ភ្នំពេញៈ ​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​បច្ចេកទេស​ឲ្យ​មាន​ការស្វែងយល់​បន្ថែម​អំពី​​តួនាទី​ភារកិច្ច និង​នីតិវិធី​នគរបាល​យុត្តិធម៌ អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ បើក​វគ្គ​ «​បណ្តុះបណ្តាល​មន្ត្រី​អធិការកិច្ច​វិស័យ​ប្រេងកាត​» ដល់​មន្ត្រី​ជំនាញ​ ២១៦ ​នាក់​ មកពី​អគ្គនាយកដ្ឋាន​ប្រេងកាត និងមន្ទីរ​រ៉ែ​ និង​ថាមពល​ទូទាំង​ ២៥ ​រាជធានី-ខេត្ត​។ នេះ​បើ​តាម​ការអះអាង​របស់​លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។

លោក សួរ បាន​ថ្លែង​ថា វគ្គបណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង ពង្រឹង​សមត្ថភាព​មន្ត្រី​អធិការកិច្ច​វិស័យ​ប្រេងកាត​បន្ថែម​ទៀត​អំពី​បែបបទ និងនីតិវិធី​នៃ​ការធ្វើ​អធិការកិច្ច​ក្នុង​នាម​ជា​នគរបាល​យុត្តិធម៌ ដើម្បី​ចូលរួម​បំពេញ​ការងារ​ត្រួតពិនិត្យ​ និង​អនុវត្ត​នីតិវិធី​ស៊ើបអង្កេត​លើ​រឿងក្ដី​ដែល​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ក្នុង​វិស័យ​ប្រេងកាត​ និង​ឧស្ម័ន​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមស្រប​តាមច្បាប់​ និង​លិខិតបទដ្ឋាន​គតិយុត្ត​។

លោក សួរ ​បាន​បញ្ជាក់ថា​៖ «​នេះ​ជា​វគ្គ​បណ្ដុះបណ្ដាល​ដំបូង​បំផុត បន្ទាប់ពី​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ត្រូវ​បាន​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ១២ ខែ​ កក្កដា ឆ្នាំ​ ២០១៩ ដែល​ក្នុង​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​បាន​តម្រូវ​ឲ្យ​ក្រសួង​រ៉ែ និង ថាមពល បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ និង អធិការកិច្ច​ក្នុង​វិស័យ​ប្រេងកាត​នេះ​»​។

លោក​ សួរ ថ្លែងថា វគ្គបណ្ដុះបណ្ដាល​មន្ត្រី​អធិការកិច្ច​វិស័យ​ប្រេងកាត​នេះ​ធ្វើឡើង​រយៈពេល​ ៣ ​ថ្ងៃ​ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២-៤ ខែ ធ្នូ ឆ្នាំ​ ២០១៩​។

លោក​ក៏បាន​សម្ដែង​នូវ​ក្ដី​រំពឹងទុក​ជាមុន​ផងដែរ​ថា​សិក្ខាកាម​ទាំងអស់​នៅក្នុង​វគ្គ​នេះ​នឹង​​ទទួល​បាន​ចំណេះដឹង​ និង​ជំនាញ​សំខាន់ៗ​បន្ថែមទៀត​ពី​គ្រូឧទ្ទេស​ដែល​មកពី​ក្រសួង​យុត្តិធម៌​ទាក់ទង​ទៅនឹង​ការកសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​តាម​នីតិវីធី ដើម្បី​ជា​ប្រយោជន៍​យកទៅ​អនុវត្ត​ការងារ​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គោរព​ឲ្យ​បាន​ហ្មត់ចត់​តាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​។

