ភ្នំពេញៈ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​កំពុង​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​រាជធានី-ខេត្ត​អំពី​ការកំណត់​អត្តសញ្ញាណកម្ម​ជន​មាន​ពិការភាព ដោយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បណ្ដុះបណ្ដាល​បន្តទៅ​ដល់​មន្ដ្រី​នៅ​ឃុំ-សង្កាត់ ដើម្បី​ចុះ​ធ្វើ​អត្តសញ្ញាណកម្ម​ស្រង់​ទិន្នន័យ​ប្រជាពលរដ្ឋ​មាន​ពិការភាព​ឱ្យបាន​យ៉ាងយូរ​នៅ​ចុងឆ្នាំ​ ២០២១​។

លោក ​យៀប ​ម៉ាលីណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ​នៃ​ក្រសួង​សង្គមកិច្ច​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល​ថ្នាក់​រាជធានី-ខេត្ដ ដើម្បី​កំណត់​អត្តសញ្ញាណកម្ម​ប្រជាជន​មាន​ពិការភាព​នេះ​ធ្វើ​ឡើង​តាំងពី​ដើម​ខែ​តុលា​តាមរយៈ​កិច្ចសហការ​រវាង​ក្រសួង​សង្គមកិច្ច​ជាមួយ​អង្គការ UNICEF នៅ​កម្ពុជា​ដោយ​ទទួល​បាន​ការគាំទ្រ ថវិកា​ពី​សហគមន៍​អឺរ៉ុប​។

លោក​ថ្លែងថា​៖ «​ក្នុងនោះ​យើង​បាន​បណ្ដុះបណ្ដាល​គ្រូបង្គោល​ក្នុង​ខេត្ដ​សៀមរាប បន្ទាយមានជ័យ និង​ខេត្ដ​ឧត្ដរមានជ័យ​កាលពី​សប្ដាហ៍​មុន​»​។ បន្ទាប់មក​នៅ​ថ្ងៃទី ២១-២២ ​ខែតុលា​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​នៅក្នុង​ខេត្ដ​ចំនួន​ ៤ ទៀត​គឺ​ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម ហើយ​មន្ដ្រី​ដែល​បាន​ចូលរួម​ក្នុង​ការបណ្ដុះបណ្ដាល​មាន​សរុប​ជិត ២០០ ​នាក់​។

លោក ​ម៉ាលីណូ ឱ្យដឹងថា ការបណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​មន្ដ្រី​ថ្នាក់មូលដ្ឋាន​បាន​យល់ដឹង​ពី​ប្រភេទ​ និង​កម្រិត​ពិការភាព​ទៅតាម​ចំណុច​នីមួយៗ និង​យល់ដឹង​ពី​វិធីសាស្ដ្រ​ក្នុង​ការធ្វើ​សម្ភាសន៍ ការទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មាន​ពិការភាព ដើម្បី​ឱ្យ​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​ពួកគាត់​។

លោក​ថា​៖ «​យើង​បាន​បណ្ដុះបណ្ដាល​អំពី​ចំណេះដឹង​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​អេហ្វ​ (​កម្មវិធី​ទូរស័ព្ទ​ស្មាតហ្វូន​សម្រាប់​កំណត់​អត្តសញ្ញាណជន​មាន​ពិការភាព Disability Identification App)​។ មន្ដ្រី​នៅ​ថ្នាក់ឃុំ​អាច​ប្រើប្រាស់​ប្រព័ន្ធ​អេហ្វ​នេះ​ទាំង​មាន​បណ្ដាញ​អ៊ីនធឺណិត​ និង​គ្មាន​បណ្ដាញ​អ៊ីនធឺណិត ដើម្បី​ប្រមូល​ទិន្នន័យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ពិការ​ភាពចុះ​ក្នុង​បញ្ជី​បញ្ជូនមក​ថ្នាក់​ខេត្ដ និង​ថ្នាក់ជាតិ​»​។

បើ​តាម​លោក ​ម៉ាលីណូ បច្ចុប្បន្ន​កម្ពុជា​នៅ​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ចំនួន​ពលរដ្ឋ​ដែលមាន​ពិការភាព​ថ្មី​នៅឡើយ​ទេ​។ ប៉ុន្ដែ​តាមរយៈ​ទិន្នន័យ​អង្កេត​ប្រជាសាស្ដ្រ និង​សុខភាព (CDHS) ឆ្នាំ ២០១៤ កម្ពុជា​មាន​ជន​មាន​ពិការភាព​ប្រមាណ ៥២ ម៉ឺន​នាក់​។

