
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រូបថត ក្រសួងវប្បធម៌
ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្នើសុំកិច្ចសហការជាមួយមន្ទីរធម្មការ និងសាសនា ចំពោះការចុះពិនិត្យសំណើសុំសាងសង់ព្រះវិហារថ្មី ឬរុះរើព្រះវិហារចាស់ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងវាយតម្លៃលើទីតាំងដែលត្រូវសាងសង់ចៀសវាងការសាងសង់លើទីតាំងប្រវត្តិសាស្ត្រ និងប៉ះពាល់ដល់សំណង់ព្រះវិហារចាស់ដែលជាបេតិកភណ្ឌជាតិ។
លិខិតរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី ៤ កុម្ភះ ឆ្នាំ ២០២១ ផ្ញើជូនលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញសារាចរណែនាំស្តីពី «បម្រាមធ្វើអាជីវកម្មជីករុករក និងបំផ្លាញវត្ថុបុរាណ»។ បម្រាមនេះមានក្រសួងវប្បធម៌ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធដើម្បីទប់ស្កាត់ការសាងសង់លើទីតាំងដែលមានសំណល់បុរាណវត្ថុ និងទីតាំងប្រវត្តិសាស្ត្រ។
លោកស្រី ភឿង សកុណា ថ្លែងថា ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ធ្លាប់ចេញសារាចរអន្តរក្រសួងស្តីពី «ការហាមឃាត់ដាច់ខាតរាល់សកម្មភាពវាយកម្ទេចបំផ្លិចបំផ្លាញធ្វើឱ្យបាត់បង់ ឬធ្វើឱ្យខូចខាត និងការប្តូររូបរាងនូវសំណង់បុរាណគំនូរបុរាណ និងវត្ថុបុរាណនៅតាមវត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា» និងបានអនុលោម ៤ ចំណុចក្នុងការចូលរួមការពារសំណង់ព្រះវិហារបុរាណ។
ប៉ុន្តែបច្ចុប្បន្នក្រសួងវប្បធម៌ និង វិចិត្រសិល្បៈតែងតែទទួលបាននូវសេចក្តីប្រកាសរបស់ក្រសួងធម្មការ និងសាសនាស្តីពីការអនុញ្ញាតឱ្យសាងសង់ព្រះវិហារថ្មី ឬអនុញ្ញាតឱ្យរុះរើព្រះវិហារចាស់ ដើម្បីកសាងព្រះវិហារថ្មី ដោយពុំបានផ្តល់ដំណឹងមកមន្ត្រីជំនាញរបស់ក្រសួង ឬមន្ទីរចូលរួមចុះពិនិត្យទីតាំងមុនពេលអនុញ្ញាតឱ្យសាងសង់នោះឡើយ។
លោកស្រី ភឿង សកុណា ស្នើសុំលោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ផ្តល់ការណែនាំឱ្យមានកិច្ចសហការរវាងមន្ទីរធម្មការ និងសាសនាជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈនៅតាមរាជធានីខេត្តចុះពិនិត្យការសាងសង់ព្រះវិហារថ្មី ឬរុះរើព្រះវិហារចាស់ ដើម្បីមន្ទីរវប្បធម៌ខេត្ត ឬក្រសួងចាត់មន្ត្រីជំនាញពិនិត្យ និងវាយតម្លៃលើទីតាំងដែលត្រូវសាងសង់ចៀសវាងការសាងសង់លើទីតាំងប្រវត្តិសាស្ត្រ និងប៉ះពាល់ដល់សំណង់ព្រះវិហារចាស់ដែលជាបេតិកភណ្ឌជាតិ។
លោក ឡុង ប៉ុណ្ណាស៊ីរី អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា កន្លងមកក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងក្រសួងធម្មការ និង សាសនាសហការគ្នាយ៉ាងល្អ។ ជាពិសេសសម្តេចព្រះសង្ឃនាយកបានចេញសេចក្តីបង្គាប់ការ ដល់គ្រប់វត្តអារាមឱ្យមានកិច្ចសហការ មិនមែនតែត្រឹមវិហារនោះទេ រាល់វត្ថុទាំងអស់ក្នុងវត្តក៏ត្រូវបានចុះបញ្ជីការពារបេតិកភណ្ឌជាតិដែរ។
លោកថា៖ «ជាធម្មតា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រាន់តែចេញលិខិតទៅដើម្បីជាការក្រើនរំឭកឱ្យមានកិច្ចសហការ ប៉ុន្តែកន្លងមកនេះក្រសួងធម្មការ និងសាសនាតែងតែធ្វើកិច្ចសហប្រតិបត្តិការរហូតមក។ ណាមួយទៀត អ្នករដ្ឋបាលថ្មីដែលបានកាន់កិច្ចការនេះ ប្រហែលជាភ្លេចចម្លងជូនមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»។
លោក ឡុង ប៉ុណ្ណាស៊ីរី ក៏បានប្រាប់ឱ្យសួរមន្ត្រីជំនាញ លោក ប្រាក់ សុវណ្ណារ៉ា ចំពោះកិច្ចការអ្វីខ្លះដែលក្រសួងធម្មការ និងសាសនាមិនបានសហការកន្លងមកនេះ។ ប៉ុន្តែភ្នំពេញប៉ុស្តិ៍បានទាក់ទងលោក ប្រាក់ សុវណ្ណារ៉ា ដោយទូរស័ព្ទហៅចូលជាច្រើនលើកច្រើនសា ប៉ុន្តែមិនមានអ្នកលើក។
បើតាមលោក ប៉ុណ្ណាស៊ីរី កន្លងមកមានករណីវាយព្រះវិហារកើតឡើងកាលពី ៣-៤ ឆ្នាំមុននៅខេត្តកំពង់ធំដែលមិនបានជូនដំណឹងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាឱ្យដឹងពីម្សិលមិញថា ក្រសួងបានទទួលរួចហើយលិខិតរបស់ក្រសួងវប្បធម៌ស្នើសុំកិច្ចសហការ។ សំណង់សាសនាក្តី សំណង់ផ្សេងៗឱ្យតែមានអាយុកាលលើសពី ៥០ ឆ្នាំឡើងទៅ ១០០ ឆ្នាំក្រសួងវប្បធម៌មានកាតព្វកិច្ចធ្វើការត្រួតពិនិត្យទៅលើសំណង់ទាំងអស់នេះ។
លោកថា៖ «លិខិតដែលក្រសួងវប្បធម៌ផ្ញើឱ្យមកក្រសួងធម្មការ និង សាសនានេះមិនមានអ្វីជាបញ្ហានោះទេ។វាគ្រាន់តែជាការពង្រឹងការអនុវត្តច្បាប់ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់មិនមែនតែស្ថាប័នសាសនាទេ»៕