ភ្នំពេញៈ ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ដែល​គ្រោង​រៀបចំ​នៅ​ខេត្ត​កំពង់ធំ​ នា​ថ្ងៃទី​ ១៤ ខែ​មីនា ឆ្នាំនេះ​​ នឹង​ត្រូវ​លើក​ទៅ​ធ្វើនៅ​ឆ្នាំ ២០២២ ​វិញ ដោយសារ​បារម្ភ​ពី​ការឆ្លង​​ជំងឺ​កូវីដ​ ១៩​។ ​នេះ​បើតាម​លោក​ តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ពីថ្ងៃ​ម្សិលមិញ​។

លោក សុភ័ក បានឱ្យ​ដឹងថា តាំងពី​ឆ្នាំ​ ២០១៥ ​មក​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ទេសចរណ៍​បាន​ចាប់ផ្ដើម​រៀបចំ​ពិធីបុណ្យ​​ទន្លេ​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​តាម​ដង​ទន្លេ​កម្ពុជា​ឱ្យ​ក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​ឧត្តមភាព ព្រោះ​ពិធីបុណ្យ​​នេះ​មាន​ការផ្សព្វផ្សាយ​ពី​ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​តាម​ដង​ទន្លេ រួមទាំង​ការតាំងពិព័រណ៍​​ផលិតផល​ក្នុងស្រុក ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ផងដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន​ជំងឺ​កូវីដ​ ១៩ នៅ​បង្ក​ហានិភ័យ បើ​ទោះ​មាន​ការរកឃើញ​វ៉ាក់សាំង​ហើយ​ក៏ដោយ​។

លោក​ថា​៖ «​ដើម្បី​ចូលរួម​បង្ការ​ទប់សង្កាត់ ការឆ្លង​រីករាលដាល​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩ យើង​ចាំបាច់​ត្រូវ​លើក​ពេល​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​ ៧ ​នៅ​ឆ្នាំនេះ ដោយ​ប្ដូរ​ទៅ​ឆ្នាំ​ក្រោយ​វិញ​»​។

បើតាម​លោក សុភ័ក រដ្ឋបាលខេត្ត​កំពង់ធំ​គឺជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ​នេះ បន្ទាប់ពី​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ ធ្វើឡើង​ពី​ថ្ងៃ​ទី​ ១៤ ខែ​មីនា​ ឆ្នាំ​ ២០២០ ​នៅ​ក្រុង​បាត់ដំបង ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​»​។

គួរ​បញ្ជាក់ថា ខេត្តកំពង់ធំ​មាន​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ចំនួន​ ៤ រួមមាន តំបន់​ប្រាសាទ​សំបូរព្រៃគុក​ស្ថិត​នៅ​បណ្តោយ​ស្ទឹងសែន​ក្នុង​ភូមិ- ឃុំ-ស្រុក​សំបូរ ចម្ងាយ ​២៨ ​គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទី​រួម​ខេត្ត​,​តំបន់​ប្រាសាទ​គុកនគរ នៅ​ភូមិ​ត្រដក់​ពង ឃុំ​ពង្រ ស្រុក​តាំងគោក មាន​ចម្ងាយ​ ៨៦ ​គីឡូម៉ែត្រ​​ពី​ទី​រួម​ខេត្ត​,​ តំបន់ភ្នំ​សន្ទុក ស្ថិតនៅ​ភូមិ-ឃុំ​កកោះ ស្រុក​សន្ទុក​មាន​ចម្ងាយ​ ១៧ ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត និង​តំបន់​រមណីយដ្ឋាន​​បឹងសំរឹទ្ធិ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​៕

វីដេអូ៖