The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​រៀបចំ​ដែនដី​ កំណត់​ឲ្យ​ម្ចាស់​សំណង់​ត្រូវសុំ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់




ក្រសួង​រៀបចំ​ដែនដី​ កំណត់​ឲ្យ​ម្ចាស់​សំណង់​ត្រូវសុំ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់

Content image - Phnom Penh Post
កម្មករសំណង់​កំពុង​ធ្វើការ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​សង្កាត់​បឹងកេងកង​។ ហុង មិនា

ក្រសួង​រៀបចំ​ដែនដី​ កំណត់​ឲ្យ​ម្ចាស់​សំណង់​ត្រូវសុំ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ បាននិង​កំពុង​រក​ចំនួន​សំណង់​ខុសច្បាប់នៅ​ភ្នំពេញ​ និង​ទូទាំងប្រទេស​កម្ពុជា​ ក្នុង​គោលបំណង​ដើម្បី​ចង់​គ្រប់គ្រង និង​បញ្ចប់​សំណង់​គ្មាន​ច្បាប់​មិនឱ្យ​បន្ត​មាន​ទៀត​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ប៉ាក់ ចាន់ផល់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សំណង់​របស់​ក្រសួង​​រៀបចំ​ដែនដី​។

ដើម្បី​ដឹងថា​សំណង់​ណាខ្លះ​មាន​ច្បាប់​ត្រឹមត្រូវ អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា ដោយ​តម្រូវ​ឱ្យ​ម្ចាស់​សំណង់​បណ្តុំ​លំនៅឋាន អគារ​ស្នាក់នៅ ផ្ទះសំណាក់ ជាដើម​ដែល​គ្មាន​លិខិត​អនុញ្ញាត​សាងសង់ និង​លិខិត​បើក​បិទ​ការដ្ឋាន​ត្រូវ​ទៅសុំ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​។

លោក ប៉ាក់ ចាន់ផល់ បាន​ប្រាប់ថា មូលហេតុ​ដែល​អគ្គនាយកដ្ឋាន​សំណង់​ជូន​ដំណឹង​ឱ្យ​ពលរដ្ឋ​មក​សុំ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់ ព្រោះ​ដើម្បី​ជួយ​ឱ្យ​ពួកគាត់​ដែល​មាន​សំណង់​តែ​គ្មាន​ច្បាប់​បាន​បំពេញ​នូវ​អ្វីដែល​ខ្វះខាត ប៉ុន្តែ​ត្រូវធ្វើ​ទៅឱ្យ​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស បើ​សំណង់​ពួកគាត់​ធ្វើ​មិនបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​ទេ​នឹង​ត្រូវ​អនុវត្ត​តាម​ច្បាប់​។

លោក ចាន់ផល់ ថ្លែងថា​៖ «​មិនមែន​ឱ្យតែ​គាត់​មក​សុំ (​សុំ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​) យើង​ចេះតែ​ចេញ​ច្បាប់​ឱ្យ​គាត់​នោះទេ គឺ​ត្រូវ​ពិនិត្យ​មើល បើសិន​ជា​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​អាហ្នឹង​យើង​ជួយ​សម្រួល​គាត់ ប៉ុន្តែ​បើ​គាត់​ខុស ត្រូវ​ប្រាប់​គាត់​ថា​ខុស ត្រូវ​វាយ​ចេញ ឬ​ត្រូវ​រុះរើ​ចេញ​អី​យ៉ាងណា អាហ្នឹង​ទៅ​​តាម​ជាក់ស្តែង​»​។

ការដែល​ប្រជាពលរដ្ឋ​មួយចំនួន​គ្មាន​ច្បាប់​គ្រប់គ្រង​សំណង់ ព្រោះ​កន្លងមក​ប្រជាពលរដ្ឋ​មិនទាន់​យល់​ជ្រួតជ្រាប​ពី​កិច្ចការ​សំណង់ ធ្វើឱ្យ​អ្នកមាន​ដី​ភាគច្រើន​តែង​ធ្វើការ​សាងសង់​ដោយ​ខ្លួនឯង មិនមាន​លក្ខណៈ​ពេញលេញ តាម​លក្ខណៈ​បច្ចេកទេស និង​ច្បាប់ ហេតុនេះ​ក្រោយពី​ច្បាប់​សំណង់​ចូល​ជា​ធរមាន ក្រសួង​ត្រូវ​គ្រប់គ្រង​ឡើងវិញ​ទាំងអស់​។ នេះ​បើតាម​ការពន្យល់​របស់​លោក ប៉ាក់ ចាន់ផល់​។

