ភ្នំពេញ: រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោកស្រី ភឿង សកុណា បាន​លើកឡើង​ថា អ្នកជំនាញ​ក្រសួង​វប្បធម៌​កំពុង​បន្ត​ទាមទារ​យក​វត្ថុ​បុរាណ​ដែល​កម្ពុជា​បាន​បាត់បង់​ក្នុង​សង្គ្រាម​ពី​សហរដ្ឋអាមេរិក​បន្ថែម​ទៀត ប៉ុន្ដែ​មិនទាន់​ដឹង​ច្បាស់​ពី​ចំនួន​វត្ថុ​បុរាណ​ដែល​បាត់​ទេ ខណៈ​កាលពី​ឆ្នាំ​មុន​អាមេរិក​ធ្លាប់​បាន​ប្រគល់​​រូបសំណាក​ចំនួន​ ៤២ មក​ឲ្យ​ប្រទេស​​កម្ពុជា​វិញ​។

លោកស្រី ភឿង សកុណា បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុមការងារ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន និង​កំពុង​សហការ​ជាមួយ​អ្នកជំនាញការ​ផ្នែក​ច្បាប់ និង​សមត្ថកិច្ច​របស់​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​សម្របសម្រួល​ឲ្យ​កម្ពុជា​ទទួល​បាន​វត្ថុ​បុរាណ​សំខាន់ៗ​ដែល​បាន​បាត់បង់​កាលពី​សម័យ​សង្គ្រាម​នៅ​តំបន់​ប្រាសាទ​កោះកេរ​ និង​តំបន់​ប្រាសាទ​អង្គរវត្ត ក៏ដូចជា​តាម​តំបន់​ប្រាសាទបុរាណ​មួយចំនួនទៀត​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​ ២០១៩ យើង​ទទួល​បាន​រូបសំណាក​វត្ថុ​បុរាណ​ចំនួន​ ៤២ ​រូបសំណាក​ពី​សហរដ្ឋអាមេរិក ហើយ​យើង​កំពុងតែ​ធ្វើការ​បន្ដទៅទៀត​ ដើម្បី​ទាមទារ​យក​ឲ្យ​បាន​ច្រើន​បំផុត​នូវ​អ្វីដែល​យើង​បាន​បាត់បង់​ដែល​មាន​នៅ​សហរដ្ឋអាមេរិក​។ ការងារ​នេះ​យើង​កំពុង​ធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ការងារ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ដើម្បី​ស្វែងរក​ ឬ​តាម​រក​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាន​បាត់បង់​ទៅជា​យូរ​ឆ្នាំ​ហើយ ប៉ុន្ដែ​យើង​នៅ​មិនទាន់​បានដឹង​ពី​ចំនួន​​ច្បាស់លាស់​ទេ យើង​ដឹងថា​នៅ​មាន​ច្រើន​ទៀត​»​។

ជាមួយ​គ្នា​នេះ​លោកស្រី ភឿង សកុណា ធ្លាប់បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​ «​ស្ត្រី​ក្នុង​ការ​ការពារ​វប្បធម៌​» ​ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​សារមន្ទីរ​ជាតិ​កាលពី​ថ្ងៃទី​ ១៣ ខែមីនា ​ដែរ​ថា​តាំងពី​ឆ្នាំ ២០០១ មក​ទល់​បច្ចុប្បន្ននេះ សហរដ្ឋ​អាមេរិក​បាន​ជួយ​ផ្នែក​វប្បធម៌​ដល់​កម្ពុជា​អស់​ទឹកប្រាក់​ចំនួន​ ៤,៥ លាន​ដុល្លារ​ហើយ​។

លោកស្រី​បាន​បន្តថា ជំនួយ​ទាំងអស់​នេះ​បាន​ជួយ​លើ​កិច្ចការ​ជួសជុល​ប្រាសាទ​រួមមាន ប្រាសាទ​បាខែង ប្រាសាទបន្ទាយស្រី និង​ប្រាសាទ​ព្រះវិហារ​ជាដើម​។ ម្យ៉ាងទៀត​ការបង្កើត​សារមន្ទីរ​ភ្នំ​ដា នៅ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ​ក៏​ជា​ជំនួយ​បានមកពី​មូលនិធិ​របស់​ស្ថានទូត​អាមេរិក​ដែរ​។

លោកស្រី សកុណា បាន​បន្ថែមថា ក្រៅពី​ការងារ​នោះ​មូលនិធិ​របស់​ស្ថានទូត​អាមេរិក​បាន​ផ្ដោតលើ​ការថែរក្សា​ផ្នែក​ខាង​សម្លៀកបំពាក់​របស់​ជនរងគ្រោះ​នៅក្នុង​សារមន្ទីរ​ទួលស្លែង​ក៏ដូចជា ការបង្កើត​ការរៀបចំ​ចងក្រង​អត្ថបទ​ពាក់ព័ន្ធ​នឹង​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត ថែមទៀត​។

លោកស្រី​បាន​បន្តថា​ការចូលរួម​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការជួយ​ថែរក្សា​បេតិកភណ្ឌ​ជាតិ​ និង​ឯកសារ​នានា​ទាក់ទង​នឹង​ប្រវត្ដិសាស្ត្រ​កម្ពុជា​គឺជា​ផ្នែក​មួយ​នៃ​ការជួយ​យក​ចិត្ដ​ទុកដាក់​ពង្រឹង​ចំណង​មិត្ដភាព​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេដង​។

លោកស្រី Emily Zeeberg អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ម្សិលមិញ​មិនទាន់​បាន​ឆ្លើយតប​តាមរយៈ​អ៊ីមែល​ភ្នំពេញ​ប៉ុស្ដិ៍​នៅឡើយ​ទេ ជុំវិញ​ការលើក​ឡើង​របស់​លោកស្រី ភឿង សកុណា នេះ​។

ប៉ុន្ដែ​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ធ្លាប់បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​ «​ស្ត្រី​ក្នុងការ​ការពារ​វប្បធម៌​» ​ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៣ ខែមីនា ថា​សហរដ្ឋអាមេរិក-កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រៀងរាល់​ ៥ ​ឆ្នាំ​ម្តង​ ចាប់​តាំងពី​ឆ្នាំ​ ២០០៣ ដែលមាន​គោលបំណង​ការពារ និង​ទប់ស្កាត់​ការលួច​វត្ថុបុរាណ​។

លោក​បាន​បន្តថា សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​ដល់​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ការធ្វើ​មាតុភូមិ​និវត្តន៍​វត្ថុ​បុរាណ​ដែល​មិន​អាច​កាត់ថ្លៃ​បាន និង​ត្រូវបាន​គេ​លួច​យក​ចេញពី​ប្រទេស​ខ្លួន​។ ​ស្ថានទូត​អាមេរិក​បន្ត​គាំទ្រ​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់ និង​ដើម្បី​ធានាថា អាមេរិក-កម្ពុជា ឈាន​ដល់​លទ្ធផល​នៃ​ផែនការ​សកម្មភាព​ល្អ​ជាមួយ​គ្នា​៕