ក្រចេះ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងកាលពីថ្ងៃទី ២៩ ខែកញ្ញា ថា រដ្ឋបាលខេត្តក្រចេះ និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្តក្រចេះបានរៀបចំ និងបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៣ ក្រុមរួមមាន ក្រុម ៩៩៨ គ្រួសារ, ក្រុម ៣៥៣ គ្រួសារ និងក្រុម ៣១ គ្រួសារ ស្ថិតនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២០ នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ការរៀបចំបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋសរុបទាំង ១ ៣៨២ គ្រួសារនេះ គឺស្របតាមនីតិវិធីសម្បទានដីសង្គមកិច្ច និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន។ ដូច្នេះបានសម្រេចបញ្ចប់ករណីខាងលើនេះ។
ដោយឡែកបើមានករណីតវ៉ាទាមទារដីធ្លីថ្មីៗដោយអះអាងថា សាមីខ្លួនជាក្រុមណាមួយនៃក្រុមទាំង ៣ ខាងលើនេះក្រសួង និងស្ថាប័នពាក់ព័ន្ធចាត់ទុកថា ជាការបង្កើតវិវាទដីធ្លីថ្មីដែលនឹងមិនត្រូវលើកយកមកដោះស្រាយ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។
លោក ហេង សុថា អភិបាលស្រុកឆ្លូងបានថ្លែងពីម្សិលមិញថា សំណុំរឿងទំនាស់ដីធ្លីនៅស្រុកឆ្លូងទាំងមូលត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរហើយ ដោយប្រជាពលរដ្ឋក្រីក្រចំនួន ៣ ក្រុមរួមមាន ក្រុម ៩៩៨ គ្រួសារ, ក្រុម ៣៥៣ គ្រួសារ និងក្រុម ៣១ គ្រួសារ សុទ្ធតែបានទទួលដីពីគណៈកម្មាធិការដោះស្រាយទំនាស់។
គណៈកម្មាធិការបានធ្វើការស្រង់ស្ថិតិ ធ្វើអត្តសញ្ញាណកម្មដី និងស្រាវជ្រាវយ៉ាងហ្មត់ចត់មុនពេលសម្រេចវាស់វែង ឬកាត់ដីបែងចែកពួកគាត់។ ប៉ុន្ដែទន្ទឹមការបែងចែកដីក៏មានក្រុមមេខ្យល់ខិលខូចញុះញង់ឱ្យពលរដ្ឋបន្តការតវ៉ាយកដីកន្លែងផ្សេងៗទៀត ដើម្បីយកទៅលក់។
លោក សុថា បញ្ជាក់ថា៖ «យើងបិទបញ្ចប់សំណុំរឿងនេះទាំងស្រុងគឺគ្មានអ្នកតវ៉ាយកដីទៀតទេ ប៉ុន្ដែបើតវ៉ា ក៏យើងគ្មានដីបែងចែកឱ្យទៀតដែរ។ ក្នុងហ្នឹង វាមានអ្នកដែលមិនសូវសប្បាយចិត្តជាមួយអាជ្ញាធរដែរ ព្រោះអ្នកខ្លះគាត់ចង់បានដីកន្លែងនេះ កន្លែងនោះតាមចិត្តរបស់គាត់ ប៉ុន្ដែក្នុងនាមយើងអាជ្ញាធរ មិនអាចធ្វើតាមចិត្តពួកគាត់បានទេ គឺអ្វីៗធ្វើទៅតាមនីតិវិធីច្បាប់»។
អ្នកស្រី យស់ ស្រអែម តំណាងពលរដ្ឋក្រុម ៣១ គ្រួសារ បានឱ្យដឹងពីម្សិលមិញថា ពលរដ្ឋ ២០ គ្រួសារ ក្នុងចំណោម ៣១ គ្រួសារ បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាលចំនួន ២ ហិកតា ក្នុង ១ គ្រួសារ។ ចំណែក ១១ គ្រួសារទៀតមិនទាន់បានទទួលដីនៅឡើយ ដោយអាជ្ញាធរអះអាងថា ពួកគាត់មិនមានសិទ្ធិទទួលបានដីសម្បទានសង្គមកិច្ច។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំទទួលបានដី ២ ហិកតាពីអាជ្ញាធរ ប៉ុន្ដែដីដែលបាត់ចំនួន ៧ ហិកតា តែទោះយ៉ាងណាក៏សប្បាយចិត្តដែរ ព្រោះបានដីមកវិញខ្លះ។