លោក​បានឱ្យ​ដឹងថា​៖ «​យើង​ត្រូវ​ឱ្យ​ពួកគាត់​មក​បំពេញ​កិច្ចការ​របស់គាត់​ឱ្យបាន​គ្រប់ តើ​សំណង់​របស់​ពួកគាត់​មាន​ខ្វះ ចន្លោះ​អី​ទៀត គាត់​បាន​ធ្វើ​ទៅតាម​ប្លង់​ស្ថាបត្យកម្ម​របស់គាត់​គ្រោងទុក​ហើយ​គាត់​មិនបាន​សុំច្បាប់ ឬ​យ៉ាងម៉េច​គឺ​ត្រូវ​ជួយ​សម្រួល​ពួកគាត់​ឱ្យ​ត្រូវ​ត្រង់​ទៅតាម​ផ្លូវច្បាប់​ទាំងអស់​»​។

លោក​អគ្គនាយករង​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី​បាន​ប្រាប់ថា នៅពេល​មិនទាន់​មាន​ច្បាប់​សំណង់ ក្រសួង និង​អាជ្ញាធរ​ដែនដី​បាន​ធ្វើការ​ផ្សព្វផ្សាយ ជូនដំណឹង​ពី​ប្រកាស និង​ច្បាប់​រៀបចំ​ដែនដី​ផ្សេងៗ​ដែល​ធ្លាប់មាន​ឱ្យ​ប្រជាពរដ្ឋ​មាន​ការយល់ដឹង ប៉ុន្តែ​ដោយសារ​តែ​ប្រជាពលរដ្ឋ​មិនសូវ​បាន​យកចិត្ត​ទុកដាក់​ដោយ​អាង​ថា នៅ​មូលដ្ឋាន​របស់ខ្លួន​ក៏​សុំច្បាប់​សាងសង់​បណ្តោះអាសន្ន ហើយ​អាជ្ញាធរ​ក៏​ចេះតែ​មាន​ការយោគយល់​ជូន​តាម​សំណើ​ ដោយសារ​តែ​មើលឃើញ​ថា ពលរដ្ឋ​មាន​ដី​ជា​របស់គាត់​។

សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​សំណង់​កាលពី​ថ្ងៃទី​ ២៥ ខែ​កញ្ញា បញ្ចាក់​ថា ម្ចាស់​សំណង់​ទាំងអស់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ លិខិត​បើក និង​បិទ​ការដ្ឋាន​ដែល​បាន​សាងសង់​រួច​មុន​ថ្ងៃទី​​ ២ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

ចំណែក​សំណង់​ដែល​បាន​សាងសង់​រួច​មុន​ថ្ងៃទី​ ២០ ខែ ធ្នូ ឆ្នាំ​ ១៩៩៧ ម្ចាស់​សំណង់​ក៏​អាចដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​របស់ខ្លួន​ពី​អាជ្ញាធរមាន​សមត្ថកិច្ច​បានដែរ​។

ការផ្តល់​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​នេះ អគ្គនាយកដ្ឋាន​សំណង់​បានកំណត់ និង​ទុកពេល​ជូន​ម្ចាស់​សំណង់​ដាក់ពាក្យ​ស្នើសុំ​អនុវត្ត​រយៈពេល​ ២ ​ឆ្នាំ ក្រោយពេល​ច្បាប់​ស្តីពី​សំណង់​ចូល​ជា​ធរមាន គឺ​ចាប់ពី​ថ្ងៃ​ទី​ ២ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ ដល់​ថ្ងៃទី​ ២ ​ខែ ​វិច្ឆិកា ឆ្នាំ​ ២០២១​។ ក្នុង​ករណី​ម្ចាស់​សំណង់​មិន​អនុវត្ត​តាម​បញ្ញត្តិ​ច្បាប់ និង​ផុត​រយៈពេល​កំណត់ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​អនុវត្ត​ទោសប្បញ្ញត្តិ​តាម​ច្បាប់​ស្តីពី​សំណង់​ជា​ធរមាន​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។