ភ្នំ​ពេញ៖ ក្រសួង​កសិ​កម្ម​ ​រុក្ខា​ប្រ​មាញ់​ និង​ នេ​សាទ​ បាន​សម្រេច​លុប​អា​ជ្ញា​ប័ណ្ណ​ដឹក​ជ្រូក​រស់​នាំ​ចូល​ពី​ប្រ​ទេស​ថៃ​របស់​ក្រុម​ហ៊ុន​ដានី​ ​ដេង​ អ៊ីម​ផត ​អិច​ផត ​(DANY DENG IMPORT EXPORT CO., LTD) ​បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​បាន​ប្រ​ព្រឹត្ត​កំហុស​ឆ្គង​ម្ដង​ហើយ​​ម្ដង​ទៀត​ ​ដោយ​មិន​រៀង​ចាល​។​ ​នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គ​នាយក​ដ្ឋាន​​សុខ​ភាព​សត្វ​និ​ង​ផលិត​កម្ម​សត្វ​។​

លោក​តា​ន់​ ​ផាន់​ណា​រ៉ា​ ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​​​សុខ​ភាព​និង​ផលិត​កម្ម​សត្វ​ ​នៃ​ក្រ​សួង​កសិ​កម្ម​ ​រុក្ខា​ប្រ​មាញ់​ ​និង​នេ​សាទ​ ​បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ សប្ដាហ៍​មុន​ ថា​ ​ក្រុម​ហ៊ុន​នេះ​​បាន​ប្រ​ព្រឹត្ត​កំហុស​ឆ្គង​លើ​ចំ​ណុច​​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត​ ​ជុំវិញ​ករណី​ដឹក​ជញ្ជូន​ជ្រូក​រស់​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ លើស​ពី​បរិ​មាណ​នៃ​ការ​ស្នើ​សុំ​ ​និង​ ​គ្មាន​លិខិត​បញ្ជាក់​ពី​សុខ​ភាព​សត្វ​ច្បាស់​លាស់​ពី​សា្ថប័ន​ជំ​នាញ​នៃ​ប្រ​ទេស​ថៃ​ ​ដែល​ជា​ប្រភព​ដើម​ទី ​នៃ​ការ​នាំ​ចេញ​​សត្វ​ជ្រូក​រស់​មក​ក្នុង​ទី​ផ្សារ​កម្ពុជា​។​ ​

លោក ​ផាន់​ណា​រ៉ា ​បាន​បញ្ជាក់​ថា​៖ ​«​បើ​ទោះ​ជា​ក្រសួង​បាន​ធ្វើ​ការ​ផាក​ពិន័យ និង​បង្ខំ​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្ម​ភាព​ដឹក​ជញ្ជូន​ជ្រូក​រស់​​លើស​បរិមាណ​នៃ​ការ​ស្នើ​សុំ​ជា​ច្រើន​លើក​ច្រើន​សា​ក៏​ដោយ​ ​ក៏​ក្រុម​ហ៊ុន​នេះ​នៅ​តែ​មិន​រៀង​ចាល​។​ ​ជាក់​ស្ដែង​ កាល​ពី​ថ្ងៃ​ទី​២១ ​​​​​ខែ​មេសា​ ​ឆ្នាំ ​២០​២០​ ​ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​កិច្ច​សន្យា​​ថា​នឹង​មិន​ឲ្យ​មាន​កំហុស​ឆ្គង​លើ​ករណី​ហ្នឹង​ទៀត​ទេ​ ​ប៉ុន្តែ​នៅ​ថ្ងៃទី​​០៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២០​ ក្រុម​ហ៊ុន​នេះ​បាន​ប្រ​ព្រឹត្ត​កំហុស​ឆ្គង​ដដែល​នេះ​ម្ដង​ទៀត។​ ​ដូច្នេះ​ក្រសួង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​លុប​អា​ជ្ញា​ប័ណ្ណ​ក្រុម​ហ៊ុន​នេះ​មិន​ឲ្យ​នាំ​ចូល​ជ្រូក​ពី​ប្រ​ទេស​ជិត​ខាង​មក​ក្នុង​ទី​ផ្សារ​កម្ពុ​ជា​ត​ទៅ​ទៀត​»​។​

