ភ្នំពេញៈ ក្រសួង​វប្បធម៌​បាន​អំពាវនាវ​ពី​ម្សិលមិញ​ឲ្យ​ពលរដ្ឋ​ជាពិសេស​យុវជន​ឈ្វេងយល់​ពី​ឥទ្ធិពល​នៃ​វប្បធម៌​ពី​ខាងក្រៅ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពាក់ព័ន្ធ​ទិវា​នៃ​ក្តីស្រឡាញ់​ថ្ងៃ​ ១៤ កុម្ភៈ ខណៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ណែនាំ​ដល់​បណ្តា​គ្រឹះស្ថានសិក្សា​ទាំងអស់​ឱ្យមាន​វិធានការ​ទប់ស្កាត់​សកម្មភាព​មិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តីស្រឡាញ់​នេះ​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថានសិក្សា និង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

យោងតាម​សេចក្តី​អំពាវនាវ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ពី​ថ្ងៃ​ទី​ ១១ កុម្ភៈ​ឱ្យ​ដឹងថា ថ្ងៃទី​ ១៤ កុម្ភៈ ដែល​មនុស្ស​មួយចំនួន ជាពិសេស​គ្រឹសាសនិកជន​បាន​កំណត់​ថា ជា​ទិវា​នៃ​ក្តីស្រឡាញ់ ជិត​ឈាន​ចូល​មកដល់​ហើយ​។ បច្ចុប្បន្ន​ទិវា​នេះ​បាននិង​កំពុង​ជ្រៀត​ចូលមក​សង្គមជាតិ​កម្ពុជា ជាពិសេស​ក្នុង​ស្រទាប់​យុវជន បណ្តា​ឱ្យ​មនុស្ស​មួយចំនួន​បាន​ទទួល​យក និង​ប្រើប្រាស់​ដោយ​ភាន់ច្រឡំ​នាំឱ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រណី​ជាតិ​ទៀតផង​។

ក្រសួង​វប្បធម៌​បញ្ជាក់ថា​៖ «​ក្នុង​បរិការណ៍​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឱ្យ​ប្រជាជន ជាពិសេសេ​យុវជន​កម្ពុជា​ត្រូវ​សិក្សា​ឈ្វេងយល់​ឱ្យ​ស៊ីជម្រៅ​ចំពោះ​វប្បធម៌ ប្រពៃណី ដែលជា​មរតក​ដ៏ថ្លៃថ្លា​របស់​ដូនតា​យើង​ព្រមទាំង​ត្រូវ​សិក្សា​ឈ្វេងយល់​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ​វប្បធម៌ ទំនៀមទម្លាប់​ពី​ខាងក្រៅ ដើម្បី​បន្សី​ចូលទៅក្នុង​ឥរិយាបថ និង​បរិបទ​នៃ​សង្គម​របស់ខ្លួន​ក្នុង​គោលដៅ​រក្សា​ឱ្យ​បាន​នូវ​អាទិភាព​ជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ​ដែល​មាន​វ័យ​ចំណាស់​រាប់ពាន់​ឆ្នាំ​មក​ហើយ​នៅ​ទ្វីបអាស៊ី​នេះ​»​។

យោងតាម​សេចក្តី​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​ ៨ ខែ កុម្ភៈ ឆ្នាំ​ ២០២១ បានឱ្យ​ដឹងថា សេចក្តីណែនាំ​នេះ​រួម​មាន​ការផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ​ពង្រឹង​ការអនុវត្ត​វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់​។ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​កុមារ ក្រុមប្រឹក្សា​យុវជន ប្រចាំ​សាលារៀន​តាមរយៈ​សកម្មភាព​ «​មិត្ត​អប់រំ​មិត្ត​» អប់រំ​ណែនាំ​ដល់​សិស្សានុសិស្ស​អំពី​សារៈសំខាន់​នៃ​វិធានការ​សុវត្ថិភាព​សិក្សា​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ក្រសួង​អប់រំ​ក៏​បាន​ប្រាប់​ឱ្យ​គណៈគ្រប់គ្រង​នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា ត្រូវ​ធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នក​អាណាព្យាបាល និង​សហគមន៍ ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិនប្រក្រតី​នានា​ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ​ទប់ស្កាត់ និង​អប់រំ​ណែនាំ​កែលម្អ​ឱ្យបាន​ទាន់ពេលវេលា​។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក​ រស់ សុវាចា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាទូទៅ​ក្រសួង​តែងតែ​ចេញ​សេចក្តី​ណែនាំ​ស្តីពី​វិធានការ​ទប់ស្កាត់​សកម្មភាព​មិនប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រឡាញ់​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។

បើតាម​លោក​ រស់ សុវាចា ក្រសួង​អប់រំ​លើកទឹកចិត្ត​គ្រឹះស្ថានសិក្សា​ឲ្យ​ប្រារព្ធ​កម្មវិធី​មនុស្សធម៌​ និង​កម្មវិធី សង្គម​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង ដើម្បី​រៀបចំ​ការណែនាំ​ដល់​សិស្សនិស្សិត​។ ក្នុង​បរិបទ​កូវីដ​១៩​នេះ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​។ ជាក់ស្តែង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នឹង​រៀបចំ​កិច្ចពិភាក្សា​អនឡាញ​ស្តីពី​ «​សេចក្តីស្រឡាញ់ និង​ការបារម្ភ​»​។