ចំណែកពលរដ្ឋនៅក្នុងក្រុមខ្ញុំនេះគឺមាន ១១ គ្រួសារមិនទាន់បានដីទេ សូមអំពាវនាវឱ្យអាជ្ញាធរបន្តការដោះស្រាយ និងបែងចែកដីជូនពលរដ្ឋដែលនៅសេសសល់នេះ ព្រោះពួកខ្ញុំក្រីក្រណាស់ គ្មានដីធ្វើកសិកម្ម ឬរស់នៅទេ»។
អ្នកស្រី ឈិន សុផាត ពលរដ្ឋទំនាស់ដីធ្លីរស់នៅឃុំកំពង់ដំរី ស្រុកឆ្លូងបាននិយាយពីម្សិលមិញថា អ្នកស្រីនៅក្នុងចំណោមពលរដ្ឋទំនាស់ដីធ្លីនៅឃុំកំពង់ដំរីដែរ ប៉ុន្ដែអ្នកស្រីនៅមិនទាន់បានដីពីអាជ្ញាធរ និងគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លីនេះទេ។ ក្រុមអ្នកស្រីមានគ្នាចំនួន ២១ គ្រួសារ ប៉ុន្ដែអាជ្ញាធរបានមើលរំលងក្រុមអ្នកស្រី ខណៈអ្នកស្រីបានដាក់ពាក្យបណ្ដឹងទៅក្រសួងតាំងពីដើមឆ្នាំ ២០១៩។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំអត់ទាន់បានទទួលដីពីអាជ្ញាធរទេ ហើយពួកខ្ញុំចំនួន ២១ គ្រួសារនេះក៏ជាអ្នករងគ្រោះដោយសារដីធ្លីដែរ។ ពួកខ្ញុំបានដាក់ពាក្យទៅក្រសួងរៀបចំដែនដីតាំងឆ្នាំ ២០១៩ តែគ្មានដំណឹងអី្វពីក្រសួងទេ ហើយពេលបែងចែកដីនេះក៏អ៊ីចឹងដែរ អាជ្ញាធរមិនកាត់ដីឱ្យពួកខ្ញុំទេ ខ្ញុំមិនដឹងថា មានមូលហេតុអ្វីទេ»។
ទោះយ៉ាងណាក៏ដោយលោក ធីម ហ៊ន មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តក្រចេះបានថ្លែងដោយជំរុញឱ្យអាជ្ញាធរសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះនៅមានពលរដ្ឋមួយចំនួនដែលរស់នៅក្នុងឃុំកំពង់ដំរី មិនទាន់បានទទួលការដោះស្រាយដីជូនពួកគាត់គ្រប់គ្នានៅឡើយ។
លោកថ្លែងថា៖ «ចំពោះការព្រមានចាត់វិធានការនេះគឺក្នុងន័យចាត់វិធានការអ្នកដែលទទួលបានដីហើយ តែពួកគាត់តវ៉ាចង់បានដីបន្ថែម អាហ្នឹងខ្ញុំគាំទ្រ។ ប៉ុន្ដែករណីអ្នកដែលមិនទាន់ទទួលបានដីផង ហើយអាជ្ញាធរចេញសារព្រមានបែបនេះ គឺខ្ញុំមិនគាំទ្រទេ។ អ៊ីចឹង អាជ្ញាធរត្រូវតែសើរើសំណុំរឿងពួកគាត់មកដោះស្រាយឡើងវិញ មិនអាចព្រមានចាត់វិធានការពួកគាត់ទេ គឺបន្តដោះស្រាយជូនពួកគាត់ទៀត»។
ក្រុមហ៊ុនកាសូទីតរបស់រុស្ស៊ី បានបណ្ដេញពលរដ្ឋមួយចំនួនចេញពីដីខ្លួនកាលពីឆ្នាំ ២០០៧។ បន្ទាប់មកក្រុមពលរដ្ឋទាំងនោះបានស្នើសុំដីសម្បទានសង្គមកិច្ចទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលបានសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចនៅឃុំកំពង់ដំរីជូនពលរដ្ឋ៕