ភ្នំពេញៈ ក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញថា សេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរៀបចំឡើងស្របទៅតាមរដ្ឋធម្មនុញ្ញ និងផែនការដទៃទៀត របស់រដ្ឋាភិបាល សម្រាប់ច្បាប់ប្រហាក់ប្រហែលគ្នានេះ។
សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដោយសារតែខ្វះតម្លាភាព និងមិនមានការពិគ្រោះយោបល់នៅក្នុងដំណើរការព្រាង។
សេចក្តីថ្លែងការណ៍បានសរសេរថា៖ «សេចក្តីព្រាងច្បាប់ ... គឺផ្អែកលើបទពិសោធ និងការអនុវត្ត ដូចបណ្តាប្រទេសនានាលើសកលលោក។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះក៏ត្រូវបានរៀបចំឡើងលើមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ និងលើមូលដ្ឋាននៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងសិទិ្ធនយោបាយ»។
សេចក្តីថ្លែងការណ៍នេះ បានគូសបញ្ជាក់ថា៖ «ដូច្នេះ ការព្រួយបារម្ភពីសំណាក់មជ្ឈដ្ឋានមួយចំនួនទាក់ទងនឹងការរឹតត្បិតសិទិ្ធសេរីភាពរបស់ប្រជាពលរដ្ឋ គឺមិនឆ្លុះបញ្ចាំងពីខ្លឹមសារពិតប្រាកដនៃសេចក្តីព្រាងច្បាប់នេះទេ»។
លោក តេក វណ្ណារ៉ា នាយកប្រតិបតិ្តនៃអង្គការវេទិកាអង្គការមិនមែនរដ្ឋាភិបាល បានថ្លែងថា រដ្ឋាភិបាលត្រូវផ្តល់ដំណើរការពិគ្រោះយោបល់ មុនពេលសេចក្តីព្រាងច្បាប់នេះត្រូវបញ្ជូនទៅរដ្ឋសភា។ លោកបានបន្ថែមថា៖ «ពួកគេត្រូវផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់ការពិគ្រោះយោបល់ បើមិនដូច្នោះទេ ច្បាប់នេះនឹងគ្មានន័យចំពោះប្រជាពលរដ្ឋឡើយ»។
លោកបានចោទសួរថា៖ «តើច្បាប់នេះនឹងប៉ះពាល់អ្នកណា? វានឹងប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងប្រជាពលរដ្ឋ។ ដូច្នេះយើងគួរត្រូវបានរដ្ឋាភិបាលពិគ្រោះយោបល់»៕ TK