ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ជំរុញ​ឲ្យ​សិល្បករ សិល្បការិនី ចូលរួម​សម្តែង​សិល្បៈ និង​ផ្សព្វផ្សាយ​សារ​អប់រំ​ពី​មេរោគ​អេដស៍​ក្នុង​កម្មវិធី​ផ្សេងៗ នា​ឱកាស​ព្រះរាជពិធី​បុណ្យអុំទូក​ដែល​នឹង​ចូល​មកដល់​នាពេល​ដ៏ខ្លី​ខាងមុខ ខណៈ​ពិភពលោក​ក៏​នឹង​ប្រារព្វ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ថ្ងៃទី​ ១ ​ធ្នូ ឆ្នាំ​ ២០១៩​។

លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​ ៥ វិច្ឆិកា របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​ន័យ​ជម្រាបជូន​លោក លោកស្រី​ប្រធាន​អង្គភាព​ និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី-ខេត្ត​ លោកស្រី​ប្រាប់​ប្រធាន​អង្គភាព​ទាំងនោះ​ឱ្យធ្វើ​យ៉ាងណា​ជំរុញ​ដល់​សិល្បករ សិល្បការិនី​បញ្ចូល​សារ​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ក្នុង​កម្មវិធី​ផ្សេងៗ​នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះខែ ដែល​ប្រារព្ធ​នៅ​ថ្ងៃទី​ ១០-១១-១២ ខែវិច្ឆិកា​។

លោកស្រី ភឿង សកុណា លើកឡើង​ក្នុង​លិខិត​នោះ​ថា​៖ «​សូម​ជម្រាប​មក​លោក-លោកស្រី​ប្រធាន​អង្គភាព​ និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី-ខេត្ត​ ជ្រាប​ថា​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​សមាជិក​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដែល​មាន​ថ្នាក់ដឹកនាំ​ម្នាក់​ទទួល​បន្ទុក​កិច្ចការ​នេះ​»​។

លោកស្រី​បន្តថា ក្នុង​ន័យ​ចូលរួម​ជា​ពហុវិស័យ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​តួនាទី​ជួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដោយ​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ពី​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅក្នុង​គ្រប់​កម្មវិធី​ផ្សេងៗ​ដល់​សាធារណជន​ដើម្បី​ផ្សព្វផ្សាយ​ជា​ពហុវិស័យ​។ ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​នៅក្នុង​​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះខែ​នាពេល​ដ៏ខ្លី​ខាងមុខ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ថ្ងៃទី​ ១ ខែ​ធ្នូ ឆ្នាំ​ ២០១៩ ក៏​នឹង​ប្រារព្ធ​ឡើង​ដែរ ។

លោកស្រី​បញ្ជាក់ថា​៖ «​សូម​លោក លោកស្រី​ប្រធាន​អង្គភាព​ណែនាំ​ដល់​សិល្បករ សិល្បការិនី​ចូលរួម​សម្តែង​សិល្បៈ និង​ផ្សព្វផ្សាយ​។ ពិសេស​លោក លោកស្រី​ប្រធាន​នៅតាម​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី-ខេត្ត លើក​ខ្លឹមសារ​ចំនួន​ ២ គឺ​ ១ បង្ការ​ខ្លួន និង​គ្រួសារ​ពី​ការឆ្លង​មេរោគ​អេដស៍ ខ្ញុំ​សន្យា និង​ ២ ចូលរួម​បញ្ចប់​អេដស៍​ផ្តើម​ចេញ​ពី​យើង​ទាំងអស់​គ្នា​»​។

លោក​ ឈឹម ឃិនដារ៉េត អគ្គលេខាធិការ គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជាទូទៅ​ការរីក​រាលដាល និង​ការឆ្លង​ជំងឺអេដស៍​នៅ​កម្ពុជា​អាច​គ្រប់គ្រង​បាន​។ ការផ្សព្វផ្សាយ​អំពី​ការការពារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ត្រូវ​ធ្វើ​ជា​ប្រចាំ​។

លោក​ថ្លែងថា​៖« ប៉ុន្តែ​ដោយសារ​ព្រះរាជ​ពិធី​អុំទូក​យើង​ហ្នឹង​មាន​ប្រជាពលរដ្ឋ​យើង​មក​ច្រើន ហើយ​អ្នកអុំទូក​ក៏​ច្រើន ក៏​យើង​ត្រូវតែ​រៀបចំ ដោយ​សហការ​ជាមួយ​ដៃគូ​ផ្សេងៗ​ផ្សព្វផ្សាយ​នៅពេល​ហ្នឹង​ក៏​មាន​ចែក​ជា​ស្រោមអនាម័យ ដើម្បី​ឲ្យ​ពួកគាត់​មាន​ការប្រុងប្រយ័ត្ន​ខ្លួន ដោយសារ​តែ​ពេល​ហ្នឹង គាត់​អាច​ចេញ​ឆ្ងាយ​ពី​គ្រួសារ​»​។

