ភ្នំពេញ: ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​តែងតាំង​មន្ត្រី​អធិការកិច្ច​ចំនួន ៣៦២ ​នាក់ ​ដើម្បី​ចុះ​តាមដាន​​អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូល​ភ័ស្តុតាង​ និង​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​សំណង់​នៅ​ទូទាំង​ប្រទេស​។ សង្គម​ស៊ីវិល​គាំទ្រ​ចំណាត់ការ​នេះ​ប៉ុន្ដែ​ស្នើ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ដោយ​ចៀសវាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​។

តាម​សេចក្ដីប្រកាស​ស្ដីពី​ «​ការតែងតាំង​មន្ត្រី​អធិការកិច្ច​សំណង់​» ​ដែល​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះហត្ថលេខា​នៅ​ថ្ងៃទី​ ៤ ខែ​កញ្ញា ដែល​ភ្នំពេញ ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​បញ្ជាក់ថា សម្រេច​តែងតាំង​មន្ត្រី​ចំនួន ៣៦២ ​រូប​ដើម្បី​ចុះ​តាមដាន​អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូល​ភ័ស្តុតាង និង​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​សំណង់​។

សេចក្តី​ប្រកាស​បន្តថា មន្ត្រី​រួមមាន​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​នៅ​តាម​មន្ទីរ​ទាំង ២៥ រាជធានី-ខេត្ត​ ដែល​ត្រូវបំពេញ​ភារកិច្ច​ដូច​មាន​កំណត់​ក្នុង​ច្បាប់​សំណង់ និង​ប្រកាស​អន្តរក្រសួង​លេខ​ ១១៨ ចុះ​ថ្ងៃទី​ ២ ខែ​ សីហា ឆ្នាំ​ ២០១៩ ស្តីពី​នីតិវិធី និង​បែបបទ​នៃ​ការធ្វើ​អធិការកិច្ច​សំណង់​។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក អ៊ូ ដាវី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការធ្វើ​អធិការកិច្ច​សំណង់ គឺ​ធ្វើ​ឡើង ដើម្បី​គ្រប់គ្រង​ការអភិវឌ្ឍ​អចលនវត្ថុ​ឲ្យ​មាន​ប្រសិទ្ធភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​បរិស្ថាន​សម្រាប់​ការរស់នៅ​តាមរយៈ​ការបង្ការ និង​ទប់ស្កាត់​រាល់​អំពើ​ខុសច្បាប់​ស្តីពី​នគរូបនីយកម្ម និង​សំណង់​។

លោក​បញ្ជាក់ថា​៖ «​យើង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ (​ថ្ងៃទី​៤ ខែកញ្ញា​) ​ចាប់តាំងពី​ថ្ងៃ​ចុះហត្ថលេខា​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​តទៅ ហើយ​ខ្ញុំ​ក៏​អត់​អាច​បញ្ជាក់​អ្វី​បន្ថែម​លើស​ពី​នេះ​បាន​ដែរ​»​។

លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី រាជធានី​ភ្នំពេញ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បើ​យោង​តាម​ច្បាប់​ស្តីពី​សំណង់ មន្ត្រី​អធិការកិច្ច​សំណង់​ទាំងអស់​មាន​សិទ្ធិ​ត្រួតពិនិត្យ បញ្ឈប់ ដកហូត​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាក់ព័ន្ធ​ជា​បណ្តោះអាសន្ន ក៏ដូចជា​ពិន័យ​អន្តរការណ៍​ក្នុង​ករណី​អ្នកកាន់កាប់​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​នោះ​ប្រព្រឹត្ត​ខុសច្បាប់​ស្ដីពី​សំណង់​។

លោក​ថា បន្ថែម​លើ​នេះ មន្ត្រី​មាន​សិទ្ធិអំណាច​ក្នុង​ការចាប់​យក​វត្ថុតាង និង​កសាង​សំណុំរឿង​នៃ​បទល្មើស​សំណង់ និង​ចាត់វិធានការ​ផ្សេងៗ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​ច្បាប់​។ ក្នុងនោះ​រួមមាន សំណង់​ដែល​សាងសង់​រួចរាល់ សំណង់​កំពុង​សាងសង់ គម្រោង​សំណង់ និង​ការសុំច្បាប់​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​អធិការកិច្ច គឺ​ដាច់ខាត​ត្រូវតែមាន​សិទ្ធិ​ហើយ បើ​មន្ត្រី​ទាំងអស់​នេះ​គ្មាន​សិទ្ធិ យើង​ធ្វើ​ការងារ​គ្រប់គ្រង ត្រួតពិនិត្យ​បទល្មើស​ម៉េច​កើត​។ ជារួម​គឺ​យើង​មាន​សិទ្ធិ​កសាង​សំណុំរឿង​នៃ​បទល្មើស​សំណង់ និង​ចាត់វិធានការ​ផ្សេងៗ​ដោយ​អនុវត្ត​តាមច្បាប់​»​។

លោក សួ ឆ្លូញ មន្ត្រី​ទំនាក់ទំនង​នៃ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា​បាន​គាំទ្រ​ចំណាត់ការ​នេះ ប៉ុន្ដែ​លោក​ជំរុញ​ឲ្យ​មន្ត្រី​អធិការកិច្ច​ត្រូវតែ​អនុវត្ត​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​។ ម្យ៉ាងទៀត​លោក​មាន​ការព្រួយបារម្ភ​ពី​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​អំឡុងពេល​ចុះ​អនុវត្ត​ការងារ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​មាន​ភាគី​ពាក់ព័ន្ធ​ដូចជា អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​ក្រសួង​ការងារ បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះដែរ ព្រោះ​យើង​បារម្ភ​ពី​ភាព​ងាយស្រួល​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​។ កន្លងមក​យើង​ធ្លាប់​ឃើញ​ក្រុមអធិការកិច្ច​ក្រសួង​ចុះទៅ​ការដ្ឋាន​សំណង់​ខុសច្បាប់​ហើយ​ម្ចាស់​សំណង់​ដាក់​លុយ​សូកប៉ាន់ ក្រុមមន្ត្រី​គ្មានអ្វី​តវ៉ា ក៏​ត្រឡប់​ទៅវិញ​អស់​។ អ៊ីចឹង​ខ្ញុំ​ក៏​ចង់​ឲ្យ​បង្ហាញ​របាយការណ៍​ដែល​បាន​ពី​ការចុះ​ប្រតិបត្តិការ​នេះ​»​។

ច្បាប់​សំណង់​ដែល​បាន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ៣ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ មាន​ទាំងអស់​ ២២ ​ជំពូក និង ១១១ ​មាត្រា​។ ​ច្បាប់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងគុណភាព សន្ដិសុខ សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់​សំណង់ និង​សាធារណជន​។ ច្បាប់​ថ្មី​នេះ​ក៏​នឹង​បង្កើន​គណនេយ្យភាព និង​ប្រសិទ្ធភាព​ក្នុង​ការប្រកប​ការងារ និង​ការប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់ ព្រមទាំង​បង្កើន​ការជឿ​ទុកចិត្ត​របស់​វិនិយោគិន​ក្នុង​វិស័យ​សំណង់​ផងដែរ​៕