ភ្នំពេញៈ ក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្រសួងកំពុងវិវត្តខ្លួនឲ្យទំនើបតាមកម្មវិធីសេដ្ឋកិច្ចឌីជីថល និងធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ដោយប្រើបច្ចេកវិទ្យាថ្មីៗតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីទាក់ទាញទំនុកចិត្តពីប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាអ្វីដែលសង្គមស៊ីវិលក៏បានចាត់ទុកថា ល្អដែលអាចជួយដល់វិស័យយុត្តិធម៌ឲ្យប្រសើរឡើង។
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌បានអះអាងយ៉ាងដូច្នេះនៅក្នុងសិក្ខាសាលាស្តីពីការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធយុត្តិធម៌កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយផ្តោតលើបច្ចេកវិទ្យាទំនើប និងបញ្ហាប្រឈមថ្មីៗនៃការអនុវត្តដោយបង្ខំ។
លោកបានថ្លែងថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំឲ្យមានកម្មវិធីសេដ្ឋកិច្ចឌីជីថលដើម្បីឆ្លើយតបនឹងសកលភារូបនីយកម្មពិភពលោក។ ក្នុងនោះក៏រួមមានទាំងការធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ដោយប្រើបច្ចេកវិទ្យាថ្មីៗតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ ដើម្បីទាក់ទាញទំនុកចិត្តពីពលរដ្ឋលើប្រព័ន្ធយុត្តិធម៌»។
តាមទំព័រហ្វេសប៊ុករបស់ក្រសួងបានឲ្យដឹងថា សិក្ខាសាលាស្តីពីការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធយុត្តិធម៌បានផ្តោតលើបច្ចេកវិទ្យាទំនើប និងបញ្ហាប្រឈមថ្មីៗនៃការអនុវត្តដោយបង្ខំដោយបានបណ្តុះបណ្តាលប្រធានសាលាដំបូង និងព្រះរាជអាជ្ញាទូទាំងប្រទេស រួមទាំងមន្ត្រីអនុវត្តន៍ច្បាប់ប្រមាណ ៧០ នាក់។
នៅក្នុងសិក្ខាសាលានោះសិក្ខាកាមទាំងអស់បានពិភាក្សាលើទិដ្ឋភាពទូទៅនៃប្រព័ន្ធផ្សេងៗក្នុងការអនុវត្តដោយបង្ខំនៅលើពិភពលោក ដំណើរការអនុវត្តដោយបង្ខំតាមប្រព័ន្ធឌីជីថល ប្លុកឆេន កិច្ចសន្យាវៃឆ្លាត និងបញ្ញាសិប្បនិមិ្មត ទ្រព្យសម្បត្តិឌីជីថលព្រមទាំងបញ្ហានានាដែលកើតមានលើផ្នែកបច្ចេកវិទ្យាក្នុងការអនុវត្តដោយបង្ខំនេះ។ នេះបើតាមទំព័រហ្វេសប៊ុកដដែលរបស់ក្រសួង។
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ «គោលបំណងសិក្ខាសាលានេះ គឺបណ្តុះគំនិតថ្មីដល់ចៅក្រម ព្រះរាជអាជ្ញាឲ្យយល់ដឹងពីប្រព័ន្ធយុត្តិធម៌ទំនើបតាមប្រព័ន្ធអេឡិចត្រូនិក (e-justice), block chains, smart contracts យុត្តិធម៌ដែលអាចបានមកពីការព្យាករបានផ្អែកលើវិធីដោះស្រាយ ការយល់ដឹងពីម៉ាស៊ីន (machine learning) និងបញ្ញាសិប្បនិម្មិត លើសេវា និងផលប៉ះពាល់នៃបច្ចេកវិទ្យាថ្មីៗនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រមទាំងពិភាក្សាអំពីការវិវឌ្ឍដែលកំពុងប្រែក្លាយទៅជាបដិវត្តន៍ជាមួយល្បឿនលឿន ដូចផ្លេកបន្ទោរ» ។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកណ្តាលប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បើវិស័យយុត្តិធម៌នៅកម្ពុជាពិតជាធ្វើទំនើបកម្មបានមែននោះនឹងធ្វើឲ្យប្រសិទ្ធភាពការងារទូទាំងប្រទេសមានភាពល្អប្រសើរ ជាពិសេសដំណើរការរឿងក្តី និងការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋបានឆាប់រហ័ស។
លោកបញ្ជាក់ថា៖ «ល្អមែនទែនព្រោះអាហ្នឹងវាអភិវឌ្ឈនៅតាមបណ្តាប្រទេសដែលកំពុងរីកចម្រើន និងប្រទេសផ្សេងទៀត គេធ្វើអ៊ីចឹងហើយតើ នៅតែយើង។ កន្លងមកយើងក៏បានទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេសដែរ ឃើញការរៀបចំនៃការគ្រប់គ្រងរបស់គេល្អ។ ប្រទេសយើងក៏កំពុងព្យាយាមរៀបចំឲ្យដូចទៅនឹងប្រទេសដទៃដែរ ហើយមន្ត្រីយើងម្នាក់ៗ សុទ្ធតែមានសមត្ថភាពតើ»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានថ្លែងថា វាជារឿងមួយដែលល្អសម្រាប់ការប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ដើម្បីស្វែងរកមធ្យោបាយផ្សេងៗក្នុងការធ្វើឲ្យវិស័យយុត្តិធម៌មានភាពប្រសើរឡើង ព្រោះតែកន្លងមក ប្រព័ន្ធយុត្តិធម៌នេះត្រូវបានរងនូវការរិះគន់ជាច្រើន។
លោកស្រី សុភាព បានបង្ហាញការជឿជាក់ថា៖ «ផែនការរបស់រដ្ឋាភិបាលរបស់សាមីក្រសួងពាក់ព័ន្ធ ប្រហែលជានឹងអាចទៅរួច ដោយគ្រាន់តែត្រូវចំណាយពេលវេលាបន្តិច។ ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង ការព្យាយាមធ្វើទំនើបកម្ម គឺជាវិធីមួយដែលយើងទាញយកនូវសក្តានុពលបច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍»។
យ៉ាងណាក្ដីលោកស្រីចង់ឃើញប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវធានាដល់ពលរដ្ឋគ្រប់រូបឲ្យទទួលបាននូវការជំនុំជម្រះទោសដោយត្រឹមត្រូវផងដែរ។ លោកស្រីបញ្ជាក់ថា៖ «ការដែលត្រូវព្យាយាមថែមទៀតនោះ ការធានាថាយុត្តិធម៌សម្រាប់សង្គមសម្រាប់ពលរដ្ឋដែលពាក់ព័ន្ធនឹងត្រូវបានទទួលហើយត្រូវធ្វើយ៉ាងម៉េច ធានាថាពលរដ្ឋទាំងអស់នឹងទទួលបាននូវសិទ្ធិទទួលបាននូវការជំនុំជម្រះដោយយុត្តិធម៌។ កន្លងមកបញ្ហាទាំងនេះនៅមានកង្វះចន្លោះជាច្រើនជាទូទៅតែងមានការលើកឡើងពីការអនុវត្តមានស្តង់ដា ២ ឬក៏ច្រើន ដូច្នេះដើម្បីធានានូវទំនុកចិត្តពីពលរដ្ឋគឺត្រូវធានាថា ពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ និងទទួលបានយុត្តិធម៌»៕