ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើង​ពី​សមត្ថកិច្ច​របស់ខ្លួន​ក្នុង​ការអង្កេត​វាស់វែង​សុរិយោដី​នៃ​ក្បាលដី​ក្នុង​គោលបំណង​ផ្តល់​កម្មសិទ្ធិ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ ខណៈ​កន្លងមក​ការផ្តល់​សិទ្ធិ​ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ពី​រដ្ឋបាល​សុរិយោដី​។

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី​ ១៨ ខែ​មករា ដោយ​បាន​រៀបរាប់​ថា កន្លងមក​មាន​ករណី​នៃ​ការវាស់វែង និង​កំណត់​ព្រំក្បាលដី​ក្នុង​គោលបំណង​ផ្តល់​សិទ្ធិ​ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ​ដោយ​គ្មាន​ការពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ពី​រដ្ឋបាល​សុរិយោដី​នោះទេ​ដែល​ធ្វើឱ្យ​និយាម​ការ​នៃ​ក្បាលដី​ខ្វះ​ភាព​សុក្រឹត ជាន់​ក្បាលដី​គ្នា និង​បង្កឱ្យ​មាន​វិវាទ​ដីធ្លី​។

ដើម្បី​ចៀសវាង​បញ្ហា​ទាំងនេះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើឱ្យ​ក្រសួង ស្ថាប័ន​ដែលជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ និង​រដ្ឋបាល​រាជធានី​ខេត្ត អនុវត្ត​តាម​ការណែនាំ​មួយចំនួន ដើម្បី​ចៀសវាង​បង្ក​ភាពស្មុគស្មាញ​បន្តទៀត ជុំវិញ​ការផ្តល់​កម្មសិទ្ធិ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ​។

ក្រសួង​ណែនាំ​ថា​៖ «​រាល់​ការអង្កេត​វាស់វែង​សុរិយោដី​នៃ​ក្បាលដី ត្រូវអនុវត្ត និង​ផ្ទៀងផ្ទាត់​ដោយ​រដ្ឋបាល​សុរិយោដី​ដែលជា​អង្គភាព​មាន​សមត្ថកិច្ច​តែ​ ១ ​គត់ ក្នុង​ការវាស់វែង​កំណត់​ព្រំ​ក្បាលដី​ស្រប​តាម​ច្បាប់​ភូមិបាល​»​។

រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវប្រគល់​ភារកិច្ច​ជូន​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី-ខេត្ត ចុះ​វាស់វែង​កំណត់​និយាមការ​ និង​ផ្ទៀងផ្ទាត់​ជាមួយ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​សុរិយោដី​។

បន្ថែម​ពីនេះ​ក្រសួង​បាន​គូសបញ្ជាក់ថា រាល់​ទិន្នន័យ​វាស់វែង​ក្បាលដី​ក្នុង​គោលដៅ​ស្នើសុំ​គោលការណ៍​រាជរដ្ឋាភិបាល ដើម្បី​ផ្តល់​កម្មសិទ្ធិ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ​ត្រូវ​បញ្ជូនមក​អគ្គនាយករដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​របស់​ក្រសួង​ដែល​ជា​អង្គភាព​គ្រប់គ្រង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​សុរិយោដី​ទូទាំងប្រទេស ដើម្បី​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ជាមុន ហើយ​រាល់​ការជួល​ដីឯកជន​របស់​រដ្ឋ​ត្រូវ​ធ្វើការ​ចុះ​បញ្ជី​ចេញ​បណ្ណកម្មសិទ្ធិ​ជា​ដីឯកជន​របស់​រដ្ឋ​ជាមុន​។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នៅ​ថ្ងៃទី​ ១៨ ខែ​មករា បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​។

ប៉ុន្តែ​លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺជា​ច្រកចេញចូល​តែមួយ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​សុរិយោដី​ទូទាំង​ប្រទេស​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​យល់​ថា ការអង្កេត​វាស់វែង​ និង​ការកំណត់​ព្រំ​ក្បាលដី ច្បាស់ណាស់​គឺជា​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​ក្រសួង​សាមី​ក្នុង​ការគ្រប់គ្រង​កិច្ចការ​ទាំងនេះ​ទូទាំង​ប្រទេស​។ ប៉ុន្តែ​លោក​មើលឃើញ​ថា កន្លងមក​ក៏​មាន​ស្ថាប័ន​មួយចំនួន​ដែលមាន​សិទ្ធិ​គ្រប់គ្រង​ដីឯកជន​របស់​រដ្ឋ បានធ្វើការ​ចាត់ចែង​វាស់វែង ឬ​ជួល​ដោយ​គ្មាន​ផ្តល់ព័ត៌មាន​ដល់​ក្រសួងសាមី​នោះទេ​។

នៅពេល​ដែល​ក្រសួង​បាន​បញ្ជាក់​ពី​សមត្ថកិច្ច​ច្បាស់លាស់​យ៉ាង​ដូច្នេះ​លោក​ជឿថា​នឹង​ធ្វើឱ្យ​ការចាត់ចែង ឬ​ផ្ទេរកម្មសិទ្ធិ​ដី​របស់​រដ្ឋ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​អាច​គ្រប់គ្រង និង​ការពារ​បាន​ដោយ​គ្មាន​ការបាត់បង់​។ លោក​រំពឹងថា វប្បធម៌​អន្តរាគមន៍​ដោយ​មិន​ឆ្លងកាត់​បែបបទ​រដ្ឋបាល​ក្នុង​ការដណ្តើម​កាន់កាប់​ដី​រដ្ឋ​ពី​សំណាក់​មន្ត្រី​មានអំណាច​ក៏​ត្រូវ​បានបញ្ចប់​ផងដែរ​។

លោក​ថា​៖ «​ការពិត​យើង​គ្មានអ្វី ក្រៅពី​ការគ្រប់គ្រង​តាមផ្លូវ​ច្បាប់​នោះទេ ព្រោះ​បើ​ច្បាប់​ចែងថា អំពើ​ណា​ដែល​ធ្វើ​ហើយ​មិនត្រូវ​ច្បាប់ នោះ​ត្រូវអនុវត្ត​ច្បាប់​នោះ​ទៅ ដោយ​មិន​ត្រូវ​យោគយល់​នោះទេ បើទោះបី​ជា​ពួកគេ​អ្នក​ល្មើសច្បាប់​ជា​បក្ខពួក​អ្នកមាន​លុយ​មាន​អំណាច​ក៏ដោយ ដើម្បី​ឱ្យគេ​ឃើញថា អ្វីដែល​បានធ្វើ​ទៅ គឺ​គោរព​ទៅ​តាម​ច្បាប់​»៕