បើ​តាម​លោក ឈឹម ឃិនដារ៉េត បើទោះ​ជា​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​ ៩៥-៩៥-៩៥ ដែល​បង្ហាញថា កម្ពុជា​អាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការរីករាលដាល​នៃ​ជំងឺ​អេដស៍​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​បញ្ហា​ប្រឈម​សម្រាប់ ក្រុម​គោលដៅ បុរស​រួមភេទ​ជាមួយ​បុរស និង​នារី​បម្រើ​សេវា​កម្សាន្ត នៅតែ​មាន​ការព្រួយបារម្ភ ខណៈ​អត្រា​ចម្លង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ឆ្នាំ ២០១៩ ការប៉ាន់​ប្រមាណ​អាច​ថយចុះ​ ០,៥ ភាគរយ​។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍​កាលពី​ខែ​សីហា​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៨ ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ត្រូវ​បាន​រកឃើញ​ថា​មាន​ជាង​ ៨០០ ​នាក់​។ ភាគច្រើន​នៃ​អ្នក​ឆ្លង​ថ្មី​ទាំងនោះ​គឺ​កើត​លើ​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ខណៈ​របាយការណ៍​ក្រសួង​សុខាភិបាល​ក៏បាន​បង្ហាញ​ដែរ​ថា អ្នកជំងឺ​ជាង ៥០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺអេដស៍​។

តាម​តួលេខ​នៃ​ការប៉ាន់​ប្រមាណ​សម្រាប់​ឆ្នាំ​ ២០១៨ ​របស់​ក្រសួង​ដដែល​បាន​ឲ្យ​ដឹងថា ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ៤៩ ​ឆ្នាំ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទៅ​មាន​ជាង​​ ៧ ម៉ឺន​ ៦ ពាន់​នាក់ ។

ជាមួយ​នឹង​ការប្រកាស​ផ្សព្វផ្សាយ​ពី​ជំងឺអេដស៍​នេះ​ដែរ​កាលពី​ថ្ងៃទី​ ៥ វិច្ឆិកា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក៏​បាន​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​ ២ ​ឆ្នាំ​ ២០១៩ នៅ​សាលប្រជុំ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក្នុង​គោលបំណង ពិនិត្យ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ឆ្លង​រាលដាល​នៃ​មេរោគ​អេដស៍​នៅក្នុង​ឆមាស​ទី​ ២ ឆ្នាំ​ ២០១៩​។ កិច្ចប្រជុំ​ក៏​ដើម្បី​ពិនិត្យមើល​នូវ​លទ្ធផល​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដើម្បី​ពិភាក្សា សម្រេច​ដាក់​ចេញ​នូវ​ទិសដៅ​គោលនយោបាយ​ពហុវិស័យ ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សម្រាប់​ឆមាស​ទី​ ១ ​នៅក្នុង​ឆ្នាំ​ ២០២០ ​ខាងមុខ​បន្តទៀត​។

លោក​ អៀង មូលី ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​លើក​ឡើង​ក្នុងឱកាស​នោះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជាគោលការណ៍​ប្រកប​ដោយ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលុបបំបាត់​ជំងឺអេដស៍​តាមរយៈ​ការកំណត់​យ៉ាង​ច្បាស់លាស់​នូវ​គោលដៅ​សូន្យ​ ៣ គឺ​ «​គ្មាន​ការឆ្លង​មេរោគ​អេដស៍​ថ្មី គ្មាន​ការរើសអើង​ចំពោះ អ្នក​ផ្ទុកមេរោគ​អេដស៍​» ​និង «​គ្មាន​ការស្លាប់​ដោយសារ​ជំងឺអេដស៍​» នៅ​ត្រឹម​ឆ្នាំ​ ២០២០​។

លោក​បន្តថា មាន​តែ​ការធ្វើដំណើរ​រួមគ្នា​ប្រកប​ដោយ​ទស្សនវិស័យ​ច្បាស់លាស់​ក្នុង​ក្តីសង្ឃឹម​ពិតប្រាកដ​ទើប​អាច​ឆ្ពោះ​ទៅ​រក​ការលុបបំបាត់​ជំងឺអេដស៍​បាន​។ លោក​ក៏​បាន​បន្ត​អំពាវនាវ​ដល់​ជនរួមជាតិ​ត្រូវ​ចូលរួម​ការពារ​ខ្លួន និង​ទទួលខុសត្រូវ​ខ្លួនឯង​ជា​ចម្បង កុំ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ព្រម​ទាំង​កាត់ផ្តាច់​ការចម្លង​មេរោគ​អេដស៍​ទៅ​សមាជិក​ក្រុមគ្រួសារ ឬ​អ្នក​ដែល​ខ្លួន​មាន​សម្ព័ន្ធភាព​ផ្លូវភេទ​។

លោក​ មូលី បាន​បញ្ជាក់ថា​៖ «​ដោយ​ប្រើប្រាស់​ស្រោម​អនាម័យ​ឲ្យ​បាន​ជាប់លាប់ និង​ត្រឹមត្រូវ​ទៅ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ បើសិន​សង្ស័យ​ថា​បាន​ប្រឈម​ឆ្លង​មេរោគ​។ កុំ​បាក់​ទឹកចិត្ត ប្រសិន​លទ្ធផល​ពិនិត្យ​ឈាម​វិជ្ជមាន បញ្ជាក់​ថា​ខ្លួន​បាន​ជ្រុល​ឆ្លង​មេរោគ​អេដស៍​។ សូម​ឆាប់​ទៅ​ទទួល​សេវា​ព្យាបាល​ភ្លាមៗ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​»៕