ភ្នំពេញ៖ ក្រសួង​សុខាភិបាល បាន​រៀបចំ​យន្តការ​ក្នុង​ការ​ស្នើសុំ​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រ​ចិត្ត​ជូន​ដល់​ជនបរទេស​ដែល​កំពុង​រស់នៅ ឬ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​មូលដ្ឋាន​រាជធានី-ខេត្ត ត្រូវ​ទទួល​ខុស​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជនបរទេស។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ០៨ ខែ មេសា ឆ្នាំ ២០២១ ពី​យន្តការ​ស្នើសុំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដោយ​ស្ម័គ្រ​ចិត្ត​សម្រាប់​ជន​បរទេស​នៅ​ប្រទេស​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា ជន​បរទេស​ទាំង​នេះ​ជា​អ្នក​ដែល​មិន​ស្ថិត​នៅ​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ អង្គការ​ទ្វេភាគី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ស្ថានទូត​នៅ​កម្ពុជា ឬ​អង្គការ​ស្រប​ច្បាប់​ក្នុង​ស្រុក ដែល​មាន​ការ​សម្របសម្រួល​ដោយ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

លោក ម៉ម ប៊ុនហេង ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ជូន​ដំណឹង​នេះ​ថា៖ «ក្រសួង​ការងារ​ទទួល​ខុស​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជន​បរទេស ដែល​កាន់​ទិដ្ឋាការ​ធម្មតា​ប្រភេទ (E) និង​មាន​ប័ណ្ណ​ការងារ ចេញ​ដោយ​ក្រសួង​នេះ»។

លោក​ថា ជន​បរទេស​ទាំង​នេះ​ត្រូវ​មាន​ឯកសារ​តម្រូវ​សម្រាប់​ស្នើសុំ​ចាក់​វ៉ាក់សាំង គឺ​លិខិត​ឆ្លងដែន​មាន​សុពលភាព, ទិដ្ឋាការ​ដែល​មាន​សុពលភាព, ប័ណ្ណ​ការងារ (work permits) ដែល​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​រាជធានី-ខេត្ត-ក្រុង​ ទាំង​អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួល​ខុស​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជនបរទេស​ផ្សេង​ទៀត ដែល​មិន​ស្ថិត​ក្នុង ប្រភេទ (ក) រួមមាន ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិត​ឆ្លង​ដែន​បរទេស (មាន​ទិដ្ឋាការ​ពិសេស​ប្រភេទ K) ជន​បរទេស​ដែល​បាន​រៀបការ​ជាមួយ​ពលរដ្ឋ​ខ្មែរ ជន​បរទេស​ចូល​និវត្តន៍ ជនបរទេស​ស្នាក់​នៅ​ស្រប​ច្បាប់​រយៈពេល​វែង៕