
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ក្នុងសន្និសីទកាសែត ម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ ក្រសួងក៏បានបង្ក្រាបករណីរំលោភបំពានយកដីនៅទីតាំងបុរាណដ្ឋានចំនួន ១៨ ករណីស្របពេលបុរាណដ្ឋានដែលជាកន្លែងកប់សព ប្រាសាទបុរាណ វត្តបុរាណ និងប្រព័ន្ធធារាសាស្ដ្របុរាណចំនួន ៦ ៦១៧ នៅទូទាំងប្រទេសត្រូវបានចុះបញ្ជីដើម្បីអភិរក្ស។
លោក វឿន វុទ្ធី ប្រធាននាយកដ្ឋាន បុរាណវិទ្យា បុរេប្រវត្តិវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា ករណីរំលោភយកដីក្នុងតំបន់បុរាណដ្ឋានទាំង ១៨ ទីតាំងដែលត្រូវបានបង្ក្រាប និងដោះស្រាយនេះគឺស្ថិតក្នុងខេត្តចំនួន ៦ ហើយករណីភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តស្ទឹងត្រែង និងខេត្តព្រៃវែង។
លោកថ្លែងថា៖ «អ្វីដែលក្រសួង វប្បធម៌បានទប់ស្កាត់ហ្នឹងគឺយើងឈរលើគោលការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺមិនរឹងហួសហេតុហើយក៏មិនធូររលុងដែរ ចំពោះអ្នករំលោភបំពាន។ ក្នុងនោះក្រសួងបានប្ដឹង ទៅតុលាការតាមនីតីវិធីច្បាប់មានចំនួន ៥ ករណីធំៗដូចជានៅខេត្តកណ្ដាល ៣ ករណីខេត្តកំពង់ស្ពឺ ១ ករណី និងខេត្តកំពង់ឆ្នាំង ១ ករណី»។
លោកបញ្ជាក់ថា បុរាណស្ថានដែលត្រូវចុះបញ្ជី និងកំពុងស្ថិតក្រោមការអភិរក្សមាន ៦៦១៧ បុរាណស្ថាន គឺឈរលើគោលការណ៍ចំនួន ៤ គឺជាលំនៅឋានបុរាណនៅសម័យបុរេប្រវត្តិសាស្ដ្រ ឬសម័យហ្វូណន បុរាណស្ថានដែលមានប្រាសាទក្នុងសម័យ អង្គរ និងសម័យមុនអង្គរ វត្តបុរាណនៅសម័យកណ្ដាល ឬហៅថាសម័យក្រោយអង្គរ និងសំណង់ប្រវត្តិសាស្ដ្រក្នុងសម័យបារាំង រួមទាំងការអភិរក្សសំណង់ប្រវត្តិសាស្ដ្រដែលទើបកើតឡើងក្រោយសម័យបារាំង។
ការរៀបរាប់នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី៖ «វឌ្ឍនភាព ទិសដៅការងារបន្តរបស់ក្រសួងវប្បធម៌» ពីម្សិលមិញដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងដែរថា ការរំលោភលើដីបុរាណស្ថាន ឬហៅថាទីតាំងវប្បធម៌ទាំងនេះមានករណីខ្លះដោយសារមិនបានដឹងថា ជាតំបន់វប្បធម៌ ខណៈករណីខ្លះទៀតកើតឡើងដោយសារសេចក្ដីចង់បាន។
លោកបន្តថា តំបន់វប្បធម៌ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌក៏មានការបំពានយកធ្វើជាឯកជនដែរ ហើយតំបន់វប្បធម៌ដែលប្រឈមខ្លាំងនឹងការបំពានយកគឺស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍន៍។ ក្នុងឱកាសនោះលោកក៏លើកអំពីផលប៉ះពាល់ដល់វប្បធម៌ខ្មែរ។ លោកថា ក្រសួងមានការពិបាកក្នុងការទប់ស្កាត់ការសម្ដែងបទចម្រៀងមួយចំនួន ដែលបង្ហាញរូបភាពអាសអាភាសធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់ និងប្រពៃណីរួមទាំងសេចក្ដីថ្លៃថ្នូររបស់សង្គម។
លោកថា៖ «ច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់រដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌ គឺមានការកំណត់ថាដីបេតិកភណ្ឌ គឺត្រូវតែរក្សាជាសម្បត្តិរដ្ឋ។ អ៊ីចឹងយើងអត់អាចយកទៅធ្វើជារបស់ឯកជនទេ»។
របាយការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា ការរំលោភបំពានទាំងនោះមានដូចជាការឈូសឆាយទន្ទ្រាន ការជីកកកាយរកវត្ថុបុរាណដោយ ខុសច្បាប់ ការបំផ្លាញសំណង់បុរាណដើម្បីសាងសង់សំណង់ថ្មី បទល្មើសព្រៃឈើ និងការបន្តកើតមានការសាងសង់លំនៅឋានដោយគ្មានការអនុញ្ញាត នៅតំបន់អង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសម្បូរព្រៃគុក។
ចំណែកលោក ឡុង កុសល មន្ត្រីនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងដែរថា បច្ចុប្បន្ន អាជ្ញាធរអប្សរាកំពុងកែលម្អផ្នែកខ្លះក្នុងបរិវេណនៃតំបន់រមណីយដ្ឋានអង្គរដើម្បីធ្វើយ៉ាងណាឱ្យតំបន់ប្រវត្តិសាស្ដ្រមួយនេះកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។
លោកថា ការកែលម្អនោះដូចជាកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៥ ទៅ ៦ គម្រោងការរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដើម្បីបង្កើនភាពបៃតងទាំងរដូវប្រាំង និងវស្សានៅបរិវេណប្រាសាទ ការដាំដើមឈើឡើងវិញនៅខាងមុខប្រាសាទ ការបង្កើតមណ្ឌលបដិសណ្ឋារកិច្ចនៅខាងមុខប្រាសាទ និងការបញ្ឈប់ការលក់ដូរមានលក្ខណៈមិនរៀបរយ៕