ភ្នំពេញៈ កាលពីថ្ងៃម្សិលមិញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសអនុញ្ញាតឱ្យរោងភាពយន្ត និងរោងសម្តែងសិល្បៈ បើកដំណើរការឡើងវិញក្រោយពីរដ្ឋាភិបាលប្រកាសបិទតាំងពីពាក់កណ្ដាលខែមីនាមក ប៉ុន្តែម្ចាស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈទាំងនេះត្រូវដាក់ពាក្យស្នើសុំមុនបើកដំណើរការឡើងវិញ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ការអនុញ្ញាតឱ្យរោងភាពយន្ត និងរោងសម្ដែងសិល្បៈបើកដំណើរការឡើងវិញនេះ គឺដើម្បីជួយសម្រួលការលំបាកផ្នែកសេដ្ឋកិច្ច និងលើកទឹកចិត្តដល់ក្រុមសិល្បៈក្នុងការអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិ។
ប៉ុន្តែមុនបើកដំណើរការ ម្ចាស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈត្រូវតែដាក់ពាក្យស្នើសុំ និងចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងវប្បធម៌ដោយត្រូវរៀបចំខ្លួនឱ្យរួចរាល់ ដើម្បីប្ដេជ្ញាចិត្ត អនុវត្តតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពតាមគោលការណ៍ស្ដង់ដាប្រតិបត្តិឱ្យបានត្រឹមត្រូវ និងត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្តក្នុងការទទួលខុសត្រូវ និងចូលរួមសហការជាមួយមន្ត្រីក្រសួងដែលត្រូវពិនិត្យតាមដានការអនុវត្តគោលការណ៍ស្ដង់ដាប្រតិបត្តិ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌នេះស្របពេលដែលក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃម្សិលមិញថា អ្នកជំងឺកូវីដ ១៩ ចំនួន ៨ នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ ដែលបានធ្វើឱ្យអ្នកជាសះស្បើយសរុបកើនដល់ ២១០ នាក់ និងអ្នកនៅសល់កំពុងសម្រាកព្យាបាលចំនួន ៣៣ នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ២៤៣ នាក់។
ក្នុងចំណោមអ្នកជាសះស្បើយទាំងនេះគឺមានជនជាតិខ្មែរចំនួន ៥ នាក់ ក្នុងនោះ ៣ នាក់ ជាកងកម្លាំងមួកខៀវរបស់អង្គការសហប្រជាជាតិដែលបានឆ្លងជំងឺមកពីប្រទេសម៉ាលី និង ២ នាក់ទៀត ជាអ្នកជំងឺមកពីប្រទេសឥណ្ឌូនេស៊ី ដែលពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ បន្ទាប់ពីការធ្វើតេស្ដលើកទី ២ អវិជ្ជមាន។
ចំណែកអ្នកជាសះស្បើយ ៣ នាក់ទៀត គឺមានជនជាតិឥណ្ឌាម្នាក់អាយុ ៣២ ឆ្នាំ ធ្វើដំណើរមកពីឥណ្ឌា និងស្ដ្រីជនជាតិឥណ្ឌូនេស៊ីអាយុ ៥៣ ឆ្នាំ ធ្វើដំណើរមកពីឥណ្ឌូនេស៊ីត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយពីធ្វើតេស្ដលើកទី ២ អវិជ្ជមាន និងម្នាក់ទៀតជាមន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកដែលទទួលការព្យាបាលនៅក្នុងស្ថានទូតផ្ទាល់។
កាលពីថ្ងៃទី ៥ សីហា ស្ថានទូតអាមេរិកបានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា នៅក្នុងស្ថានទូតគឺមានតែមន្ត្រី ៤ នាក់ប៉ុណ្ណោះ ត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដបន្ទាប់ពីពួកគេធ្វើដំណើរពីអាមេរិកត្រឡប់មកកាន់កម្ពុជាវិញហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹង។ ស្ថានទូតនេះបញ្ជាក់ថា មិនមានការឆ្លងនៅក្នុងសហគមន៍នៃស្ថានទូតនោះទេ។
មន្ត្រីក្រសួងសុខាភិបាលធ្លាប់បញ្ជាក់ថា គិតត្រឹមខែកក្កដារាល់ករណីឆ្លងដែលរកឃើញនៅកម្ពុជាគឺសុទ្ធតែនាំចូលពីក្រៅប្រទេសហើយភាគច្រើន អ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
បុរសជនជាតិខ្មែរចំនួន ២ នាក់ ដែលទើបធ្វើដំណើរត្រឡប់ពីប្រទេសម៉ាឡេស៊ីមកកម្ពុជាវិញកាលពីថ្ងៃទី ២៣ កក្កដា បានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័កនៅខេត្តព្រៃវែងនៅថ្ងៃទី ៣ សីហា និងត្រូវបានអាជ្ញាធរនាំខ្លួនមកធ្វើចត្តាឡីស័កវិញ និងត្រូវផាកពិន័យឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃបន្ថែមទៀត៕