ភ្នំពេញៈ ក្រសួង​សុខាភិបាល ​បាន​ចេញ​សារ​អបអរ​ទិវា​ឆ្មប​ជាតិថ្ងៃទី​​ ៥ ខែ​ ឧសភា ម្សិល​មិញ​ ដោយ​បាន​លើកឡើង​​ពី​គុណ​តម្លៃ​ជាច្រើន​របស់​ឆ្មប​ក្នុង​ការ​​កាត់បន្ថយ​អត្រា​មរណមាតា និង​ទារ​ក និង​បាន​រួម​ចំណែក​យ៉ាង​សំខាន់ដល់​ការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​សហ​​ស្សវត្ស​រ៍​ទី ៤ និង​ទី ៥។

កាលពី​ឆ្នាំ ២០០៨ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុ​ក្រឹត្យ​កំណ​ត់​យក​ថ្ងៃ​ ៥​ ឧ​ស​​ភា​ ជា​ថ្ងៃ​ទិវា​ឆ្មប​ជាតិ​ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​​ឆ្ម​ប ​និង​ដើម្បី​បញ្ជាក់​ពី​តួនាទី​ដ៏​សំខា​ន់​របស់​ពួកគេ​ក្នុង​ការ​ការពារ និង​លើក​កម្ពស់​សុខភាពខណៈ​ការ​ឆ្លង​ទន្លេ» គឺ​ប្រឈ​ម​នឹង​ហានិភ័យ​ជាច្រើន​។

សេចក្តី​ប្រកាស​ព័ត៌មាន​រប​ស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សា​យ​កាលពី​ថ្ងៃ​ ៣​ ខែ ​ឧសភា ​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រធានបទ «ឆ្មប​គឺ​ជា​​អ្នកការពារ​សិទ្ធិ​ស្ត្រី» ក្នុង​ឆ្នាំ​នេះគឺ​ដើម្បី​គូសបញ្ជាក់​អំពី​តួនាទី​សំខាន់​របស់​ធ្ម​ប ក្នុងការ​ធានា​ឱ្យ​ស្ត្រី និង​ទារក​ទើប​នឹង​កើត អាច​មាន​មាតុភាពនិង​សម្រា​ល​​កូន​ដោយ​សុខ​សុវត្ថិភាព។

បន្ថែម​ពីនេះឆ្មប​ក៏​ដើរតួ​សំខា​ន់ ​ក្នុងការ​ធានាថា​ កុមារ​អាចមាន​សុខភាព​ល្អ​ពេញមួយ​ជីវិត​របស់​​​​គេ​ផង​ដែរខណៈ​ក្រសួងអះ​អា​ង​​ថា ឆ្មប​មាន​សារៈ​សំខាន់​ក្នុង​កា​រ​ធានាថា ស្ត្រី​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​អំពី​ជីវិត​ផ្លូវភេទ និង​ជម្រើស​នៃ​ការបន្ត​ពូជ​របស់​ពួកគេ រួម​មាន​ពេល​ណា និង​ចំនួន​កូន​ដែល​ពួកគាត់​ចង់​បា​ន និង​តាមរយៈ​ការផ្តល់​ការថែទាំ​ប្រកប​ដោយ​​គុណ​ភាព ដោយ​មិន​គិតពី​អត្ត​សញ្ញាណ​របស់​អ្នក​ជំងឺ ឬ​ឋានៈ​សង្គម​​ឡើយ។

ក្រសួង​សុខា​ភិ​បាល​លើកឡើ​​ង​ថា៖ «ការសម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ចីរភាព​របស់​ប្រទេស​កម្ពុជា ក្នុង​គោល​​ដៅ​កាត់​បន្ថយ​អត្រា​មរណៈភាព​មាតា​ទារក និង​កុមារ ពឹង​ផ្អែក​លើ​ការខិតខំ​ប្រឹង​ប្រែង​បន្ត​រប​ស់​ឆ្មបនិង​បុគ្គលិក​សុខាភិបាល​ទាំ​ង​អស់ ជាពិសេស​អ្នក​ដែល​បម្រើសេវា​នៅ​ជួរមុខ។ តួនាទី​របស់​ឆ្មប មិន​ត្រឹមតែ​ផ្តល់​អន្តរាគមន៍ ដើម្បី​ឲ្យ​ការឆ្លង​ទន្លេ​សុខ​សុវត្ថិភាព​តែមួយ​មុខ​នោះទេ តែ​​ក៏មាន​តួនាទី​ជួយ​ស្ត្រី​ឱ្យ​មាន​អារម្មណ៍​សុវត្ថិភាព ផាសុកភាព សេចក្តី​ថ្លៃ​ថ្នូរ​និង​មាន​បទ​ពិសោ​ធ​វិជ្ជមាន​ទាំង​ក្នុង​ពេល​មាន​ផ្ទៃពោះ​និង​ពេល​សម្រាល​កូន»។

ក្រៅ​លើក​ពី​គុណ​តម្លៃ​របស់​ឆ្មបក្រសួង​ក៏បញ្ជាក់ផង​ដែរ​ថា ឆ្មប​បានធ្វើ​ការងារ​សំខាន់ៗ​ជា ច្រើន​នៅក្នុង​ទសវត្សរ៍​កន្ល​ង​មក​ដើម្បី​កាត់បន្ថយ​អត្រា​មរណៈមាតា និង​ទារ​កនិង​បាន​រួម ចំណែក​យ៉ាង​សំខាន់ដល់​ការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវ​ឌ្ឍន៍​សហ​ស្សវត្ស​រ៍​ទី ៤ និង​ទី ៥ ។

លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថ្លែង​ថា​៖ «យើ​ង​​មិនអាច​សម្រេច​សមិ​ទ្ធ​ផល​សំខា​ន់ និង​ជួយ​សង្គ្រោះ​ជីវិត​ទាំង​នេះ​បាន​ទេ ប្រសិន​បើ​មិន​មាន​ការចូល​រួម​ពីឆ្មប​។ ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​បញ្ជាក់​ថា យើង​កោត​សរសើរ​យ៉ាង​ជ្រាលជ្រៅ និង​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​ការ​ងារ​​ដ៏​សំខាន់ ដែលឆ្ម​ប​បានធ្វើ និង​បន្តធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​អនា​គត​របស់​ប្រទេស​កម្ពុជា»។

ប្រធាន​មណ្ឌល​សុខភាព​មួ​យ​កន្លែង​ក្នុង​ខេត្តបន្ទាយ​មានជ័យ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​បច្ចុប្បន្ន បញ្ហា​បច្ចេក​ទេស​របស់​ឆ្មប គឺ​មិន​មាន​ជា​ឧបសគ្គ​នោះ​ទេ ព្រោះ​ពួកគេ​បាន​ទទួល​ការបណ្តុះ​បណ្តាល​​ពេញ​លេញ តែ​អ្វីដែល​ពួកយើង​បារម្ភ គឺ​បញ្ហា​ខ្វះខាត​ការជួយ​គាំទ្រ​ជា​សម្ភា​រ និង​ធនធាន ខណៈ​ការយល់ដឹង​របស់​ពល​រដ្ឋ​មួយចំនួន​នៅ​មា​ន​កម្រិត ដែល​ធ្វើ​ឲ្យ​ការងារ​របស់​ឆ្មប ជួប​បញ្ហា​ប្រឈម។ «យើង​ប្រឈម​ជាមួយ​អ្នក​ជំងឺ ​គ្មាន​ការ​យល់​ដឹងផងម្យ៉ាង​យើង​មិន​សូ​វ​មាន​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍ​ន៍ សង្គម​ស៊ីវិលជាពិសេ​ស​​តំប​ន់​ដា​ច់​ស្រ​​​យាល​ដូចជា​មណ្ឌល​ពួ​ក​​​យើ​ងដែល​ទាំងនេះជា​ឧបស​គ្គ​​សម្រាប់​ពួក​​យើង​ក្នុង​ការ​ជួយ​សង្គ្រោះ»។

បើ​​តាមរ​បាយ​ការណ៍​ក្រសួង​សុខាភិបាល គិត​ត្រឹម​ខែ ធ្នូ ឆ្នាំ ២០១៧ កម្ពុជា​បាន​ចុះ​ប​ញ្ជី​​ឆ្មប​សរុប​ប្រមាណ​ ៧,០៨២ នា​ក់ ក្នុ​ង​នោះឆ្មប​​បម្រើ​សេវា​សាធា​​រណៈ មាន​ប្រមាណ ៦,៣៩១ នាក់។

​បើតាមលោក​ ​K​umanan ​Rasanathan តំណាង​អង្គការ​​សុខភាព​ពិភព​លោក​ ​ប្រចាំ​កម្ពុជា​កាលពីឆ្នាំ ២០១៨ អត្រា​ស្លាប់​របស់​កុមារ​ក្រោម​អាយុ​ ៥ ឆ្នាំ​ និង​ទារក​​ទើប​នឹង​កើត​​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។

ក្នុងនោះនៅ​ឆ្នាំ​ ២០១៧ ​អត្រា​​ស្លាប់​កុមារ​​ក្រោម​អាយុ ​៥ ​ឆ្នាំ ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ២៩ នាក់​ ក្នុង​ចំណោម​ទារក​កើត​រស់​ក្រោ​ម​អាយុ​ ៥ ឆ្នាំ​ ១,០០០ ​នាក់​ ខណៈ​កាល​ពី​ឆ្នាំ​​ ២០១៦​ មាន​​ដល់​ ៣១​ នាក់។​

ចំណែក​អត្រា​ស្លាប់​​ទារក​ ដែល​ទើប​នឹង​កើត​​បាន​ធ្លាក់​មក​នៅ​ត្រឹម​ ១៥ ​នាក់​ ក្នុង​ចំណោម​ទារក​កើត​រស់ ​១,០០​០​ នាក់​ក្នុង​ឆ្នាំ​ ២០១៧។​ អត្រា​ធ្លាក់ចុះនេះ គេ​ជឿ​ថា​ ​កម្ពុជា​អា​ច​បោះ​ជំហាន​ទៅ​រក​ភាព​ជោគ​​ជ័​យ​ ស្រប​តាម​គោល​ដៅ​នៃ​​ផែន​ទី​ចង្អុល​ផ្លូវ​​សម្រាប់​ពន្លឿ​ន​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​មាតា​និង​ទារ​ក​ ឲ្យ​ថយ​ចុះ​ត្រឹម​ ១៤ ​នាក់​ក្នុង​ចំណោម​ទារក​កើត​រស់​ ១,០០០ នាក់​​ក្នុង​ឆ្នាំ​ ២០២០៕