កំពង់​ឆ្នាំងៈ ក្រសួង​វប្បធម៌​និ​ង​វិចិត្រ​សិល្បះ កំពុងផលិត​បង្គោ​ល​កំណត់​ព្រំដែន ​តំបន់​ការពារ​សម្បត្តិ​បេតិ​កភណ្ឌ​​​វប្បធម៌​ជាតិបន្ថែម​ទៀត ដើម្បី​ត្រៀម​យក​ទៅ​​បោះនៅ​តំបន់​ស្ថានីយ​បុរេ​ប្រវ​ត្តិ​​សាស្ត្រ​បន្ទាយ​លង្វែក ដែល​មា​ន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់​​ត្រឡាចនា​ពេលខាង​មុខ​។

លោក វឿន វុទ្ធី ប្រធាន​នា​យ​ក​​ដ្ឋានបុរាណ​វិទ្យា និងបុរេ​ប្រវត្តិ​វិទ្យានៃ​អគ្គនាយក​ដ្ឋាន​បេតិក​​ភណ្ឌ​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥​ វិច្ឆិកា​​ ថា​ បង្គោល​កំណត់​ព្រំ​ដែន​តំបន់​ការពារ​សម្បត្តិ​បេតិក​ភណ្ឌ​​​វប្បធម៌​ជាតិ ដែល​កំពុង​ផលិត​នេះមាន​រាងបួន​ជ្រុង​ទ្រវែ​ង កំពស់​ ១,៦០​ ម៉ែត្រ និង​មាន​រច​នា​​ក្រពុំ​ផ្កា​ឈូក និង​ស្រទាប់​ផ្កាឈូក​នៅផ្នែក​ខាងលើ ដែល​តំណាង​ឲ្យភាព​រីក​លូត​លាស់ ទាំង​ផ្នែក​វប្ប​ធម៌ អរិ​យ​ធម៌ និងភាព​សម្បូរ​សប្បាយ​នៃ​សង្គម​ជាតិ​។

នៅផ្នែក​ខាង​ក្រោម​នៃ​ក្បាច់​​រចនា​ក្រពុំ​ឈូក​ និង​ស្រទាប់​ផ្កា​​ឈូក​នេះ មាន​ចម្លាក់​ឡូហ្គោ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បះ ដើម្បី​​បញ្ជាក់​ទីតាំង​ដែល​ត្រូវ​បាន​បោះ​បង្គោល​នេះ​ថា ជាតំបន់​​ការ​​ពារ​សម្បត្តិ​បេតិក​ភណ្ឌ​​​វប្បធម៌​ជាតិ ដែល​គ្រប់​គ្រង​ដោយ​ក្រសួង វប្ប​ធម៌ និង​វិចិត្រ​សិល្បះ ដែល​មិន​អាច​បំពារ​បំពាន​បាន។

នៅ​ខាង​ក្រោម​ឡូហ្គូមាន​ចម្លាក់​​ក្បា​ល​​កាឡា (រាហ៊ូ)​ ដែល​តំណាង​​ឲ្យ​ឆ្មាំការពារ​តំបន់​បេតិក​ភណ្ឌស​ម្ប​​ត្តិ​វប្បធម៌​ជាតិ។ ចំណែក​ផ្នែក​ខាង​ក្រោម​ចម្លាក់​ក្បាល​កាឡា រ​ចនា​ស្រទាប់​ផ្កា​ឈូក​​ផ្កាប់ ដែល​តំណាង​ឲ្យ​ឫស​គល់​នៃវប្ប​ធម៌ អរិយ​ធម៌ ដ៏រឹង​មាំ​របស់​ខ្មែរ។

លោក ​វុទ្ធី ​បន្ត​ថា ក្រៅ​ពី​ចម្លាក់​ក្បាច់​រចនា​ទាំង​នេះ បង្គោល​នោះ​ក៏មាន​រចនា​អក្សរ​ «ក្រសួង​វប្បធ​ម៌ និង​វិចិត្រ​សិល្បះ» និង «​តំបន់​ការពារ​សម្បតិ្ត​បេតិក​ភណ្ឌ​វប្បធ​ម៌​​ជាតិ» ផង​ដែរ។