លោក​ ​ខូវ​ ​ហេង​ ​ម្ចាស់​ក្រុម​ហ៊ុន​ ​ដានី​ ​ដេង​ អ៊ីម​ផត​ អិច​ផត​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ដោយ​ទទួល​ស្គាល់​នូវ​កំហុស​ឆ្គង​ទាំង​នោះ​ទាំង​ស្រុង​ ​ដោយ​អះ​អាង​​ថា​វា​ជា​ការ​ធ្វេស​ប្រ​ហែស​របស់​អ្នក​គ្រប់​គ្រង​ ​និង​ ​បុគ្គលិក​ផ្នែក​ដឹក​ជញ្ជូន​របស់​​ក្រុម​ហ៊ុន​នៃ​សាខា​​​ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ​ទោះ​យ៉ាង​ណា ​វា​ជា​បន្ទុក​នៃ​ការ​ទទួល​ខុស​ត្រូវ​រួម​របស់​​​ក្រុម​ហ៊ុន​ទាំង​មូល​។​

លោក​​​ថ្លែង​ថា​៖​«​ក្រុម​ហ៊ុន​យើង​សូម​ទទួល​យក​ការ​បង់​ផាក​ពិន័យ​ទៅ​តាម​ការ​កំណត់​នៃ​ច្បាប់​ ​ចំ​ពោះ​កំ​ហុស​ឆ្គង​ ​គ្រប់​យ៉ាង​ដែល​ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​យើង​បាន​ប្រ​ព្រឹត្ត​ឡើង​ដោយ​អចេត​នា​នេះ។​ ​ក្រុម​ហ៊ុន​យើង​សូម​ឲ្យ​ក្រសួង​មេត្តា​អនុ​ញ្ញាត​ ឲ្យ​ក្រុម​ហ៊ុន​យើង​​ខ្ញុំ​អាច​បន្ត​អា​ជ្ញា​ប័ណ្ណ​ ​អាជី​វ​កម្ម​នាំ​ចូល​ជ្រូក​រស់​ពី​ប្រ​ទេស​ថៃ​ឡើង​វិញ​ដោយ​ក្ដី​អនុ​គ្រោះ​»​។​

លោក​ ​ហេង​បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​ មាន​បុគ្គ​លិក​និង​កម្មករ​ សរុប​ជិត​៧០​នាក់​ និ​ង​​មាន​អាជីវ​ករ​លក់​សាច់​ជ្រូក​ជា​ដៃ​គូ​លើ​មុខ​ជំនួញ​នេះ​ប្រ​មាណ​ជាង​១០០​នាក់​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា​។​ ​ការ​លុប​អា​ជ្ញា​ប័ណ្ណ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រ​ទេស​ថៃរ​បស់​ក្រុម​ហ៊ុន​នេះ​ ​នឹង​ធ្វើ​ឲ្យ​បុគ្គ​លិក​និង​កម្មករ​ជិត​៧០​នាក់​នោះ​បាត់​បង់​ការងារ​និង​ប្រាក់​​ចំណូល​សម្រាប់​ដោះ​ស្រាយ​ជីវ​ភាព​របស់​ពួ​ក​គេ​។​ ​

កម្លាំង​សមត្ថ​កិច្ច​ជំនាញ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​ ​និង​ផលិត​កម្ម​សត្វ​ ​នៃ​ក្រសួ​ង​កសិ​កម្ម​ ​រុក្ខា​ប្រ​មាញ់​និង​នេសា​ទ​ ​កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​ឧសភា ​ឆ្នាំ​ ​២០២០​ បាន​សហ​ការ​ជាមួយ​​កម្លាំង​ការិ​យា​ល័យ​សុខ​ភាព​សត្វ​ ​និង​ ​ផលិត​កម្ម​សត្វ​ ​នៃ​មន្ទីរកសិ​កម្ម រុក្ខា​ប្រ​មាញ់​​និង​នេ​សាទ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​បាន​បង្ក្រាប​ចាប់​ឃាត់​រថ​យន្ត​របស់​ក្រុម​ហ៊ុន ដានី​ ​ដេង​ ​អ៊ីម​ផត​ ​អិច​ផត ​ដែល​ផ្ទុក​សត្វ​ជ្រូក​រស់​ចំនួន​៦០​ក្បាល​ ដែល​ចំនួន​នេះ​បាន​លើស​ពី​លិខិត​ស្នើ​សុំ​ ​ដែល​ចេញ​ដោយ​ការិយា​ល័យ​សុខ​ភាព​សត្វ​ ​និង ផលិត​កម្ម​សត្វ​ ​ខេត្ត​ឧត្ត​រ​មាន​ជ័យ​ចំនួន​២​០​ក្បាល​។​ ​ ​

