ភ្នំពេញៈ ក្រសួងសុខាភិបាលចេញលិខិតណែនាំជាថ្មី ដើម្បីក្រើនរំឭកដល់ឱសថស្ថានឱសថស្ថានរងស្របច្បាប់ត្រូវចៀសវាងលក់ឱសថ ផលិតផលបំប៉នសុខភាព និងបរិក្ខារពេទ្យនៅតាមបណ្តាញសង្គម។
ការប្រកាសជាថ្មីនេះធ្វើឡើងបន្ទាប់ពីកន្លងមកមានគ្រឹះស្ថានមួយចំនួនតូច អនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ ដោយបានចែកចាយ ឬលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យតាមប្រព័ន្ធអនឡាញ ផ្សារទំនើប ឬបណ្តាញណិតវើក ក្រៅពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់។
លិខិតដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ដែលបានចេញផ្សាយជាសាធារណៈលើទំព័រហ្វេសប៊ុករបស់ក្រសួងពីម្សិលមិញបានឱ្យដឹងថា មានគ្រឹះស្ថានភាគច្រើនបានអនុវត្តត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមានក្នុងការប្រកបអាជីវកម្មរបស់ខ្លួនទាក់ទងនឹងការលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យ។
ប៉ុន្តែលិខិតនោះបានបញ្ជាក់ថា ដោយសារនៅមានគ្រឹះស្ថានបន្តអនុវត្តមិនបានត្រឹមត្រូវ ទើបក្រសួងចេញលិខិតនេះជាថ្មីដើម្បីអនុវត្តវិធានការណែនាំរបស់ក្រសួងឱ្យបានត្រឹមត្រូវ។
លោកស្រី ឱ វណ្ណឌីន បានណែនាំថា គ្រឹះស្ថានត្រូវតែចែកចាយឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យដែលមានទិដ្ឋាការ ឬបញ្ជិកាដោយមានបិទលតាបត្រត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទៅឱ្យឱសថស្ថានណាដែលមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ។
បន្ថែមពីនេះ លោកស្រីបានលើកឡើងថា គ្រឹះស្ថានមិនត្រូវផ្សព្វផ្សាយឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យតាមគ្រប់រូបភាពដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ ហើយក៏មិនត្រូវផ្សព្វផ្សាយតាមអនឡាញ គ្រប់ប្រភេទដែរ។
លោកស្រីបានបញ្ជាក់ថា៖ «អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ផ្សព្វផ្សាយ និងណែនាំឱ្យបានទូលំទូលាយដល់ឱសថស្ថាន ឱសថស្ថានរង ផ្សារទំនើប និងទីតាំងលក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍បរិក្ខារពេទ្យគ្មានច្បាប់ទាំងអស់។ ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះទីតាំងទាំងឡាយណា ដែលនៅបន្តលក់ផលិតផលខាងលើដោយគ្មានច្បាប់អនុញ្ញាត»។
ក្រៅពីនេះលោកស្រី ឱ វណ្ណឌីន ក៏បានព្រមានដែរថា ក្រសួងសុខាភិបាលនឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានទាំងឡាយណាដែលមិនបានអនុវត្តតាមសេចក្តីណែនាំនេះ។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលបញ្ជាក់ថា ការលក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងប្រតិបត្តិករត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ហើយតម្រូវឱ្យលក់នៅតាមឱសថស្ថាន និងឱសថស្ថានរង ស្របច្បាប់ គឺមិនអនុញ្ញាតឱ្យលក់តាមប្រព័ន្ធអនឡាញឡើយ។
លោក ហែន ភារៈ វេជ្ជបណ្ឌិតផ្នែកផ្លូវដង្ហើមដែលមានបទពិសោធជាង ២០ ឆ្នាំធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឱសថ និងសម្ភារទាំងនោះអាចលក់នៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់ប៉ុណ្ណោះ ព្រោះរបស់ទាំងនេះមានគ្រោះថ្នាក់ដល់សុខភាពប្រសិនបើមិនបានពិនិត្យត្រឹមត្រូវ។
ទោះយ៉ាងណា លោក ហែន ភារៈ បានបញ្ជាក់ថានេះមិនមែនឱ្យតែផលិតផលបង្ហោះលក់លើអនឡាញសុទ្ធតែគ្មានគុណភាពនោះទេ ព្រោះមានផលិតផលមួយចំនួនត្រូវបានទទួលស្គាល់ត្រឹមត្រូវ និងមានគុណភាពល្អផងដែរ ហើយបង្កភាពងាយស្រួលដល់ពលរដ្ឋ។
សម្រាប់លោក ហែន ភារៈ យល់ថា៖ «អ្នកលក់អនឡាញត្រូវដឹងថា ផលិតផលរបស់ខ្លួនលក់ហ្នឹង បានប្រកាសពន្ធ និងបញ្ជិកាត្រឹមត្រូវឬអត់? ផលិតផលទាំងអស់ហ្នឹង ក៏អាចទិញនៅតាមសហគ្រាសរបស់រដ្ឋ ឬសហគ្រាស ដែលទទួលបានសិទ្ធិពីរដ្ឋ ដូចជា អាល់កុលអីអ៊ីចឹង ដោយរក្សាទុកនូវវិក្កយបត្រដើម ដើម្បីបញ្ជាក់ពីប្រភពដើមថា ទិញពីកន្លែងណា? ការធ្វើដូច្នេះគឺបង្កភាពងាយស្រួលដល់យើងអ្នកលក់អនឡាញ។ យើងអាចពិនិត្យមើលខ្លួនឯងក្នុងករណីដែលយើងលក់ខុសច្បាប់ បើគេមិនចាប់ទេ គឺទទួលប្រាក់ចំណេញទៅ ប៉ុន្តែបើគេចាប់នឹងទទួលទោសព្រហ្មទណ្ឌហើយ»៕
វីដេអូ៖