លោក​ រស់ សុវាចា ថ្លែងថា​៖ «​យើង​សង្កេតឃើញថា សិស្សានុសិស្ស​ភាគច្រើន​បាន​យល់ច្បាស់​ពី​អត្ថន័យ​ថ្ងៃ​​ ១៤ កុម្ភ:​ថា​ពុំមែន​ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​។ នា​ថ្ងៃ​ ១៤ ​កុម្ភ: ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​បាន​មក​រៀន​ជាធម្មតា និង​បាន​ឆ្លៀត​ម៉ោង​សម្រាក​ចូលរួម​សកម្មភាព​សង្គម ដូចជា​ការបរិច្ចាគ​ឈាម​កិច្ចការ​សប្បុរសធម៌ និង​ការរក្សា​សុខភាព​ផ្លូវចិត្ត​តាម​លំនាំ​ព្រះពុទ្ធសាសនា​ជាដើម​»​។

លោក​បន្តថា​៖ «​ក្រោម​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងស់​រួមមាន សិស្សានុសិស្ស និង​មាតាបិតា ជាពិសេស​ពី​សំណាក់​បណ្តាញ​សារព័ត៌មាន​ទាំងអស់ ក្រសួង​អប់រំ យុវជន និង​កីឡា សង្កេត​ឃើញ​ថា ការយល់ច្រឡំ​ពី​អត្ថន័យ​របស់​ថ្ងៃ​ ១៤ ​កុម្ភ:​នេះ​មានការ​ថយចុះ​»​។

លោក​ក៏បាន​អំពាវនាវ​ដល់​យុវជន​គួរ​ចាត់ទុក​ថ្ងៃ​ ១៤ ​កុម្ភ: ជា​ថ្ងៃមួយ​ដូច​ធម្មតា​សម្រាប់​បំពេញ​ការសិក្សា និង​ការងារ​។ បើ​ឆ្លៀតឱកាស​បាន​យុវជន​គួរ​ធ្វើ​ការងារ​សង្គម​ដែលមាន​ប្រយោជន៍​វិជ្ជមាន​ដល់​ខ្លួនឯង និង​អ្នកដទៃ​។ សិស្ស និស្សិត និង​យុវជន​គួរ​ចាំ​ថា អនាគត​របស់គាត់​ស្ថិត​នៅក្នុង​កណ្តាប់​ដៃ​របស់​គាត់​ផ្ទាល់​។ ដូចនេះ​គាត់​ត្រូវ​សម្រេចចិត្ត​ប្រកប​ដោយ​ការពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​មុន​នឹង​ធ្វើ​អ្វីមួយ​។

លោក​ ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បញ្ជាក់​ថា ជាធម្មតា​ក្រសួង​តែងតែ​ចេញ​នូវ​សេចក្តី​អំពាវនាវ​មួយ​ដល់​យុវជន​កម្ពុជា កុំឱ្យ​យក​ថ្ងៃនេះ​ជា​ថ្ងៃ​ភ្លើតភ្លើន​។ ប៉ុន្តែ​វា​គ្រាន់តែ​ការរួមចំណែក​មួយ​របស់​ក្រសួង​ប៉ុណ្ណោះ​មិនមែន​ជា​កាតព្វកិច្ច​ដូច​ទិវា​វប្បធម៌​នោះទេ​។

លោក​បន្តថា បន្ទាប់ពី​មាន​ការអំពាវនាវ​ឱ្យមាន​ការចូលរួម​អប់រំ និង​ផ្សព្វផ្សាយ​កន្លងមក​នេះ​ឃើញ​ថា សកម្មភាព​នៃ​ការភ្លើតភ្លើន​របស់​យុវជន​កម្ពុជា​ហាក់​មាន​ស្ថានភាព​ស្រាកស្រាន្ត និង​ថមថយ​ដោយសារ​យុវជន​បាន​ចាប់ផ្តើម​យល់​ពី​ទិវា​នេះ​។

លោក​ថ្លែងថា​៖ «​បើ​យើង​មើល​ទិដ្ឋភាព​ខាងក្រៅ ដែល​ឃើញនឹងភ្នែក​របស់​យើង ឃើញ​ថា​តាមរយៈ​ការអំពាវនាវ​គួបផ្សំ​ជាមួយ​នឹង​យុវជន​ឥឡូវ​គេ​ចាប់ផ្តើម​យល់​ពី​វប្បធម៌​ដោយ​គេ​យល់ថា​វា​គ្រាន់តែ ជា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ទេ​។ យើង​ឃើញ​ថា​វា​មាន​ការថមថយ និង​[​មិន​] គគ្រឹកគគ្រេង​ពេក​ដូច​ពី​ពេលដែល​មិនទាន់​មាន​ការអំពាវនាវ​»​។

ទោះ​ជា​យ៉ាងណា​លោក​ថា សម្រាប់​ឆ្នាំនេះ​លោក​មិនទាន់​ដឹងថា ក្រសួង​នឹង​ចេញ​សេចក្តី​អំពាវនាវ​ដែរ ឬ​អត់​ទេ ឬមួយ​ជិត​ដល់​ថ្ងៃ ទើប​លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រាប់​ឱ្យចេញ ប៉ុន្តែ​ពេលនេះ មិនទាន់​មាន​ឃើញ​ចេញ​នៅឡើយ​ទេ​៕

វីដេអូ៖