ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ដោយ​មាន​ការគាំទ្រ​ពី​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (​យូនីសេហ្វ​) ​និង​មាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន និង​អង្គការ​ដៃគូ​បាន​ប្រកាស​បើក​យុទ្ធនាការ «​គ្រួសារ​រឹងមាំ​» ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ និង​ការបំបែក​កុមារ​ចេញ​ពី​គ្រួសារ​ដោយ​មិនចាំបាច់​។

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ស្ដីពី​យុទ្ធនាការ​នេះ​ដែល​ធ្វើឡើង​ពី​ម្សិលមិញ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​បាន​បង្ហាញ​ថា យុទ្ធនាការ​នេះ​គឺជា​ព្រឹត្ដិការណ៍​ដ៏សំខាន់​មាន​គោលដៅ​រួមគ្នា​ក្នុង​ការលុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​ដែលជា​ការបោះ​ជំហាន​ទៅ​មុខ​ដ៏វិជ្ជមាន​មួយ​ផ្សេង​ទៀត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ដើម្បី​បញ្ចប់​រាល់​ទម្រង់​នៃ​អំពើហិង្សា​លើ​កុមារ និង​ការបំបែក​កុមារ​ចេញពី​គ្រួសារ​ដោយ​មិនចាំបាច់​។ យុទ្ធនាការ​នេះ​មាន​គោលបំណង​ដោះស្រាយ​នូវ​បញ្ហា​សង្គម និង​វប្បធម៌​ដែល​ធ្វើឲ្យ​មាន​អំពើ​ហិង្សា​លើ​កុមារ និង​ធ្វើឲ្យ​មាន​ជំនឿ​ថា មណ្ឌល​ថែទាំ​ជាទី​កន្លែង​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​កុមារ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា​៖ «​អំពើហិង្សា​គឺជា​កង្វល់​ដ៏ធំ​មួយ​ដែល​មាន​កុមារ​ជាង​ពាក់កណ្ដាល​ក្នុង​ប្រទេស​ធ្លាប់​ទទួលរង​អំពើហិង្សា​យ៉ាងហោចណាស់​ក៏​មាន​ ១ ​ទម្រង់​ដែរ មុនពេល​ពួកគេ​អាយុ​ ១៨ ​ឆ្នាំ​។ អំពើហិង្សា​លើ​កុមារ​ជះឥទ្ធិពល​អវិជ្ជមាន​យូរអង្វែង​ដល់​សុខុមាលភាព​កុមារ​ក្នុង​ទិដ្ឋភាព​ផ្សេងៗ​ទាក់ទង​នឹង​អាកប្បកិរិយា ផ្លូវ​ចិត្ដ និង​រាងកាយ​នៅក្នុង​វ័យ​ជំទង់ និង​នៅពេល​ពេញវ័យ​»​។

សេចក្ដី​ប្រកាស​បន្តថា ខណៈ​ពេល​ដែល​មាន​ភាពក្រីក្រ កង្វះខាត​ការទទួល​បាន​ការអប់រំ និង​ការគាំទ្រ​សុខុមាលភាព​សង្គម​ជំរុញ​ឲ្យ​ក្រុមគ្រួសារ​មួយ​ចំនួន​បាន​យក​កុមារ​ទៅ​ដាក់​នៅ​មណ្ឌល​ថែទាំ​។ កត្តា​ជំរុញ​មួយទៀត​អាច​បណ្ដាល​មកពី​ជំនឿ​ដែល​យល់ថា កុមារ​នឹង​ទទួល​បាន​ការថែទាំ និង​ការអប់រំ​ល្អប្រសើរ​ពី​មណ្ឌល​ថែទាំ​ផងដែរ​។

ប៉ុន្ដែ​ក្រសួង និង​អង្គការ​ពាក់ព័ន្ធ​បញ្ជាក់​ថា​៖ «​ការដាក់​កុមារ​នៅ​មណ្ឌល​ថែទាំ​ធ្វើ​ឲ្យ​កុមារ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​អំពើហិង្សា ការកេងប្រវ័ញ្ច និង​ការមិន​អើពើ​ដែល​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​កុមារ​»​។

