដែល​សមត្ថ​កិច្ច​កម្ពុជា​​ចាប់​បាន ​កាល​ពី​ចុង​ឆ្នាំ​ ២០១៦ ​ដើម្បី​រក្សា​ទុកតាំង​ពិព័រណ៍។​

ពេល​នោះ​លោក​ ហ៊ុន សែន ថ្លែង​ថា៖ ​«​រឿង​អី​វា​ត្រូវ​កម្ទេច​ចោល​? ​ដូច​បំបាត់​ភ័ស្តុតា​ង​ចោល​អ៊ីចឹង។​ អ៊ីចឹង​យើង​ដាក់​តាំង​ពិ​ព័រណ៍​មួយ​អំពី​សារ​ធាតុ​ពី​អាហ្នឹង​មាន​គ្រប់​ប្រភេទ​ភ្លុក​ដំរី ​កុយ​រមាស»។​

លោក​ ចាន់​ វិចិត្រ​ ប្រ​ធាន​កម្ម​វិធី​​អង្គ​ការ​សង្គ្រោះ​សត្វព្រៃ ​(Save Cambodia Wildlife) ​ បាន​ឲ្យ​ដឹង​ថា សំ​ណាក​សត្វ​កម្រ​ដូច​ជា​សត្វ​ដំរី​ជា​ដើម​នេះ​ គួរ​តែ​ត្រូវ​រក្សា​ទុក​​ សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ដឹង​ និង​សិក្សា​ស្រាវ​ជ្រាវ​ ដូច​ជា​បរទេស​ គេ​រក្សា​ទុក​សំណាក​សត្វ​ដាយ​ណូស័រ​ជាដើម។​

​លោក​ វិចិត្រ​ បាន​បដិ​សេធ​ចំពោះ​គំ​និត​ដែល​ចង់​បំផ្លាញ​សំណាក​សត្វ​កម្រ​នេះ ​ដោយ​បាន​បញ្ជាក់​ថា​ សំណាក​សត្វ​កម្រ​ដែល​ប្រទេស​ កម្ពុជា​ មាន​ ជា​របស់​ដែល​ចាប់​បាន​ពីជន​ល្មើស​ មិន​មែន​ជាអ្វី​ដែល​កម្ពុជា​បំផ្លាញ​នោះ​ទេ។​

​លោក​ វិចិ​ត្រ ​បាន​បញ្ជាក់​ថា​៖​ «​អ្វី​ដែល​យើង​រក្សា​ទុក​នេះ ​ជា​របស់​ដែល​យើង​ចាប់​បាន​ពីជន​ល្មើស​មិន​មែន​យើង​ទៅ​ចូលរួម​បំផ្លាញ​ទេ​។ ​ដូច​ជា​អន្ទាក់ ​និង​ឧប​ករណ៍​សម្លាប់​សត្វ​ព្រៃ​ជា​ដើម ​ពេល​យើង​ចាប់​បាន​ ក្រសួង​បរិស្ថាន​បាន​យក​ទៅ​ទុក​តាំង​ពិ​ព័រណ៍ ​ប្រាប់​ដល់​សាធារ​ណ​ជ​ន​ពី​ប្រភេទ​អន្ទាក់​ទាំង​នោះ​ ដើម្បី​ឱ្យ​មនុស្ស​ទាំងអស់​ដឹង​ថា មនុស្ស​ខ្លះ​កាច​សាហាវ​ណាស់ ​បង្កើត​សម្ភារ​សម្លាប់​សត្វ​គ្រប់​ប្រភេទ។​ បើ​យើង​យក​អន្ទាក់​ទាំង​នោះ​ទៅ​បំផ្លាញ​ចោល​នឹង​លែង​មាន​ភ័ស្ថុ​​តាង និង​សំណាក​អ្វី​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ដឹង​ទៀត​ហើយ»។​

​កញ្ញា​ Suwanna Gauntlett ​នាយក​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ (Wildlife Alliance) ​ដែល​ជា​អង្គ​ការ​មួយ​ធ្លាប់​បាន​ស្នើ​​រដ្ឋាភិ​បាល​បំផ្លាញ​ភ្លុក​ដំរី​ និង​សំណាក​សត្វ​កម្រ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ។

គួរ​រំឭក​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ ​ធ្នូ ​ឆ្នាំ ២០១៦ ​សមត្ថ​កិច្ច​កម្ពុជា​បាន​រក​ឃើញ ​ភ្លុកដំ​រី​ កន្ទុយ​ ឆ្អឹង​ខ្លា​ និង​ស្រកា​ពង្រូល ​នៅ​ក្នុង​ទីតាំង​ផែ​ស្ងួត​ភ្នំពេញ​ ដែល​បង្កប់​ជាមួយ​ឈើ​ក្នុង​កុង​តឺន័រ​ចំនួន ​២​ ដឹក​មក​​ពី​ក្រុង​ព្រះសីហនុ។​ ក្នុង​ប្រតិ​បត្តិការ​នេះ​សមត្ថ​កិច្ច​បាន​រក​ឃើញ​ភ្លុក​ដំរី​ ៦៤០ ​ដុំ​ ទម្ងន់ ​១,៣​ តោន​ ស្រកា​ពង្រូល​ជាង​ ១៣៧,៦ គី​ឡូ​ក្រាម ​ឆ្អឹង​ខ្លាជាង​ ៨២ ​គីឡូ​ក្រាម​ និង​កន្ទុយ​ដំរី​ ទម្ងន់​ជិត​ ៥ ​គីឡូ​ក្រាម ផងដែរ៕​