ក្រៅ​ពី​​ត្រួត​ពិនិត្យ​ឃើញ​ដឹក​លើ​សប​រិ​មាណ​នៃ​ការ​ស្នើ​សុំ​ ​មន្ត្រី​ជំនាញ​ក៏​បាន​រក​ឃើញ​ថា​ក្រុម​ហ៊ុន​នេះ​ បាន​ប្រើ​ប្រាស់​លិខិត​ក្លែង​បន្លំ​អំពី​ការ​បញ្ជាក់​​សុខ​ភាព​សត្វ​ពី​ប្រ​ទេស​ថៃ​ផ​ង​ដែ​រ​ ដើម្បី​សុវត្ថិ​ភាព​សម្រាប់​អ្នក​បរិ​ភោគ​ ​ក្រុ​ម​មន្ត្រី​ជំ​នាញ​បាន​សម្រេច​នាំ​រថ​យន្ត​ដឹក​ជ្រូក​ទាំ​ង​នោះ ​មក​ភ្នំ​ពេញ​ដើម្បី​ពិសោធ​ ​ស្វែង​រក​ជំងឺ​ឆ្លង​ផ្សេងៗ​ ​ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​កំ​ពង់​ធំ ​រារាំង​និង​ស្នើ​ឲ្យ​សមត្ថ​កិច្ច​នៃ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ និង​ផលិត​កម្ម​សត្វ​​​​​ ​នាំ​យក​រថ​យន្ត​ដឹក​សត្វ​ជ្រូក​នោះ ​ត្រឡប់​ទៅ​ដោះ​ស្រាយ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​វិញ។​ ​បន្ទាប់​ពី​មាន​បាតុ​ភាព​នោះ​កើត​ឡើង​ ​នៅ​ថ្ងៃ​ទី​០៩​ ខែ​ឧស​ភា​ ​ឆ្នាំ ​២០២០​ ​ក្រ​សួង​កសិ​កម្ម​ ​រុក្ខា​ប្រមាញ់​និង​នេ​សាទ​ ​ក៏​បាន​សម្រេច​លុប​ចោល​អា​ជ្ញា​ប័ណ្ណ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រ​ទេស​ថៃ​ពី​ក្រុម​ហ៊ុន​នេះ​តែ​ម្ដង​។​

គួរ​បញ្ជា​ក់​ថា​ ​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​មេសា​ ឆ្នាំ​២០​២០​ ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​និង​នេ​សាទ​ ​ក៏​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​​អាសន្ន​នូវ​ការ​នាំ​ចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​របស់​ក្រុម​ហ៊ុន​ចាន់​ធូ​មាន​ជ័យ​ ​អ៊ីម​ផត​ ​អិច​ផត​ ​និង ​ក្រុម​ហ៊ុន​ ៣​-​ធី​អេច​ អេហ្រ្គី ឌីវេ​ឡុប​ម៉ិន​ ​ផង​ដែរ​ ​បន្ទាប់​ពី​រក​ឃើញ​នូវ​កំ​ហុស​ឆ្គង​មួយ​ចំនួន​របស់​​ក្រុម​ហ៊ុន​ទាំង​២​នេះ ​ក្នុង​ការ​លក់​ឬ​ផ្ទេរ​សិទ្ធិ​ក្នុង​កា​រ​ធ្វើ​អាជី​វកម្ម ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ ទៅ​ឲ្យ​អាជីវ​ករ​ផ្សេង​ទៀត​ ​ផ្ទុយ​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​និង​សេច​ក្ដី​ណែ​នាំ​របស់​ក្រសួង​ ​និង​ ការ​ដឹក​ជញ្ជូន​សត្វ​លើស​ពី​បរិ​មាណ​ដែល​បាន​ស្នើ​សុំ​ឬ​អនុ​ញ្ញាត​ពី​ក្រ​សួង​ជា​ដើម​។​ ​