លោក​​បញ្ជាក់​ថា​៖ ​«​នៅពេល​នេះ យើង​បាន​ផលិត​បង្គោល​កំណត់​ព្រំដែន​តំបន់​ការ​​ពារស​ម្បត្តិ​បេតិកភណ្ឌ​​​វប្បធម៌​ជាតិចំនួន​ជាង​ ១៤០​ នឹង​បាន​ដឹក​ទៅ​កាន់​តំបន់​ស្ថានីយ​បុរាណ​ដ្ឋាន​បេតិក​ភណ្ឌ​ប្រវត្តិ​សាស្ត្រ​បន្ទាយ​លង្វែក ដើម្បី​ត្រៀម​ជីកដាំ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​»។

យោង​តាមឯក​សារ​ប្រវ​ត្តិ​សា​ស្ត្រ តំបន់​បុរាណ​ដ្ឋាន​បេតិក​ភណ្ឌ​វប្បធម៌​ជាតិ​បន្ទាយ​លង្វែក ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​ ១៥​២៧ ដោយ​ព្រះ​បាទ ចន្ទ រាជា ។ បច្ចុ​បន្ន ទីតាំង​តំបន់​បុរាណ​ដ្ឋាន​នេះ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ចូល​ទៅ​​តាំង​ទីលំនៅ​និង​អាស្រ័យ​ផលជា​បន្ត​បន្ទាប់។

បើ​តាមលោក​ វុទ្ធី ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក ក្រសួង​បាន​ផលិ​ត​បង្គោល​កំណត់​តំបន់​ការពារ​សម្ប​ត្តិ​បេតិក​ភណ្ឌ​វប្បធម៌​ជាតិ ចំនួន​រាប់​ពាន់​​ដើម​មក​ហើយ​ និង​បាន​យក​ទៅ​ជីក​ដាំនៅ​តាម​តំបន់​បុរេប្រវត្តិ​សាស្ត្រ និង​បុរាណ​ដ្ឋាន​បេតិក​ភណ្ឌ​ជាច្រើន​កន្លែង​​នៅ​តា​ម​​បណ្ដា​​រាជ​ធានី-ខេត្ត​ មួយ​ចំនួន​ផង​​ដែរ​។

លោក ​វុទ្ធី ​ថ្លែង​ថា៖ «​យើ​ង​ដាំបង្គោល​​កំណត់​តំបន់​​ការពារ​សម្បត្តិបេ​តិកភណ្ឌ​វប្បធម៌​ជាតិ​ តែ​នៅ​តំបន់​ស្ថានីយ​បុរេ​ប្រវត្តិ​សាស្ត្រ និង​បុរាណ​ដ្ឋាន​បេតិក​ភណ្ឌទាំង​ឡាយ​ណា​ ដែល​មាន​មនុស្ស​ចូល​ទៅ​រំលោភ​ទន្ទ្រាន​យក​ដីធ្លី ដោយ​ខុសច្បា​ប់​​ប៉ុណ្ណោះ ព្រោះ​​យើង​​បារម្ភ​ខ្លាច​បាត់​បង់​និង​ខូច​ខាត​នូវ​ទីតាំង​ប្រវត្តិ​សាស្ត្រ​ទាំង​នេះ​»។

លោក តូច អ៊ី មេឃុំ​លង្វែក​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​​ ថា កាល​ពី ២​ សប្ដាហ៍​មុន ក្រុម​មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បះ បាន​ចុះទៅ​ប្រជុំផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​អំពី​បញ្ហានេះ​រួច​ហើយ​។

លោកបន្ត​ថា៖ «តាម​ស្មារ​​តី​នៃកិច្ច​ប្រជុំលំនៅ​ដ្ឋាន​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​ ៣ រួ​ម​មាន ភូមិ​ញ៉ាតាំង​ ភូមិ​ស្រះចក និ​ង​ភូមិ​វត្តិ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បេតិក​ភណ្ឌ​ប្រវត្តិ​សាស្ត្រ​បន្ទាយ​លង្វែក គឺអនុញ្ញាត​ឲ្យ​រស់​នៅ​បន្ត ប៉ុន្តែ​ផ្ទៃដី​អាស្រ័យ​ផលអាច​នឹង​ត្រូ​វ​ដក​ហូតឬ​និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​អ្វី​បន្ថែម​ទេ​»​៕