ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ( MoU) ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេវរកម្ម​ជាមួយ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ច្រានចោល​របាយការណ៍​ដែល​ថា ការគ្រប់គ្រង​ធនាគារ​កម្ពុជា និង​លំហូរ​សាច់ប្រាក់​ដ៏ច្រើន​លើសលប់​របស់​កម្ពុជា​មិន​បាន​ត្រឹមត្រូវ​ល្អ​ដែល​ផ្តល់​ឱកាស​ដល់​ពាណិជ្ជករ​ចិន​ក្នុង​ការ​លាង​លុយ​កខ្វក់​ដែល​ទទួល​បាន​ពី​សកម្មភាព​ឧក្រិដ្ឋ​ហើយ​យក​មក​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​។

អត្រា​អំពើ​ពុករលួយ​ខ្ពស់ និង​ប្រព័ន្ធ​តុលាការ​ទន់ខ្សោយ​មាន​ន័យ​ថា ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​លើ​បញ្ជី​សន្ទស្សន៍​តាមដាន​ការលាង​លុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​សកល​។ កាលពី​ឆ្នាំ​មុន​ ​ប្រទេស​កម្ពុជា ​បាន​ទទួល​ចំណាត់ថ្នាក់​ទី​ ៩ ជា​ចំណាត់ថ្នាក់​អាក្រក់​បំផុត​នៅក្នុង​ពិភពលោក​។

ខណៈ​ដែល​ទទួល​បាន​ពិន្ទុ​ទាប​នៅលើ​បញ្ជី​ភាព​ងាយ​រងគ្រោះ​កាន់តែ​អាក្រក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦ ​នោះ ប្រទេស​មួយ​នេះ​ក៏​ជាប់​ចំណាត់ថ្នាក់​ទី ៥ នៅ​ក្នុង​ពិភពលោក​ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ជាងគេ​នៅ​ក្នុង​តំបន់ ហើយ​កាលពី​ឆ្នាំ​មុន​ប្រទេស​កម្ពុជា​មាន​ចំណាត់ថ្នាក់​ខ្ពស់​ជាង​ប្រទេស​ឡាវ និង​ប្រទេស​ដទៃ​ទៀត​ចំពោះ​កង្វះខាត​ការការពារ​សន្តិសុខ​ហិរញ្ញវត្ថុ​។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​អង្គារ​គឺ​វា​បាន​កើតឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់ពី គណៈកម្មាធិការ​ដដែល ដែល​រួម​មាន​ទាំង​កូនប្រសា​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ឌី វិជ្ជា បាន​ជួប​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​រាយការណ៍​អំពី​ «​វឌ្ឍនភាព​»​។

លោក​ ឱម យ៉ិនទៀង ប្រធាន ACU ថ្លែង​តាមរយៈ​ខ្សែអាត់​សំឡេង​មួយ​ដែល​ទទួល​បាន​ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​គិត​ថា យើង​កំពុង​ស្ថិត​នៅ​មាត់ទ្វារ បញ្ជី​ប្រផេះ ដូច្នេះ​ហើយ​យើង​មាន​រយៈពេល​ ១៥ ​ខែ​គិត​ចាប់ពី​ខែ​កក្កដា​ឆ្នាំ​ ២០១៧ រហូត​ដល់​ខែ​តុលា​ឆ្នាំ​ក្រោយ ដើម្បី​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​... និង​ដើម្បី​កែលម្អ​ចំណុច​ខ្សោយ​»​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​បាន​ចេញ​ផ្សាយ​បន្ទាប់ពី​កិច្ចប្រជុំ​នោះ​បាន​ឱ្យ​ដឹង​ថា​៖ «​ការបន្ត​អប់រំ​ទប់ស្កាត់ និង​ប្រឆាំង​អំពើ​ពុករលួយ​នៅតែ​ជា​វិធានការ​ស្នូល​ក្នុង​ការកាត់បន្ថយ​អំពើ​ពុករលួយ​ដើម្បី​លើក​កម្ពស់​សង្គម​ស្អាតស្អំ​»​។

ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ជា​សមាជិក​គណៈកម្មាធិការ​នោះ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ទាក់ទង​ទៅ​នឹង​ការលាង​លុយ​កខ្វក់​របស់​ចិន តាមរយៈ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ទេ​នៅ​ក្នុង​សប្ដាហ៍​នេះ​៕NS