លោក ម៉ាលីណូ បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ក្រសួង​សង្គមកិច្ច​នឹង​ធ្វើឱ្យ​បាន​ចប់​នៅត្រឹម​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២១ ហើយនឹង​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​ពលរដ្ឋ​មាន​ពិការភាព​ជា​បណ្ដើរៗ​។ ក្រសួង​សង្គមកិច្ច​សង្ឃឹមថា យ៉ាងយូរ​នៅ​ចុងឆ្នាំ​ ២០២១ ​នឹង​មាន​ទិន្នន័យ​ពលរដ្ឋ​មាន​ពិការភាព​ទូទាំង​ប្រទេស​។

លោក​ថ្លែងថា ប្រជាពលរដ្ឋ​មាន​ពិការភាព​កើតមាន​ឡើង​ជា​រៀងរាល់ថ្ងៃ​តាមរយៈ​គ្រោះថ្នាក់​ចរាចរណ៍ ជំងឺ​រ៉ាំរ៉ៃ​រួម​នឹង​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន​ផងដែរ ទោះបី​ជា​ចំនួន​គ្រោះថ្នាក់​នេះ​មាន​ការធ្លាក់ចុះ​ក៏ដោយ​។

លោក​ ស៊ុត វណ្ណា ប្រធានស្ដីទី មន្ទីរ​សង្គមកិច្ច ខេត្ដ​ស្ទឹងត្រែង​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុង​ខេត្ដ​ស្ទឹងត្រែង​មាន​ពលរដ្ឋ​មាន​ពិការភាព​ចំនួន​ ១ ១៥៨ ​នាក់​​ ហើយ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​កាលពី​ថ្ងៃទី​ ២១-២២ ខែតុលា​មន្ដ្រី​ជា​គ្រូបង្គោល​ក្នុង​ខេត្ដ​នេះ​ចំនួន ១៥ នាក់ ក៏​ទទួលបាន​ការបណ្ដុះបណ្ដាល​ដែរ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​វគ្គបណ្ដុះបណ្ដាល​នេះ គ្រូ​បង្គោល​ថ្នាក់​ខេត្ដ​នឹង​ទទួលបាន​ចំណេះដឹង​អំពី​ការកំណត់​អត្តសញ្ញាណកម្ម​ប្រជាពលរដ្ឋ​មាន​ពិការភាព ហើយ​ពួកគាត់​នឹង​យក​ទៅ​បណ្ដុះបណ្ដាល​បន្ត​ដល់​មន្ដ្រី​នៅ​តាម​ភូមិ ឃុំ​សម្រាប់ធ្វើ​ការប្រមូល​ទិន្នន័យ​ប្រជាពលរដ្ឋ​»​។

បើ​តាម​លោក​ វណ្ណា កន្លងមក​ការប្រមូល​ទិន្នន័យ​ពលរដ្ឋ​មាន​ពិការភាព ធ្វើឡើង​តាមរយៈ​ការកត់ត្រា​លើ​ក្រដាស​នាំ​ឱ្យ​មាន​ផលលំបាក​ប្រមូល​ព័ត៌មាន​មិនបាន​គ្រប់​ជ្រុងជ្រោយ និង​ចំណាយ​ថវិកា​ច្រើន​។ ដូច្នេះ​តាមរយៈ​ការអភិវឌ្ឍ​នូវ​កម្មវិធី​អេហ្វ​នេះ​អាចជួយ​បំពេញបន្ថែម និង​រកឃើញ​ពី​តម្រូវការ​ជាក់លាក់​របស់​ជន​មាន​ពិការភាព​។

លោក សួង ម៉េងឡុង រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច​ថ្លែង​ពេល​ធ្វើជា​អធិបតី​ពេល​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ដល់​មន្ដ្រី​មកពី​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​អំពី​ការកំណត់​អត្តសញ្ញាណកម្ម​ពិការភាព​នេះ​កាលពី​ថ្ងៃទី​ ២១ ខែតុលា នៅ​ខេត្ដ​ស្ទឹងត្រែង​ថា ការធ្វើ​អត្តសញ្ញាណកម្ម​ជន​មាន​ពិការភាព​តាម​គំរូ​សង្គម​នេះ ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​បងប្អូន​ដែល​មាន​ពិការភាព​ក្នុង​គ្រួសារ​ក្រីក្រ គ្មាន​ទីពឹង​។ ​

លោក​ថ្លែងថា​៖ «​ដើម្បី​ឆ្លើយតប​នឹង​ការងារ​នេះ មន្ត្រី​ដែល​ជា​ជន​បង្គោល​ទាំងអស់​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យបាន​ច្បាស់​នឹង​យក​ចំណេះដឹង​ទៅ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​តាម​ការចង់​បាន​របស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​»៕