The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​រ៉ែ​បង្កើត​ក្រុម​ដោះស្រាយ​ផលប៉ះពាល់​ពី​ការ​សង់​ទំនប់

ក្រសួង​រ៉ែ​បង្កើត​ក្រុម​ដោះស្រាយ​ផលប៉ះពាល់​ពី​ការ​សង់​ទំនប់

Content image - Phnom Penh Post
ការដ្ឋាន​សាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ស្ថិត​ក្នុង​ខេត្ត ស្ទឹងត្រែង កាល​ពី​ឆ្នាំ​មុន។ ហេង ជីវ័ន

ក្រសួង​រ៉ែ​បង្កើត​ក្រុម​ដោះស្រាយ​ផលប៉ះពាល់​ពី​ការ​សង់​ទំនប់

ស្ទឹងត្រែងៈ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​បង្កើត​គណៈកម្មការ​ដោះស្រាយ​គោល​នយោបាយ​សំណង ការ​តាំង​ទីលំនៅ​ថ្មី និង​ហេដ្ឋា​រចនាសម្ព័ន្ធ​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ដែល​មាន​ភាព​ចម្រូង​ចម្រាស​។

គណៈកម្មការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី ២០ ខែ​មករា​នេះ​មាន​​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ធ្វើ​ជា​ប្រធាន និង​លោក អ៊ិត ប្រាំង ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ធ្វើ​ជា​អនុប្រធាន​អចិន្រៃ្តយ៍។

គណៈកម្មការ​មាន​ភារកិច្ច​ពិនិត្យ​អនុវត្ត​ផែនការ​ដោះស្រាយ​សំណង និង​ការ​តាំង​លំនៅ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​សាធារណៈ​រួមមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍​នគរបាល វត្ត​អារាម និង​ប្រឡាយ​ទឹក​ជាដើម។ ពិនិត្យ​លើ​ឯកសារ​គោល​នយោបាយ​សំណង និង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​ប្រជាពលរដ្ឋ និង​រាយការណ៍​លទ្ធផល​នៃ​ការ​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រមុខ​រដ្ឋាភិបាល។

ភ្នំពេញ​ប៉ុស្តិ៍​ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក អ៊ិត ប្រាំង បាន​ទេ។

កន្លង​ទៅ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ព្រម​ទទួល​យក​សំណង​របស់​រដ្ឋាភិបាល​ដែល​ផ្តល់​ឱ្យ​ក្នុង​នោះ​មួយ​គ្រួសារ​ទទួល​បាន​ផ្ទះ​មួយ​ខ្នង​មាន​ទំហំ ៨០ ម៉ែត្រ​ក្រឡា​ដី​ភូមិ ១០០០ ម៉ែត្រ​ក្រឡា និង​ដីស្រែ​ចម្ការ ៥ ហិកតា​តែ​ពលរដ្ឋ​ខ្លះ​បដិសេធ​ទទួល​សំណង​នេះ។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក កែម ឡី ដែល​ធ្លាប់​ធ្វើការ​សិក្សា​លើ​បញ្ហា​នេះ​ថ្លែង​ថា​ប្រសិន​បើ​គណៈកម្មការ​នេះ​មាន​ការ​ចូលរួម​ពេញ​លេញ​ពី​ភាគី​ពាក់ព័ន្ធ​រួម​មាន​តំណាង​សហគមន៍​ដែល​រង​ផលប៉ះពាល់​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​ពី​ខាង​ក្រុមហ៊ុន​នោះ​ទើប​អាច​មាន​ប្រសិទ្ធភាព៕

អត្ថបទគួរចាប់អារម្មណ៍