ចំ​ណាត់​ការ​របស់​ក្រ​សួង​កសិ​កម្ម​ ​ក្នុង​ការ​លុប​អា​ជ្ញា​ប័ណ្ណ​នាំ​ចូល​ជ្រូក​ពី​ប្រ​ទេស​ថៃ​​របស់​ក្រុម​ហ៊ុន​ ​ដានី​ ​ដេង​ ​និង​ ​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រ​ទេស​ថៃ​របស់​ក្រុម​ហ៊ុន​ចាន់​ធូ​មាន​ជ័យ ​អ៊ីម​ផត​ ​អិច​ផត​ ​និង ​ក្រុម​ហ៊ុន​ ៣-​ធី​អេច អេហ្រ្គី​ ​ឌី​វេ​ឡុប​ម៉ិន​ ​ត្រូវ​បាន​សមាគមន៍​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ ​ចាត់​ទុក​ថា ជា​វិធាន​ការ​ដ៏​សំ​ខាន់​បំ​ផុត​មួយ​ក្នុង​ការ​ចូល​រួម​ចំណែក​ធានា​នូវ​ស្ថិរភាព​តម្លៃ​សត្វ​ជ្រូក​រស់​នៅ​ក្នុង​ស្រុក​ ​និង​លើក​កម្ពស់​ដល់​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​។​

លោក​ ​ស្រ៊ុន​ ​ពៅ ​ប្រ​ធាន​សមា​គមន៍​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​ បាន​និយាយ​ថា​ នៅ​ពេល​នេះ ​ផលិត​កម្ម​សត្វ​ជ្រូក​នៅ​កម្ពុជា​​ ​មាន​ជ្រូក​២​លាន​៣សែ​ន​​ក្បា​ល​ ដែល​អាច​ផ្គត់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ស្រុក​បាន​រហូត​ដល់​៨២​ភាគ​រយ ​ក្នុង​មួយ​ឆ្នាំៗ​ ​១៨​ភាគ​រយ​ទៀត​គឺ​​ជា​ការ​នាំ​ចូល​ពី​បណ្ដា​ប្រ​ទេស​ជិត​ខាង។​ ​ប៉ុ​ន្តែ​​បច្ចុ​ប្បន្ន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវិដ​១​៩​ ​បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​នៃ​អ្នក​បរិ​ភោគ​មាន​ការ​ថ​យ​ចុះ ​ ដូច្នេះ​ផលិត​កម្ម​ជ្រូក​នៅ​ក្នុ​ង​ស្រុក​គឺ​អាច​ផ្គត់​ផ្គង់​បាន​គ្រប់​គ្រាន់​

ល្មម​។​

លោក​ថ្លែង​ថា​៖​«​យើង​គាំ​ទ្រ​ចំពោះ​ចំ​ណាត់​ការ​របស់​ក្រសួង​កសិ​កម្ម​ រុ​ក្ខា​ប្រ​មាញ់​និ​ង​នេ​សាទ​ ​ចំ​ពោះ​ក្រុ​ម​ហ៊ុន​ទាំង​៣​ខាងលើ​នោះ​ ​ហើយ​យើង​ចង់​ឲ្យ​មាន​ចំណាត់​​ការ​បែប​នេះ​ទៅ​លើ​ក្រុម​ហ៊ុន​ឬ​អា​ជីវ​ករ​ដទៃ​ទៀត​ ​ដែល​បាន​ប្រ​ព្រឹត្ត​ផ្ទុយ​លើ​កិច្ច​ព្រម​ព្រៀង​ និង​សេច​ក្ដី​ណែ​នាំ​របស់​ក្រសួង​ ​ដូច​គ្នា​នេះ​ ដោយ​គ្មាន​ការ​លើក​លែង​»​៕​