ដោយ​មើលឃើញ​បញ្ហា​ខាងលើ​នេះ​ក្រសួង​សង្គមកិច្ច​បាន​គាំទ្រ​យុទ្ធសាស្ដ្រ​ប្រាស្រ័យ​ទាក់ទង​ដើម្បី​លុបបំបាត់​អំពើហិង្សា​លើ​កុមារ និង​ទប់ស្កាត់​ការបំបែក​កុមារ​ចេញ​ពី​គ្រួសារ​ដោយ​មិនចាំបាច់​នៅ​កម្ពុជា​ ឬ​ហៅថា (​យុទ្ធសាស្ដ្រ​ប្រាស្រ័យ​ទាក់ទង Cambodia PROTECT) ហើយ​យុទ្ធនាការ​គ្រួសារ​រឹងមាំ​គឺ​បង្កើតឡើង​ដោយ​ផ្អែកលើ​យុទ្ធសាស្ដ្រ Cambodia PROTECT នេះ​។

លោក​ វង សូត រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ថ្លែងថា​យុទ្ធសាស្ដ្រ​ប្រាស្រ័យ​ទាក់ទង​បាន​សហការ​រៀបចំ​ដោយ​ក្រសួង​សង្គមកិច្ច​ជាមួយ​យូនីសេហ្វ​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ដើម្បី​លុបបំបាត់​អំពើហិង្សា​លើ​កុមារ និង​ទប់ស្កាត់​ការបំបែក​កុមារ​ចេញ​ពី​គ្រួសារ​ដោយ​មិនចាំបាច់ និង​ធានា​ឲ្យ​ប្រជាជន​យល់​ដឹងថា បរិយាកាស​គ្រួសារ​មាន​សុវត្ថិភាព​គឺជា​ទីកន្លែង​ដ៏ល្អ​ប្រសើរ​បំផុត​សម្រាប់​កុមារ​លូតលាស់ និង​អភិវឌ្ឍ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​យុទ្ធនាការ​គ្រួសារ​រឹងមាំ សារ​អប់រំ​សំខាន់ៗ​នឹង​ផ្សព្វផ្សាយ​ទៅ​ដល់​ទូទាំង​ប្រទេស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ប្រព័ន្ធ​ឆ្លើយតប​តាម​បច្ចេកវិទ្យា ព័ត៌មានវិទ្យា សកម្មភាព​ផ្សព្វផ្សាយ​នៅតាម​សហគមន៍ និង​ការស្វែងរក​មតិ​គាំទ្រ​ជាដើម​។ យុទ្ធនាការ​នេះ​គឺ​ផ្ដោតលើ​កុមារ ឪពុកម្ដាយ អាណាព្យាបាល អ្នក​ថែទាំ​កុមារ ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ អ្នក​ផ្ដល់​សេវា អ្នក​ធ្វើ​គោលនយោបាយ អ្នក​ធ្វើការ​លើ​វិស័យ​យុត្ដិធម៌ និង​អ្នក​សារព័ត៌មាន​ជាដើម​»​។

លោកស្រី គ្រីស្លៀន ម៉ុនឌ័រតេ នាយិកាយូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា យុទ្ធនាការ​នេះ​គឺជា​ឱកាស​ដើម្បី​កៀរគរ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ឲ្យ​និយាយថា​ទេ​ចំពោះ​អំពើហិង្សា និង​ថែរក្សា​បរិស្ថាន​ឲ្យ​មាន​សុវត្ថិភាព និង​សុខភាព​ល្អ​សម្រាប់​កូនៗ និង​គ្រួសារ​របស់​ពួកគេ​។

លោកស្រី​បាន​ថ្លែងថា​៖ «​យើង​ត្រូវធ្វើ​យុទ្ធនាការ​នេះ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ក្រុមគ្រួសារ គ្រប់​សាលារៀន គ្រប់​សហគមន៍ គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​។ អំពើ​ហិង្សា​ប៉ះពាល់​យើង​គ្រប់​គ្នា​»៕