ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា-កម្ពុជា​ (​តិច​ណូ​) ​កំពុង​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ទាក់ទង​នឹង​ជំនាញ​សាងសង់​ផ្លូវថ្នល់ និង​ស្ពាន​ដល់​កូន​ខ្មែរ​ឱ្យក្លាយ​ទៅជា​វិស្វករ និង​លើកកម្ពស់​យុវជន​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឆ្លើយតប​នឹង​បរិបទ​កម្ពុជា ដែល​មាន​ការរីកចម្រើន ខណៈ​គម្រោង​ធំៗ​នៅ​កម្ពុជា​ផ្នែក​នេះ​កំពុង​ពឹង​ផ្អែកលើ​ធនធាន​មនុស្ស​មកពី​បរទេស​។

លោក​ វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ថា នេះ​គឺជា​គំនិត​​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​ឱ្យ​ក្រុមការងារ​មួយ​ធ្វើការ​ជាមួយនឹង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ដើម្បី​រៀបចំ​កម្មវិធីសិក្សា​ (Curriculum) ​និង​រៀបចំ​ថ្នាក់រៀន​នូវ​ជំនាញ​ផ្លូវថ្នល់​ និង​ស្ពាន​នេះ​។ កន្លងមក​នេះ​ស្ថាប័ន​ទាំង​ ២ ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រួចហើយ ប៉ុន្តែ​មិនទាន់​មានការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​សហការ​ជាមួយនឹង​សាលា​តិចណូ​សិន​ជា​ដំបូង ដោយ​បច្ចុប្បន្ននេះ​មិនទាន់​មាន​អ្វី​ដំណើរការ​ទេ យើង​បាន​ចុះ MoU ជាមួយ​នឹង​វិទ្យាស្ថាន​រួចហើយ​ (​មិន​ចាំ​ឆ្នាំ​) ​ប៉ុន្តែ​យើង​ត្រូវ​សើរើ​ឡើងវិញ​។

ពីមុន​យើង​សហការ​ដោយសារ​មាន​គ្រូ​យើង​ខ្លះទៅ​បង្រៀន​នៅ​ទីនោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​យើង​សុំ​សហការ​ដំណើរការ​សិន​ដើម្បី​ឱ្យមាន​ជំនាញ​ខាង​យើង​សិន​»​។

បើ​តាម​លោក វ៉ា ស៊ឹមសុរិយា កម្ពុជា​មិនទាន់​មាន​អ្នកជំនាញ​ក្នុង​ការសិក្សា​​ ឬ​សាងសង់​គម្រោង​ស្ពាន​ និង​ផ្លូវ​ល្បឿន​លឿន​ទេ ខណៈ​បច្ចុប្បន្ន​កម្ពុជា​មានលទ្ធភាព​ក្នុង​ការសាងសង់​តែ​ក្នុង​គម្រោង​​មធ្យម​ប៉ុណ្ណោះ​។ ​ហេតុដូច្នេះ​ទើបបាន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ដាក់ចេញ​​ផែនការ​យ៉ាង​មុតស្រួច​ដើម្បី​ធ្វើ​យ៉ាងណា​រៀបចំ​សាលា​ជំនាញ​នេះ​ឱ្យ​កើតឡើង​នៅក្នុង​ឆ្នាំ​ ២០២១ ​ខាង​មុខ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ការសាងសង់​សំណង់​ខ្ពស់ៗ អ្នកជំនាញ​​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការគូរប្លង់ ​និង​សាងសង់​បាន ប៉ុន្តែ​សម្រាប់​ការសាងសង់ និង​សិក្សា​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ដែល​មាន​លក្ខណៈ​ធំ ឬ​ផ្លូវ Ex-pressway ​គឺ​មិនទាន់​មានលទ្ធភាព​នោះទេ​»​។ ​«​យើង​តែង​ស្នើសុំ​ជំនួយ​ពី​គេ ហើយ​យើង​ជួល​វិស្វករ​គេ​ទៀត​ក្នុង​ការសាងសង់​ស្ពាន​ និង​ផ្លូវ​ល្បឿន​លឿន​នេះ ហើយ​នៅពេល​ដែល​យើង​មាន​អ្នកជំនាញ​ខ្លួនឯង យើង​នឹង​កាត់បន្ថយ​ជួល​គេ​យើង​ប្រើប្រាស់​ធនធាន​នៅក្នុង​ស្រុក​របស់​យើង​»​។

លោក ស៊ុន ចាន់ថុល កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ បាន​បញ្ជាក់ថា គោលបំណង​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​ផ្លូវថ្នល់ និង​ស្ពាន​ដល់​យុវជន​កម្ពុជា​នេះ ដើម្បី​ចូលរួម​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ​ឱ្យ​កាន់តែ​ខ្ពស់ត្រដែត​លើ​ឆាក​អន្តរជាតិ ស្របតាម​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​គឺ​មនុស្ស ផ្លូវ ភ្លើង និង​ទឹក​។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ចំពោះ​កិច្ច​របស់​ក្រសួង​ពិនិត្យ​លទ្ធភាព សហការ​ជាមួយ​នឹង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដើម្បី​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ចាប់ពី​ខែមករា ឆ្នាំ​ ២០២១ នេះ​តទៅ​។

លោក សុខ គីន ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ផែនការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ​រៀបចំ​ឱ្យមាន​​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្លូវថ្នល់ និង​ស្ពាន​នេះ​ដល់​យុវជន​កម្ពុជា​ឱ្យមាន​ជំនាញ​ច្បាស់លាស់​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​យុវជន​កម្ពុជា​មាន​ជំនាញ​ពួកគេ​នឹង​មិន​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​នោះទេ​»​។ លោក​លើក​ជា​ឧទាហរណ៍​ថា​៖ «​ដូច​យើង​ដឹង​ហើយ​ថា សូម្បីតែ​កម្មករសំណង់​មាន​ទាំង​ជំនាញ ប៉ុន្តែ​ពួកគេ​មិនមាន​សញ្ញាបត្រ​បញ្ជាក់​ណា​មួយ​ដែល​គេ ទទួល​ស្គាល់​កម្រិត​នេះ ឬ​កម្រិត​នោះដែរ ហើយ​អ្វីដែល​ក្រសួង​សាធារណការ​ធ្វើ​នេះ គឺជា​អ្វីដែល​យើង​ចង់បាន​​ជាយូរ​មកហើយ​»៕