ក្នុង​ពិធី​នោះ​លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​​ថាមពល​បាន​ថ្លែងថា ការទទួល​បាន​នីតិសម្បទា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ គឺជា​កត្តាចាំបាច់​ពុំ​អាច​ខ្វះ​បាន​សម្រាប់​មន្ត្រី​អធិការកិច្ច​ក្នុង​វិស័យ​ប្រេងកាត​។ ជា​ការពិត ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​វិស័យ​ប្រេងកាត​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការចុះ​ត្រួតពិនិត្យ និង អធិការកិច្ច​លើ​រាល់​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត ប៉ុន្តែ​ការយល់ដឹង​អំពី​បែបបទ នីតិវិធី​បំពេញ​ការងារ និង​តួនាទី​ជា​នគរបាល​យុត្តិធម៌ រឹត​តែ​មាន​សារៈសំខាន់​។

លោក ខាវ៉ាន់ បាន​បញ្ជាក់​ថា​៖ «​បើ​យើង​អនុវត្ត​តួនាទី​ និង​មុខងារ​របស់ខ្លួន​ពុំបាន​សមស្រប យើង​មិន​ត្រឹមតែ​ប្រឈម​នឹង​កំហុសឆ្គង​ក្នុង​ការអនុវត្ត​មុខងារ​នោះទេ ថែម​ទាំង​អាចធ្វើឲ្យ​បុគ្គល​ដែល​ប្រព្រឹត្តល្មើស​ក្នុង​វិស័យ​ប្រេងកាត រួច​ផុតពី​ការទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផងដែរ​»​។

លោក ខាវ៉ាន់ បាន​ឲ្យ​ដឹងថា កន្លងមក​ដោយសារ​កង្វះ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត និង មន្ត្រីនគរបាល​យុត្តិធម៌​ក្នុង​វិស័យ​ប្រេងកាត​បាន​ធ្វើឲ្យ​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ក្នុង​វិស័យ​ប្រេងកាត​រួច​ផុត​ពី​ការផាកពិន័យ និង ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។

ប៉ុន្តែ​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ជំនាញ ពិសេស​ថ្នាក់ដឹកនាំ ក្រសួង​រ៉ែ និង ថាមពល បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត និង ផលិតផល​ប្រេងកាត និង​បាន​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ និង​អធិការកិច្ច​ក្នុង​​វិស័យ​ប្រេងកាត​ដែល​មាន​តួនាទី​ជា​នគរបាល​យុត្តិធម៌​ក្នុង​ការចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ក្នុង​វិស័យ​ប្រេងកាត​។

លោក ខាវ៉ាន់ ក៏បាន​ជំរុញ​ផងដែរ​ដល់​សិក្ខាកាម​ទាំងអស់​ផ្ដោត​ការយកចិត្ត​ទុកដាក់​ស្ដាប់ កត់ត្រា និង​សួរ​ដេញដោល​ទៅលើ​ចំណុច​សំខាន់ៗ​នៃ​បទបង្ហាញ​របស់​គ្រូឧទ្ទេសនាម​ទាក់ទង​នឹង​បែបបទ​នីតិវិធី​បំពេញការងារ និង​តួនាទី​ភារកិច្ច​ជា​នគរបាល​យុត្តិធម៌ ដើម្បី​ជា​ប្រយោជន៍​យកទៅ​អនុវត្ត​ការងារ​នៃ​ថ្ងៃ​ខាង​មុខ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការទទួល​ខុសត្រូវ​ខ្ពស់​ដោយ​ត្រូវ​គិតគូរ​ផលប្រយោជន៍​ជាតិ​ជាធំ និង​ចៀសវាង​នូវ​ការប្រើប្រាស់​សិទ្ធិ អំណាច ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

លោក​ គឹម សន្តិភាព​អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា ដើម្បី​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ក្រសួងយុត្តិធម៌​បាន​ចូលរួម​បើក​វគ្គបណ្ដុះបណ្ដាល​ស្ដីពី​តួនាទី និង​ភារកិច្ច​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ដល់​មន្ត្រី​សាធារណៈ​ជាច្រើន​ដែល​ទទួល​បាន​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌​។

លោក សន្តិភាព បាន​ថ្លែង​​ថា​៖ «​ចំណុច​សំខាន់​របស់​មន្ត្រីនគរបាល​យុត្តិធម៌ គឺ​ការចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​រឿងក្ដី ការប្រមូល​ភ័ស្ដុតាង និង​ការកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​»៕