ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ជាតិ និង​អន្តរជាតិ​ចំពោះ​ជនជាតិ​អៀកឡង់​ម្នាក់​ឈ្មោះ​ Matt Loughrey ដែល​បាន​យក​រូបថត​ជនរងគ្រោះ​នៅ​អតីត​មន្ទីរស-២១ ទៅ​កែច្នៃ​ខុស​ស្ថានភាព​ជាក់ស្តែង។

ដោយយោង​តាម​គេហទំព័រ​សារព័ត៌មាន The Vice ចំណងជើង​ថា These People Were Arrested by the Khmer Rouge and Never Seen Again ចុះ​ថ្ងៃទី ៩ ខែ​មេសា ឆ្នាំ ២០២១ ក្រសួង​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា នាពេល​ថ្មីៗ​នេះ មាន​ការបង្ហោះ​រូប​ជនរងគ្រោះ​នៅ​អតីត​មន្ទីរស-២១ ដោយ​ជនជាតិ​អៀកឡង់​ឈ្មោះ Matt Loughrey ដែល​បាន​យក​រូបថត​ទៅ​កែច្នៃ​ជា​ពណ៌​ធម្មជាតិ និង​បាន​ច្នៃ​ឲ្យ​ខុសពី​ស្ថានភាព​ជាក់ស្តែង​អំឡុង​ពេល​ដែល​ជនរងគ្រោះ​ទទួល​រង​នូវ​ការគំរាមកំហែង​ពី​សំណាក់​ពួក​ខ្មែរក្រហម។

ក្រសួង​បាន​បញ្ជាក់ថា៖ «ក្រសួង​មិន​អាច​ទទួល​យក​ទង្វើ​បែប​អគតិ​នេះ​ទេ ដ្បិត​កិច្ចការ​ដែល​ឈ្មោះ Matt Loughrey បាន​ធ្វើ គឺ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សេចក្តី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ ភាពពិត​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​បំពាន​ចំពោះ​សិទ្ធិ​នៃ​ការប្រើប្រាស់​រូបថត​របស់​សារមន្ទីរ»។

ក្រសួង​បាន​បន្តថា សារមន្ទីរ​ពុំដែល​មាន​ទំនាក់ទំនង​ជា​ផ្លូវការ​ណាមួយ​ជាមួយ​បុគ្គល​ខាងលើ​នេះ​ទេ ហើយ​រាល់​ការប្រើប្រាស់​ឯកសារ​ចេញពី​សារមន្ទីរ ត្រូវ​គោរព​តាមច្បាប់​បណ្ណសារ​ឆ្នាំ ២០០៥ និង​គោលការណ៍​នៃ​ការប្រើប្រាស់​បណ្ណសារ​សារមន្ទីរ​ទួលស្លែង។

ក្រៅពីនេះ ក្រសួង​ក៏បាន​អំពាវនាវ​ឲ្យ​បុគ្គល​ឈ្មោះ Matt Loughrey និង​បណ្តាញ​សារព័ត៌មាន Vice លុប​រូប​ទាំងអស់​នេះ​ចេញពី​បណ្តាញ​ព័ត៌មាន​របស់ខ្លួន និង​សំណូមពរ​ដល់​អ្នកស្រាវជ្រាវ វិចិត្រករ និង​សាធារណជន កុំ​ប្រើប្រាស់​រូបថត​ក្នុង​ន័យ​ខុសពី​ការពិត​នៃ​បរិបទ​ប្រវត្តិសាស្ត្រ ព្រម​ទាំង​គោរព​ចំពោះ​ជនរងគ្រោះ។

ក្រសួង​វប្បធម៌​បាន​សង្កត់ធ្ងន់​ថា៖ «ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់​ជាតិ និង​អន្តរជាតិ​ដែល​មាន​ជា​ធរមាន​ក្នុង​ករណី​បុគ្គល​ឈ្មោះ​ Matt Loughrey មិន​អនុវត្ត​ទៅតាម​សេចក្តី​ណែនាំ​ខាងលើ»។

ក្រោយពី​ឃើញ​ការបង្ហោះ​រូប​កែច្នៃ​ខុស​ទ្រង់ទ្រាយ​ដើម​នេះ​មក អ្នកលេង​បណ្តាញ​សង្គម​ និង​អ្នកស្រាវជ្រាវ​មួយចំនួន​ក៏បាន​ធ្វើការ​រិះគន់​ផងដែរ។

លោក​ ហ៊ុយ វណ្ណៈ ​បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ក្នុងនាម​ជា អ្នកស្រាវជ្រាវ​លើ​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម​មួយរូប ដោយ​បាន​ចាត់ទុក​ទង្វើ​របស់​ជនជាតិ​អៀក​ឡង់​រូបនេះ​ថា​ជា «ទង្វើ​មិនដឹងខ្យល់» ដែល​ខុសឆ្គង​ខាង​សីលធម៌, ជាការ​ធ្វើ​ឲ្យ​យល់ច្រឡំ​ចំពោះ​ប្រវត្តិសាស្ត្រ​ និង​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម, និង​ជា​ការប្រមាថ​លេងសើច​ចំពោះ​ព្រលឹង​ជនរងគ្រោះ។

លោក​បាន​សរសេរ​កាល​ពី​ម្សិលមិញ​ថា៖ «គុក​ទួលស្លែង​ក្នុងសម័យ ប៉ុល ពត គឺ​មិនមែន​ជា ហាង​កែ​សម្ភស្ស ឬ​កន្លែង​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​នោះទេ។ សោកនាដកម្ម ក៏​មិនមែន​សិល្បៈ​កម្សាន្ត​កែ​អផ្សុក​នោះដែរ។ គេ​គួរតែ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​ភាពតក់ស្លុត​ចំពោះ​ទារុណកម្ម និង​សេចក្តី​ស្លាប់​ចំពោះមុខ «Facing Death»៕